Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោកខាងលិច កំពុងបាញ់បំបែកក្បាលខ្លួនឯង ផ្ទុយស្រឡះពី ចិន

បានផុស

នៅ

ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធទី១៥ខែមិថុនាថា លោកខាងលិចកំពុងបាញ់បំបែកក្បាលខ្លួនឯង ដោយសារតែការព្យាយាមដាក់កំហិតការនាំចូលថាមពលប្រេងនិងឧស្ម័ន ពីតំបន់ស៊ីបេរី ផ្ទុយស្រឡះទៅនឹងប្រទេសចិន ដែលបានបង្កើនការចែកចាយថាមពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង

សង្រ្គាមនៅអ៊ុយក្រែន និងការប៉ុនប៉ងរបស់បស្ចិមប្រទេស ដើម្បីដាក់រុស្ស៊ីឲ្យនៅឯកោ បានរុញឲ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ជី និងថាមពល កើនឡើងយ៉ាងគំហុក ខណៈពេលដែលអឺរ៉ុបបានប្តេជ្ញាកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីជាមួយចិន បានទប់ទល់នឹងការប៉ុនប៉ងរបស់បស្ចិមប្រទេស ក្នុងការសាបព្រួសជម្លោះ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានបំផ្លាញទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងមូស្គូ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

យោងតាមលោកស្រី Zakharova, ធនធានការទូតរបស់រុស្ស៊ី បានបង្វែរទិសដៅរួចទៅហើយពីអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ទៅកាន់ទ្វីបអាស៊ី អាហ្វ្រិក និងបណ្តាប្រទេសជាអតីតសហភាពសូវៀត។

លោកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មានថា “ការផ្គត់ផ្គង់ថាមពលកំពុងកើនឡើងជាលំដាប់។ ប្រទេសចិន ដឹងពីអ្វីដែលខ្លួនចង់បាន ហើយមិនបាញ់បំបាក់ជើងខ្លួនឯងឡើយ ចំណែកលោកខាងលិច កំពុងបាញ់បំបែកក្បាលខ្លួនឯង។ លោកខាងលិចបានផ្តាច់ខ្លួនចេញពីយើង”។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី បានស្តីបន្ទោសសហភាពអឺរ៉ុបថា ជាអ្នករៀបចំផែនការធ្វើអត្តឃាត ដោយព្យាយាមផ្តាច់ខ្លួនចេញពីថាមពលរបស់រុស្ស៊ី ដែលបានផ្គត់ផ្គង់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីសង្រ្គាមត្រជាក់មក។

រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងធំលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំជាងគេលើពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក ស៊ី ប្រាប់លោក ពូទីន ថា ចិននឹងបន្តគាំទ្ររុស្ស៊ី លើ បញ្ហាអធិបតេយ្យភាព និងសន្តិសុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម