ព័ត៌មានអន្ដរជាតិ
ទោះជាប់វាយអ៊ីរ៉ង់ អ៊ីស្រាអែលមិនបន្ធូរដៃនៅហ្គាហ្សា ដោយក្នុង២៤ម៉ោងសម្លាប់ប៉ាឡេស្ទីន១៤០នាក់
អាជ្ញាធរសុខាភិបាលហ្គាហ្សា បានរាយការណ៍កាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៥ថា ការវាយប្រហារដោយយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ប្រជាជនប៉ាឡេស្ទីនមួយចំនួន បាននិយាយថា ស្ថានភាពលំបាករបស់ពួកគេកំពុងត្រូវបានបំភ្លេចចោល ខណៈដែលការយកចិត្តទុកដាក់បានងាកទៅរកសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ជនរងគ្រោះភាគច្រើន ស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា រួមទាំងនៅក្នុងជុំរុំជនភៀសខ្លួន Maghazi នៃសង្កាត់ Zeitoun និងតំបន់បោះតង់ស្នាក់នៅបណ្ដោះអាសន្ននៃទីក្រុង Khan Younis។ សាក្សីនិយាយថា អ្នកស្លាប់មួយចំនួនជាស្ត្រី និងកុមារ ដែលកំពុងស្វែងរកអាហារ និងទីជម្រក បន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅក្រោយការវាយប្រហារលើកមុន។
កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានបើកការបាញ់ប្រហារទៅលើក្រុមប៉ាឡេស្ទីនដែលកំពុងរង់ចាំអាហារ នៅលើផ្លូវ Salahuddin។ យ៉ាងហោចណាស់មនុស្ស ១៤នាក់ត្រូវបានសម្លាប់នៅទីនោះ។ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា។ យោធាអ៊ីស្រាអែលបានបញ្ជាក់ពីការប្រើប្រាស់កាំភ្លើង ប៉ុន្តែអះអាងថា ខ្លួនបានចេញការព្រមានជាមុន ដោយចោទប្រកាន់ថា ក្រុមមនុស្សទាំងនោះមិនស្ដាប់ ហើយបង្កលក្ខណៈគំរាមកំហែងដល់ពួកគេ។
កាលពីខែមុនមានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សានៅក្នុងតំបន់ហ្គាហ្សា បើទោះបីជាមានការខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីសម្របសម្រួលបទឈប់បាញ់ក៏ដោយ។ មន្ត្រីសុខាភិបាល បាននិយាយថា ចាប់តាំងពីខែតុលាឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ៥៥ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល ដោយមានរាប់ពាន់នាក់ទៀតរងរបួស។ ក្រុមមនុស្សធម៌រាយការណ៍ថា តំបន់នេះកំពុងប្រឈមមុខនឹងការដួលរលំស្ទើរតែទាំងស្រុងនៃហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ អាហារ និងទឹក។
ការវាយប្រហារចុងក្រោយនេះ ក៏កើតមានឡើងផងដែរ នៅពេលដែលការយកចិត្តទុកដាក់ជាសកលកាន់តែផ្លាស់ប្តូរឆ្ពោះទៅរកជម្លោះដែនអាកាសដែលកំពុងកើតឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីអ៊ីរ៉ង់ ដោយសំដៅលើអ្វីដែលខ្លួនអះអាងថាជាកន្លែងយោធា និងនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានប្តេជ្ញាសងសឹក ហើយមេដឹកនាំពិភពលោកបារម្ភពីការកើនឡើងភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។
លោក Shaban Abed ជាប្រជាជនហ្គាហ្សា បានរៀបរាប់ថា «យើងប្រហែលជាសប្បាយចិត្តដែលឃើញអ៊ីស្រាអែលរងទុក្ខដោយសារគ្រាប់រ៉ុកកែតរបស់អ៊ីរ៉ង់ ប៉ុន្តែនៅចុងបញ្ចប់ មួយថ្ងៃទៀតនៅក្នុងសង្រ្គាម(ហ្គាហ្សា)នេះ បានធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់រាប់សិបនាក់… យើងកំពុងត្រូវបានគេបំភ្លេចចោលហើយ»។

អង្គការជំនួយលើកឡើងថា ស្ថានការណ៍នៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស។ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បានពណ៌នាយន្តការជំនួយមនុស្សធម៌ដែលកំពុងដំណើរការក្រោមការត្រួតពិនិត្យរបស់អ៊ីស្រាអែលថាជា «ភាពអាម៉ាស»។ លោក Philippe Lazzarini ប្រធានអង្គការ UNRWA បាននិយាយថា ប្រព័ន្ធបច្ចុប្បន្ន ប្រៀបដូចជា «ស្នាមប្រឡាក់នៅលើមនសិការរួមរបស់យើង» ដោយកត់សម្គាល់ថា មនុស្សកំពុងត្រូវបានសម្លាប់ខណៈគ្រាន់តែកំពុងស្វែងរកអាហារទទួលទានប៉ុណ្ណោះ។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោក មានតម្រូវការស្បៀងអាហារមូលដ្ឋានតិចជាង ២០ភាគរយប៉ុណ្ណោះ ដែលអាចទៅដល់ដៃប្រជាជនតំបន់ហ្គាហ្សា។ ទោះបីជាមានការអំពាវនាវជាអន្តរជាតិម្តងហើយម្តងទៀតសម្រាប់ការបើកឲ្យមានច្រករបៀងមនុស្សធម៌ និងបទឈប់បាញ់ក៏ដោយ ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតែបានបន្ត ក្រោមហេតុផលបោសសម្អាតឲ្យបានទាំងស្រុងនូវក្រុមសកម្មប្រយុទ្ធហាម៉ាស៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


