ព័ត៌មានអន្ដរជាតិ
ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
ស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់កំពុងតែក្តៅប្រៀបបាននឹងគ្រាប់បែកដែលហៀបនឹងផ្ទុះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានតម្រូវឲ្យ «អ៊ីរ៉ង់ ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។

លោកបានព្រមានបែបនេះនៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ ដោយសរសេរថា «ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។ ក្នុងការបង្ហោះជាបន្តបន្ទាប់នោះ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះក៏លើកឡើងដែរថា «ឥឡូវ យើងគ្រប់គ្រងផ្ទៃមេឃលើប្រទេសអ៊ីរ៉ង់បានទាំងស្រុងហើយ»។
ការព្រមានរបស់លោកត្រាំ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រមុខសេតវិមានរូបនេះ ប្រាប់ឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ធ្វើឲ្យអ្នកវិភាគមួយចំនួនសន្និដ្ឋានថា សហរដ្ឋអាមេរិក ប្រហែលជាចូលធ្វើអន្តរាគមន៍ជួយអ៊ីស្រាអែល។
លោកត្រាំនិយាយថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»។

ទោះបីជាយ៉ាងណាក៏ដោយ ការព្រមានរបស់លោកត្រាំ ក៏ទាក់ទាញឲ្យមានប្រតិកម្មពីសំណាក់ទីក្រុងប៉េកាំងផងដែរ ដោយក្រសួងការបរទេសចិន បានចោទប្រធានាធិបតីអាមេរិកថា កំពុងចាក់សាំងលើភ្លើង ហើយពង្រីកអណ្តាតភ្លើងនៃជម្លោះនេះ ឲ្យកាន់តែរាលដាលខ្លាំង។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិន Guo Jiakun និយាយថា «លោកត្រាំកំពុងដុតភ្លើងហើយចាក់សាំងពីលើ! ការគំរាមកំហែងនិងដាក់សម្ពាធកាន់តែខ្លាំង នឹងមិនជួយរុញឲ្យស្ថានការណ៍ថយកម្តៅនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យជម្លោះកាន់តែធំនិងខ្លាំងឡើងៗ។ ចិន សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៊ីស្រាអែល ត្រូវទទួលខុសត្រូវនិងចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹងនិងការពារជម្លោះកុំឲ្យរីករាលដាល»។
សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។ ជុំវិញប្រតិបត្តិការនេះ ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog បានបញ្ជាក់ក្នុងបទសម្ភាសជាមួយ Sky News ថា ប្រទេសរបស់លោកគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ចោទថា ត្រាំ កំពុងធ្វើឲ្យជម្លោះ អ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែរីកធំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


