ព័ត៌មានអន្ដរជាតិ
សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការវាយប្រហារសម្លាប់ទាហាន លីបង់
សង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សា អាចនឹងមានភាគីទី ៣ លូកដៃចូលរួម បន្ទាប់ពីកងកម្លាំងអីស្រាអែលបើកការបាញ់ផ្លោងទៅលើព្រំដែនភាគខាងត្បូងប្រទេសលីបង់ដោយបានសម្លាប់ទាហានម្នាក់ និង ៣ នាក់ផ្សេងទៀតរងរបួស ។
ទាហានលីបង់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា នេះគឺជាការស្លាប់លើកដំបូងហើយរបស់កងទ័ពលីបង់ ដោយសារការបាញ់ផ្លោងស្រោចដូចទឹកភ្លៀងរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីក្រោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសទៅលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ។
ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានលីបង់ NNA បានរាយការណ៍ថា ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារនោះមក តំបន់ជុំវិញទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងទីក្រុង Shihin al-Jubin ក្នុងតំបន់ Tire ក៏កំពុងក្លាយជាផ្ទាំងស៊ីបនៃការបាញ់ស្រោចកាំភ្លើងធំពីសំណាក់កងទ័ពអ៊ីស្រាអែលផងដែរ ។
បន្ថែមពីនេះ យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានវាយប្រហារយ៉ាងសន្ធាប់ទៅលើជាយក្រុង Aita al-Shaab ហើយថែមទាំងទម្លាក់គ្រាប់បែកលើទីវាលក្នុងទីក្រុង Alma al-Shaab និងទីក្រុង Marwahin ផងដែរ ខណៈស្របពេលជាមួយគ្នានោះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក៏រាលទៅដល់តំបន់ Labouna ភាគខាងកើតទីក្រុង Naqoura ។
ដោយមិនបង្អង់យូរ ក្រុមហេសបូឡារបស់ប្រទេសលីបង់បានបើកការវាយប្រហារទៅលើទីតាំងយោធាអ៊ីស្រាអែលចំនួន ៤ កន្លែង រួមទាំងទីតាំងឈរជើងរបស់ទាហានអ៊ីស្រាអែលនៅជិតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ហើយថែមទាំងបានបញ្ជាក់ទៀតថា ការវាយប្រហារនោះបានសម្លាប់ និងបង្ករបួសទៅដល់ទាហានផងដែរ ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។
ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ។
រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ១៧,៤០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ហើយក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


