ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញភស្តុតាងច្បាស់ៗការប៉ុនប៉ងរបស់ អាមេរិក ក្នុងការជ្រៀតជ្រែកកិច្ចការនៅ ហុងកុង
ក្រសួងការបរទេសចិនបានបង្ហាញនូវសន្លឹកការពិតមួយដែលជាបញ្ជីនៃការប៉ុនប៉ងទាំងអស់ របស់អាមេរិកដើម្បីជ្រៀតជ្រែកកិច្ចការហុងកុង និងគាំទ្រធ្វើឲ្យអស្ថិរភាពប្រឆាំងចិន ។

ក្រសួងការបរទេសអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមធ្វើឲ្យអស្ថិរភាពនៅហុងកុង និងរារាំងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីបញ្ឈប់អំពើហិង្សា និងស្តារច្បាប់ និងសណ្តាប់ធ្នាប់ឡើងវិញនៅលើកោះនេះ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់វិបុលភាព និងស្ថិរភាពរបស់កោះនេះផងដែរ ។
នៅក្នុងបញ្ជីដែលមានករណីជាង ១០០ ក្រសួងការបរទេសនិយាយលម្អិតអំពីរាល់សកម្មភាព និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអ្នកនយោបាយ ប្រធានាធិបតី និងតំណាងរាស្រ្តអាមេរិកថា តាមទស្សនៈរបស់ទីក្រុងប៉េកាំងបានគំរាមកំហែងដល់សន្តិសុខរបស់ចិន ហើយអាចត្រូវបានគេមើលឃើញថាជាការជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។

ក្នុងចំណោមករណីដែលបានចុះបញ្ជីនោះរួមមាន ការដាក់ទណ្ឌកម្មជាច្រើនដោយអាមេរិកទៅលើមន្រ្តី និងអង្គភាពនៅហុងកុង និងចិន ការរឹបអូសឧបករណ៍មួយចំនួនដូចជា ឧបករណ៍ប៉ូលិស និងការឃុបឃិតជាមួយក្រុមដែលប្រឆាំងចិន ។ បញ្ជីនេះក៏បង្ហាញពីច្បាប់មួយចំនួនដែលអនុម័តដោយសភាអាមេរិក និងចុះហត្ថលេខាដោយប្រធានាធិបតីដែលផ្តោតលើប្រទេសចិន ឬជាពិសេសកោះនេះតែម្ដង ។

ទន្ទឹមនោះរដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានរិះគន់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដែលបានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយក្នុងស្រុក ដូចជា ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនៅហុងកុងដែលធ្វើឡើងដោយសភាប្រជាជនចិននៅខែមីនា ឆ្នាំ ២០២០ ។ បញ្ជីនោះក៏បានបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោននៅរដូវក្តៅឆ្នាំមុន ដែលសំដៅលុបបំបាត់ឋានៈអនុគ្រោះពាណិជ្ជកម្មរបស់ហុងកុងជាមួយសហរដ្ឋអាមេរិក ហើយត្រូវបានគេចោទប្រកាន់ថា បានអនុវត្តជាមធ្យោបាយរារាំងក្រុងប៉េកាំងក្នុងការណែនាំបទបញ្ជាថ្មីនៅលើកោះនេះ ។

បន្ថែមពីនេះ ក្រសួងការបរទេសក៏បានថ្កោលទោសយ៉ាងដាច់ខាតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលបានសហការជាមួយអង្គភាពនានាប្រឆាំងនឹងទីក្រុងប៉េកាំង និងផ្តល់ឲ្យពួកគេនូវវេទិកាដើម្បី “គាំទ្រឯករាជ្យភាពហុងកុង” និងផ្សព្វផ្សាយព័ត៌មានមិនពិតផ្នែកនយោបាយ ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចជាច្រើនទៀតបានបង្កើនសម្ពាធនយោបាយ និងពេលខ្លះសេដ្ឋកិច្ចលើប្រទេសចិន បន្ទាប់ពីការតវ៉ាឆ្នាំ ២០១៩ នៅទីក្រុងហុងកុងជុំវិញវិក័យប័ត្រធ្វើបត្យាប័នដែលត្រូវបានលុបចោល ។ មហាអំណាចបរទេសបានចោទប្រកាន់ទីក្រុងប៉េកាំងពីបទរំលោភលើការសន្យារបស់ខ្លួន ក្នុងការការពារស្វ័យភាពមួយកម្រិតសម្រាប់កោះនេះ និងការរំលោភសិទ្ធិមនុស្សទាំងនៅហុងកុងក្នុងការបង្ក្រាបការតវ៉ា និងនៅផ្នែកផ្សេងទៀតនៃប្រទេស ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលចិនបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ ហើយបានព្រមានបណ្តាប្រទេសលោកខាងលិចកុំឲ្យធ្វើសេចក្តីថ្លែងការណ៍បែបនេះនាពេលអនាគត ដោយប្រដូចថា ពួកគេគឺជាការជ្រៀតជ្រែកខុសច្បាប់ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយោងទៅតាមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ១០ ចំណុចខ្លឹមៗពីសុន្ទរកថារបស់លោក ស៊ី ជីងពីង ទៅកាន់មហាសន្និបាត UN
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


