ព័ត៌មានអន្ដរជាតិ
ចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យសំខាន់ៗចំនួន ៦
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេសនឹងធ្វើការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាក្នុងការកសាងសហគមន៍ ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ Xinhua នៅថ្ងៃទី២២ ខែមេសានេះ ។

ថ្លែងក្នុងកិច្ចពិភាក្សាជាមួយនឹងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃអាទិត្យ, លោក វ៉ាង យី បានកត់សម្គាល់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នាជាយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៦ គឺ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជាដើម្បីធ្វើឲ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការ ពង្រឹងមូលដ្ឋានគ្រឹះនៃផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាជំរុញការអភិវឌ្ឍន៍កាន់តែធំក្នុងការកសាងសហគមន៍ ចិន-កម្ពុជា ហើយភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការរួបរួម និងកិច្ចសហប្រតិបត្តិការ ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងពង្រឹងការសម្របសម្រួល ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគីជាដើម ។
លោក វ៉ាង យី ដែលក៏ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះបានលើកឡើងទៀតថា ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ ប្រទេសចិន និងកម្ពុជាគួរតែពង្រឹងគោលដៅជាយុទ្ធសាស្ត្រកម្រិតខ្ពស់ និងស្ដង់ដា ក៏ដូចជាដឹកនាំការកសាងសហគមន៍ ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងទិសដៅត្រឹមត្រូវ ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់បន្ថែមថា ចិន និងកម្ពុជាគួរតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដូចជាល្បែងស៊ីសងតាមអនឡាញ ការបោកប្រាស់តាមអ៊ីនធឺណិត និងការជួញដូរមនុស្ស ក៏ដូចជាលុបបំបាត់ឲ្យបាននូវឧក្រិដ្ឋជនពាក់ព័ន្ធ ជាពិសេសរួមគ្នាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនង ចិន-អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការទន្លេ ឡានឆាង-មេគង្គ និងដឹកនាំកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាក្នុងទិសដៅត្រឹមត្រូវ ។
គួរបញ្ជាក់ថា លោក វ៉ាង យី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃអាទិត្យ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ខណៈក្នុងដំណើរទស្សនកិច្ចនេះទៀតសោត លោករដ្ឋមន្ត្រីនឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


