ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! ណាតូមួយប្រទេស បើកដៃឲ្យអ៊ុយក្រែន យក F-16 វាយប្រហារទឹកដី រុស្ស៊ី
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃចន្ទទី៣ខែមិថុនា, ប្រទេសហូឡង់ ដែលជាសមាជិកណាតូ បានអនុញ្ញាតឲ្យកងទ័ពអាកាសអ៊ុយក្រែន ប្រើយន្តហោះចម្បាំង F-16 ដែលខ្លួននឹងប្រគល់ឲ្យចំនួន២៤គ្រឿង បើកការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដែលទង្វើនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែក្តៅគគុក។

រឿងនេះ ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Politico កាលពីចុងសប្តាហ៍ ដោយលោកស្រីនិយាយថា ហូឡង់ គ្មានការរឹតបន្តឹងដូចបែលហ្ស៊ិក ដែលមិនឲ្យទីក្រុងកៀវ បើកយន្តហោះ F-16 ផ្តល់ដោយទីក្រុងព្រុចសែល ហោះចូលដែនអាកាសរុស្ស៊ីនោះទេ។
លោកស្រី Ollengren គឺស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់នានា ដែលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងអំឡុងពេលកិច្ចសន្ទនា Shangri-la នៅប្រទេសសិង្ហបុរី។

លោកស្រីនិយាយថា “យើងកំពុងអនុវត្តគោលការណ៍តែមួយ ដូចដែលយើងបានអនុវត្តចំពោះរាល់គ្រឿងសឹកផ្សេងៗដែលយើងផ្តល់ឲ្យអ៊ុយក្រែន។ វាជាសិទ្ធិរបស់ពួកគេក្នុងការប្រើប្រាស់។ យើងគ្រាន់តែសុំឲ្យពួកគេគោរពតាមច្បាប់អន្តរជាតិ និងសិទ្ធិការពារខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលថា ពួកគេប្រើវាដើម្បីកំណត់គោលដៅយោធាប៉ុណ្ណោះ។
សេចក្តីប្រកាសរបស់ហូឡង់ កើតឡើងត្រឹមប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ីនៅជិតតំបន់ Kharkiv។

ច្បាស់ណាស់ ទង្វើបែបនេះ ប្រាកដជាធ្វើឲ្យទីក្រុងមូស្គូក្តៅស្លឹកត្រចៀក ជាក់ស្តែងលោក Andrei Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ី បានចេញមុខគំរាមថា ទីក្រុងមូស្គូនឹងសងសឹកចាស់ដៃ បើអ៊ុយក្រែន ហ៊ានប្រើអាវុធដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន យកមកបាញ់ចូលដីរុស្ស៊ីមែន។
ចំណែក មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់ លោក Dmitry Medvedev ក៏និយាយដែរថា រុស្ស៊ីមិនងាករេឡើយ នៅពេលនិយាយអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រឆាំងនឹងអ៊ុយក្រែន ហើយថា ជម្លោះរបស់ខ្លួនជាមួយលោកខាងលិចអាចក្លាយជាសង្គ្រាមទ្រង់ទ្រាយធំតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


