Connect with us

ព័ត៌មានអន្ដរជាតិ

លោក Andy Burnham ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួស​លោក Starmer

បានផុស

នៅ

លោក Andy Burnham នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ជាផ្លូវការ​ នៅថ្ងៃចន្ទ ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៦ នេះ ដោយជំនួសតំណែងរបស់​លោក Sir Keir Starmer។ នេះ​បើ​តាម​ការ​ចុះផ្សាយរបស់​សារព័ត៌មាន BBC។

លោក Andy Burnham (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរការផ្ទេរអំណាចនេះ លោក Starmer នឹង​​ថ្លែងសុន្ទរកថាចុងក្រោយ មុនពេលលោក និងលោក Burnham ចូលគាល់ព្រះមហាក្សត្រ Charles នៅរាជវាំង Buckingham ដើម្បីបំពេញនីតិវិធីផ្លូវច្បាប់។

សម្រាប់​ការថ្លែងសុន្ទរកថាដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Burnham ត្រូវគេ​រំពឹង​ថា​នឹង​​សង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្ថិរភាពនយោបាយ និងការស្តារទំនុកចិត្តពីសាធារណជន បន្ទាប់ពីអង់គ្លេស បាន​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រីដល់ទៅ៧រូប ក្នុងរយៈពេលត្រឹម​តែ​មួយទសវត្សរ៍​ប៉ុណ្ណោះ​។ លោកធ្លាប់​បានសន្យាផ្តល់ «ភាពធូរស្រាល» ដល់គ្រួសារដែលកំពុងជួបការលំបាក ដោយសារវិបត្តិថ្លៃដើមជីវភាពរស់នៅ។ ក្នុងចំណោមគោលនយោបាយដំបូង លោកបានប្រកាសលុបចោលកម្មវិធីអត្តសញ្ញាណប័ណ្ណឌីជីថល (Digital ID) ដែលជាគម្រោងរបស់លោក Starmer ដើម្បីបង្វែរថវិកាទៅសម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋវិញ។

ជុំវិញបញ្ហាថាមពល មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលថ្មីអាចនឹងពិចារណាលើការបើកសិទ្ធិខួងយកប្រេង និងឧស្ម័នបន្ថែមនៅសមុទ្រខាងជើង ដើម្បីដោះស្រាយ​បញ្ហា​ថ្លៃ​ថាមពល ដែលការណ៍នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ក្រៅពីនេះ លោក Burnham នឹង​ត្រូវ​ប្រឈមមុខនឹងបញ្ហាធំៗមួយចំនួនទៀត រួមមាន ការសម្រេចចិត្តលើការធ្វើជាតូបនីយកម្មបណ្តោះអាសន្នលើក្រុមហ៊ុនទឹកស្អាត Thames Water ដែលកំពុងជំពាក់​បំណុលរាប់សិបពាន់លានផោន ក៏ដូចជា ការកែទម្រង់ប្រព័ន្ធថែទាំសង្គម ដែលជាកិច្ចការអាទិភាពមួយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម