Connect with us

ព័ត៌មានអន្ដរជាតិ

៣ ឆ្នាំនៃរដ្ឋប្រហារយោធា លោក Min Aung Hlaing កាច់ចង្កូតនាវា មីយ៉ាន់ម៉ា ធ្លាក់ជ្រោះកាន់តែជ្រៅ

បានផុស

នៅ

រយៈពេល ៣ ឆ្នាំទៅហើយដែលប្រទេសមីយ៉ាន់ម៉ាធ្លាក់ក្នុងរបបសឹកជាថ្មីតាមរយៈរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ សង្គ្រាមស៊ីវិល ក៏ដូចជាការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសក៏មិនទាន់ផុតរលត់ទៅណានោះដែរ ពោលមានតែក្ដៅឡើងៗ ស្របពេលដែលផ្នែកខ្លះក៏ត្រូវបានបំផ្លិចបំផ្លាញទៅទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិតណាស់ ទោះចាយពេល ៣៦ ខែហើយក៏ដោយ ប៉ុន្តែរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅតែមានការរៀបជើងព្រួល ជាពិសេសបានចាត់វិធានការចាស់ដៃលើលោកស្រី អ៊ុងសាន ស៊ូជី តាមរយៈការកាត់ទោសឲ្យបន្តជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំនៅក្នុងរឿងអាស្រូវរាប់មិនអស់ ចាប់តាំងពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់រឹតត្បិតជំងឺកូវីដ ១៩ ហើយបើតាមមើលទៅប្រហែលជាគ្មានផ្លូវដែលម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៩ ឆ្នាំរូបនេះអាចវិលត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយបានវិញនោះឡើយ ។

របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីតម្រូវការមនុស្សធម៌របស់មីយ៉ាន់ម៉ាបាននិយាយកាលពីខែធ្នូ ឆ្នាំ២០២៣ ថា ពីមួយឆ្នាំទៅមួយឆ្នាំនាវាមីយ៉ាន់ម៉ាតែងតែស្ថិតនៅមាត់ជ្រោះនៃវិបត្តិមនុស្សធម៌ ។ ចំនួនប្រជាជនប្រមាណ ១ ភាគ ៣ ឬប្រហែល ១៨ លាននាក់គឺកំពុងស្រេកឃ្លានជំនួយមនុស្សធម៌ និង ២.៣ លាននាក់ផ្លាស់ផ្ទះសម្បែង និងចង់រត់ភៀសខ្លួនចេញពីប្រទេស ខណៈបញ្ហាទាំងអស់នេះបានដាក់បន្ទុកឲ្យមេដឹកនាំលោក Min Aung Hlaing ចុះចេញពីតំណែង ព្រោះតែស្ថានភាពក្នុងប្រទេសកាន់តែត្រដាបត្រដួស ។

ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធបងប្អូន ៣ នាក់មិនបានទុកឲ្យមេរដ្ឋប្រហារលោក Min Aung Hlaing ជិះសេះលែងដៃនោះទេ ពោលពួកគេចាប់ផ្ដើមកាន់អាវុធតតាំង និងបើកប្រតិបត្តិការវាយប្រហារ “Operation 1027” ប្រឆាំងនឹងរដ្ឋាភិបាលយោធា ហើយជាលទ្ធផលទាហានទាំងនោះបានបាក់ទ័ពជាបណ្ដើរៗហើយ ខណៈយន្តហោះចម្បាំងរបស់យោធាត្រូវបានបាញ់ទម្លាក់ ហើយទាហានជិត ២,៤០០ នាក់នៅក្នុងទីក្រុងដែលជាប់នឹងប្រទេសចិននៅភាគខាងជើង និងភាគខាងត្បូងរដ្ឋ Shan ត្រូវបង្ខំចិត្តទម្លាក់អាវុធសុំចុះចាញ់ និងរត់ប្រាស់អាយុទៅកាន់ប្រទេសជិតខាងដូចជា ឥណ្ឌាជាដើម ។

នេះគឺជាសញ្ញាបាក់ធ្មុងជាបណ្ដើរៗក្រោមការកាច់ចង្កូតនាវាមីយ៉ាន់ម៉ារបស់លោក Min Aung Hlaing ខណៈរាប់ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ រហូតមកដល់ពេលនេះ កងកម្លាំងរបស់រដ្ឋាភិបាលយោធាបានបាត់បង់បន្ទាយទ័ពជិត ៥០០ និងទីក្រុងសំខាន់ៗជាង ៣០ ដោយសារតែចលនាតស៊ូប្រដាប់អាវុធរបស់ក្រុមស្នេហាជាតិ ។

ចាប់តាំងពីឡើងកាន់អំណាចមក លោក Min Aung Hlaing បាននិយាយជាសាធារណៈថា ក្ដីសុបិនរបស់លោកគឺចង់ប្រែក្លាយកងទ័ពមីយ៉ាន់ម៉ាទៅជាស្តង់ដារមួយ ប៉ុន្តែពាក្យសម្ដីទាំងនោះកំពុងតែដើរបញ្ច្រាសទិស ពោលក្រុមចលនាតស៊ូបានបែរកាណុងកាំភ្លើង និងប្រើប្រាស់យន្តហោះគ្មានមនុស្សបាញ់សន្ធាប់ដាក់កម្លាំងទ័ពអាកាសរបស់មីយ៉ាន់ម៉ាទៅវិញ ហើយសូម្បីតែបក្ខពួកអ្នកគាំទ្រយោធាក៏បានអំពាវនាវជាសាធារណៈឲ្យមេរដ្ឋប្រហាររូបនេះចុះចេញពីតំណែងផងដែរ ។

ស្របពេលជាមួយគ្នានេះ សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាក៏ស្ទើរតែហៅលែងឮផងដែរ បើទោះបីជាលោក Min Aung Hlaing ប្ដេជ្ញានឹងផ្តល់អាទិភាពដល់សន្តិសុខស្បៀងអាហារក្នុងប្រទេស ធ្វើទំនើបកម្មឧស្សាហកម្មកសិកម្ម ជំរុញការនាំចេញផលិតផលក្នុងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធានាការផ្គត់ផ្គង់ប្រេងចម្អិនក្នុងស្រុកឲ្យបានគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែរយៈពេល ១៤៤ សប្ដាហ៍មកនេះ គ្មានផែនការណាមួយសម្រេចចេញជាផ្លែផ្កានោះឡើយ ។

អ្វីដែលកាន់តែអាក្រក់ទៅៗកើតចេញពីភ្លើងសង្គ្រាមនេះទៀតនោះ គឺទិន្នផល​កសិកម្ម​បានដាំក្បាល​ចុះក្រោម ដោយសារមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ វិនិយោគិនបរទេសអស់សេចក្ដីទុកចិត្តដកខ្លួនចេញឆ្ងាយ តម្លៃស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងទៀតដូចជាថ្នាំពេទ្យ និងប្រេងឥន្ធនៈបានងើបថ្លៃ អតិផរណាហក់ឡើងខ្ពស់ ប្រាក់ដុល្លារធ្លាក់ចុះ ហើយតម្លៃផលិតកម្មកើនឡើងទ្វេដង ក៏ព្រោះតែរោងចក្រទាំងប៉ុន្មានប្រើម៉ាស៊ីនចាក់ម៉ាស៊ូត ។

ទន្ទឹមនោះ តំបន់ឧស្សាហកម្មនៅក្នុងរដ្ឋធានីពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាគឺទីក្រុងយ៉ាំងហ្គោន និងក្នុងតំបន់ផ្សេងទៀតរបស់ប្រទេស គ្មានថ្ងៃណាដែលមិនដាច់ភ្លើងនោះទេ ដោយសារតែការផ្គត់ផ្គង់អគ្គិសនីក្រោមរដ្ឋាភិបាលរបស់លោក Min Aung Hlaing មិនមានសមត្ថភាពគ្រប់គ្រាប់សម្រាប់ការផលិត ហើយក្នុងរយៈពេល ៣ ឆ្នាំមកនេះ ទិដ្ឋភាពប្រជាពលរដ្ឋដែលតម្រង់ជួរបន្តកន្ទុយគ្នាចាំចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ និងរង់ចាំទិញប្រេងដើម្បីចម្អិនអាហារបានក្លាយជារឿងធម្មតាថ្នឹកនឹងភ្នែកអន្តរជាតិទៅហើយ ។

មិនត្រឹមតែដឹកនាំឲ្យកម្លាំងទ័ពបាក់ស្បាត និងត្រដាបត្រដួសផ្នែកសេដ្ឋកិច្ចនោះឡើយ លោក Min Aung Hlaing ក៏បានកាច់ចង្កូតនាវាមីយ៉ាន់ម៉ារេចូលជ្រោះកាន់តែជ្រៅផងដែរលើផ្នែកការទូត ។ ក្នុង​ចំណោម​របប​សឹក​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​មីយ៉ាន់ម៉ា មានតែអាណត្តិមេរដ្ឋប្រហារឆ្នាំ២០២១ រូបនេះប៉ុណ្ណោះ ​គឺជាសម័យកាលដ៏ឯកាបំផុត ។

មេដឹកនាំផ្ដាច់ការដំបូងបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាគឺលោក Ne Win បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចិន និងអឺរ៉ុប ខណៈលោក Than Shwe ក៏បានហោះទៅកាន់ចិន និងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ ប៉ុន្តែខុសគេតែលោក Min Aung Hlaing អាចជាន់បានតែដី​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះក្នុងរយៈពេល ៣ ​ឆ្នាំ​កន្លង​ទៅនេះ ។

ចាប់តាំងដឹកនាំរដ្ឋប្រហារមក លោក Min Aung Hlaing ត្រូវបានបដិសេធមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានជាហូរហែ ដោយសារតែមេដឹកនាំមីយ៉ាន់ម៉ារូបនេះមិនស្ដាប់តាម ក៏ដូចជាអនុលោមតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់ប្លុកអាស៊ានដែលអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ចំពោះអរិភាព និងបើកចិត្តចរចារកសន្តិភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ។

បន្ថែមពីនេះ ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានបន្ទាបទំនាក់ទំនងការទូតរបស់ពួកគេជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ ហើយសូម្បីតែរុស្ស៊ី និងប្រទេសអាស៊ានមួយចំនួនក៏បានសម្រេចមិនតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសមីយ៉ាន់ម៉ាផងដែរ ស្របពេលដែលនៅខែសីហា ឆ្នាំ ២០២៣ រដ្ឋាភិបាលយោធាបានបណ្តេញភារធារីទីម័រខាងកើតចេញពីទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីលោកប្រធានាធិប Jose Ramos-Horta ប្រកាសជាសាធារណៈពីការគាំទ្រចំពោះរដ្ឋាភិបាលរួបរួមជាតិ ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ខណៈកាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ លោក Min Aung Hlaing  ក៏បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកទី ៥ រយៈពេល ៦ ខែទៀតផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ តុលាការ មីយ៉ាន់ម៉ា ចេញបញ្ជាឲ្យដាក់លក់ផ្ទះវីឡាលោកស្រី អ៊ុងសាន ស៊ូជី តម្លៃចាប់ពី ៩០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម