ព័ត៌មានអន្ដរជាតិ
អាមេរិក មិនទាន់ទុកចិត្តវ៉េណេស៊ុយអេឡា ខណៈ Rodriguez នៅជិតស្និទ្ធគូប្រជែង ត្រាំ
ផ្អែកតាមរបាយការណ៍ចារកម្មអាមេរិកបានបង្កើនការសង្ស័យ និងមិនទុកចិត្តទៅលើប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា Delcy Rodriguez ដែលកំពុងសហការជាមួយរដ្ឋបាលត្រាំ ខណៈលោកស្រីមិនទាន់កាត់ផ្តាច់ទំនាក់ទំនងជាមួយគូសត្រូវអាមេរិកជាផ្លូវការ។ នេះបើយោងតាមប្រភពពី Reuters បានលើកឡើងកាលពីថ្ងៃទី២៧ ខែមករា។

មន្ត្រីអាមេរិកមួយរូបបាននិយាយជាសាធារណៈថា ពួកគេចង់ឲ្យប្រធានាធិបតីបណ្តោះអាសន្នរូបនេះ កាត់ផ្តាច់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអន្តរជាតិជិតស្និទ្ធដូចជាអ៊ីរ៉ង់ ចិន និងរុស្ស៊ី រួមទាំងការបណ្តេញអ្នកការទូត និងទីប្រឹក្សារបស់ពួកគេចេញពីប្រទេសវ៉េណេស៊ុយអេឡា។
ប៉ុន្តែលោកស្រី Rodriguez ដែលពិធីស្បថចូលកាន់តំណែងកាលពីដើមខែមករា បែរជាអញ្ញើញតំណាងនៃប្រទេសទាំងនោះឲ្យចូលរួមជាសាក្សី បើទោះជាមិនទាន់បានប្រកាសជាសាធារណៈអំពីសកម្មភាពរបស់ខ្លួនក៏ដោយ។ គាត់បានក្លាយជាប្រធានាធិបតី បន្ទាប់ពីអាមេរិកបានចាប់ខ្លួនអតីតប្រធានាធិបតី Nicolas Maduro កាលពីថ្ងៃទី ៣ ខែមករា។
របាយការណ៍ចារកម្មអះអាងបន្ថែមទៀតថា វាមិនច្បាស់ទេថា តើគាត់យល់ស្របទាំងស្រុងជាមួយយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងប្រទេសរបស់គាត់ឬអត់។ ជាក់ស្ដែង នាយក CIA លោក John Ratcliffe បានធ្វើដំណើរកាលពីថ្ងៃទី ១៥ ខែមករាទៅកាន់ទីក្រុង Caracas ដើម្បីពិភាក្សាអំពីអនាគតនយោបាយប្រទេសវ៉េណេស៊ុយអេឡា ជាមួយលោកស្រី Rodriguez។ យ៉ាងណា គេមិនអាចកំណត់ថា តើការសន្ទនាទាំងនោះបានផ្លាស់ប្តូរគំនិតរបស់ទីភ្នាក់ងារចារកម្មដែរឬទេ?
កន្លងមក ទីក្រុងវ៉ាស៊ីនតោនចង់ទប់ស្កាត់ឥទ្ធិពលសត្រូវរបស់ខ្លួននៅអឌ្ឍគោលខាងលិច រួមទាំងនៅទីក្រុង Caracas ដែលលោកត្រាំស្វែងរកការកេងប្រវ័ញ្ចទុនបម្រុងប្រេងដ៏ច្រើនក្នុងប្រទេសមួយនេះ។ បើលោកស្រី Rodriguez ផ្តាច់ទំនាក់ទំនងជាមួយគូប្រជែងអាមេរិក វានឹងបើកឱកាសកាន់តែច្រើនសម្រាប់ការវិនិយោគរបស់អាមេរិកនៅក្នុងវិស័យថាមពលវ៉េណេស៊ុយអេឡា។ ប៉ុន្តែការបរាជ័យក្នុងការគ្រប់គ្រងមេដឹកនាំវ៉េណេស៊ុយអេឡា អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់វ៉ាស៊ីនតោនក្នុងការដឹកនាំអ្នកគ្រប់គ្រងបណ្តោះអាសន្ន និងចៀសវាងតួនាទីយោធាកាន់តែជ្រៅរបស់អាមេរិក។
សម្រាប់វ៉េណេស៊ុយអេឡា ការណែនាំរបស់អាមេរិកមានន័យថា ការបោះបង់ចោលសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួននៅខាងក្រៅតំបន់។ កន្លងមក អ៊ីរ៉ង់បានជួយទីក្រុង Caracas តាមរយៈការជួសជុលរោងចក្រចម្រាញ់ប្រេង ខណៈដែលចិនបានយកប្រេងជាការសងបំណុល។ ចំណែក រុស្ស៊ីបានផ្គត់ផ្គង់អាវុធ រួមទាំងមីស៊ីល ដល់យោធាវ៉េណេស៊ុយអេឡា។
លោកត្រាំក៏បានលើកឡើងពីប្រទេសគុយបាដឹកនាំដោយកុម្មុយនិស្តថា ជាសត្រូវមួយទៀតរបស់អាមេរិក ដែលគាត់ចង់ឲ្យវ៉េណេស៊ុយអេឡាបោះបង់ចោល។ ទីក្រុងហាវ៉ាណាបានផ្តល់ការគាំទ្រផ្នែកសន្តិសុខ និងចារកម្ម ដោយជួសមកវិញនូវប្រេងក្នុងអត្រាទាប។
ចាប់តាំងពីលោក Maduro ត្រូវបានបណ្តេញចេញ លោកស្រី Rodriguez ដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយវិស័យប្រេងមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពប្រទេស បានចាត់វិធានការដើម្បីរក្សាការគាំទ្រជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងការដោះលែងអ្នកទោសនយោបាយ និងអនុញ្ញាតឲ្យលក់ប្រេងចំនួន ៣០ លានទៅ ៥០លានបារ៉ែលទៅឲ្យអាមេរិក។
ដ្បិតថាយ៉ាងនេះក្ដី នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យ លោកស្រី Delcy Rodríguez បានប្រកាសជាសាធារណៈថា លោកស្រី «ឆ្អែតឆ្អន់» ហើយចំពោះការជ្រៀតជ្រែកបន្តទៀតពីទីក្រុងវ៉ាស៊ីនតោន ដោយអះអាងថា ប្រទេសជាតិត្រូវតែដោះស្រាយជម្លោះនយោបាយផ្ទៃក្នុងដោយខ្លួនឯង ដោយមិនចាំបាច់មានការបង្គាប់បញ្ជាពីបរទេសទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ប្រាប់ថា «ឆ្អែតឆ្អន់»ហើយ នឹងបង្គាប់បញ្ជាពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


