Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋីជប៉ុន ប្រកាសជ្រើសរើសមនុស្ស៨នាក់ ជិះយានអវកាស រួមដំណើរទៅភពព្រះចន្ទ

បានផុស

នៅ

កាលពីថ្ងៃអង្គារ មហាសេដ្ឋីជនជាតិជប៉ុនលោក Yusaku Maezawa បានប្រកាសឲ្យសាធារណជន ដាក់ពាក្យសុំជិះយានអវកាស Starship របស់ក្រុមហ៊ុន SpaceX ក្នុងបេសកកម្មឯកជនរបស់គាត់ ធ្វើដំណើរជុំវិញភពព្រះចន្ទ។

ការប្រកាសនេះត្រូវបានគេមើលឃើញថា មានភាពទូលំទូលាយខុសកាលពី២ឆ្នាំមុន បន្ទាប់ពីលោកបានប្រកាសថា គាត់នឹងជិះយានជាមួយតែក្រុមសិល្បករប៉ុណ្ណោះ។ ដំណើរនេះ បច្ចុប្ប​ន្នគ្រោងធ្វើឡើងនៅឆ្នាំ២០២៣ ប៉ុន្តែកាលបរិច្ឆេទនោះប្រហែលជាមានការប្រែប្រួល។

លោក Maezawa បាននិយាយនៅក្នុងវីដេអូមួយ ដែលបង្ហោះកាលពីរសៀលថ្ងៃអង្គារថា “ខ្ញុំចង់ឲ្យប្រជាជនមកពីគ្រប់មជ្ឈដ្ឋានចូលរួម។ វានឹងមានពី១០ទៅ១២នាក់ តែខ្ញុំនឹងអញ្ជើញមនុស្សតែ៨នាក់ប៉ុណ្ណោះឲ្យជិះយានអវកាសនេះ”។

នៅក្នុងវីដេអូ YouTube លោក Maezawa បាននិយាយថា ផែនការបានវិវត្តហើយ។ លោកបន្ថែមថា “ប្រហែលជាមនុស្សម្នាក់ៗកំពុងធ្វើអ្វីដែលច្នៃប្រឌិត ហើយអាចហៅថាជាសិល្បករបាន”។

លោកបន្ថែម “ឥឡូវនេះអ្នកណាដែលបំពេញតាមលក្ខខណ្ឌចំនួនពីរបាន នឹងអាចត្រូវបានជ្រើសរើសសម្រាប់ការជិះ។ មួយ អ្នកដែលអាចជួយមនុស្សផ្សេងទៀតនិងសង្គមកាន់តែច្រើនតាមមធ្យោបាយណាមួយ និងពីរ អ្នកដែលមានឆន្ទៈក្នុងការគាំទ្រសមាជិកនាវិកដទៃទៀត ដែលមានសេចក្តីប្រាថ្នាស្រដៀងគ្នា”។

ពេលវេលាកំណត់នៃការដាក់ពាក្យ សម្រាប់ដំណើរនេះ តម្រូវឲ្យមានការចុះឈ្មោះជាមុនក្នុងគេហទំព័ររបស់លោក Maezawa ត្រឹមថ្ងៃទី១៤ខែមីនា ខណៈការពិនិត្យពាក្យសុំលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី២១ខែមីនា។

កាលបរិច្ឆេទសម្រាប់ដំណាក់កាលបន្ទាប់មិនត្រូវបានគេបង្ហាញទេ ប៉ុន្តែការសម្ភាសន៍ចុងក្រោយតាមអនឡាញនិងការពិនិត្យសុខភាព នឹងធ្វើឡើងនៅចុងខែឧសភាឆ្នាំ២០២១នេះ។

លោក Maezawa ដែលជាស្ថាបនិកក្រុមហ៊ុនលក់រាយតាមអនឡាញធំជាងគេបំផុតរបស់ប្រ​ទេសជប៉ុន គឺមានទឹកប្រាក់ប្រហែល២ពាន់លានដុល្លារ។ កាលពីឆ្នាំ២០១៨ លោកជាអ្នកដំ​ណើរដែលបានចុះហត្ថលេខាដំបូងគេរបស់ Starship ក្នុងព្រឹត្តិការណ៍មួយជាមួយនាយកប្រ​តិបត្តិលោក Elon Musk នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋ California។

ក្នុងព្រឹត្តិការណ៍នោះ លោក Maezawa បានប្រកាសអំពីគម្រោង Dear Moon របស់លោកដែលមានគោលបំណងនាំសិល្បករពី ៦ទៅ៨នាក់មកពីជុំវិញពិភពលោក ដើម្បីចូលរួមជាមួយលោកក្នុងបេសកកម្មហោះហើរទៅភពព្រះចន្ទ រយៈពេល៦ថ្ងៃក្នុងអំឡុងឆ្នាំ២០២៣៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Verge

ចុចអាន៖ អតីតកម្មករសំណង់ ផ្តួល Jack Ma ក្លាយជាអ្នកមានបំផុតរបស់ ចិន

ចុចអាន៖ ទោះកូវីដ តែចិន បង្កើតមហាសេដ្ឋីបានជាង២០០នាក់ កាលពីឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម