Connect with us

ព័ត៌មានអន្ដរជាតិ

ហុងគ្រីព្រមានថា ថ្ងៃណាអ៊ុយក្រែនបានចូល​ណាតូ ​ស្អែក​ឡើងច្បាស់ជាកើតសង្គ្រាមលោកលើកទី៣

បានផុស

នៅ

នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានព្រមានខ្លាំងៗថា ថ្ងៃណាដែលប្រទេសអ៊ុយក្រែន បានចូលជាសមាជិកអង្គការណាតូនោះ ស្អែកឡើងច្បាស់ជាកើតសង្គ្រាមលោកលើកទី៣ ជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban (រូបថត៖ Reuters)

លោកព្រមានបែបនេះនៅក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ទី២៨ខែមិថុនា ដោយសរសេរថា «សមាជិកភាពណាតូរបស់អ៊ុយក្រែន គឺមានន័យស្មើនឹងសង្គ្រាមជាមួយរុស្ស៊ី និងសង្គ្រាមលោកលើកទី៣នៅថ្ងៃស្អែក។ ការទទួលស្គាល់អ៊ុយក្រែនទាំងប្រញាប់ប្រញាល់ដោយមិនប្រុងប្រយ័ត្នរបស់សហភាពអឺរ៉ុប នឹងទាញខ្សែត្រៀមជួរមុខចូលទៅក្នុងបេះដូងនៃអឺរ៉ុប»។

ការព្រមានរបស់លោក Orban កើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ ផ្តល់បទសម្ភាសជាមួយកាសែតហុងគ្រី ដោយអះអាងថា សមាជិកភាពអ៊ុយក្រែន ក្នុង EU នឹងបំផ្លាញប្លុកនេះទាំងមូល រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រីផងដែរ។

ការផ្ទុះនុយក្លេអ៊ែរ (រូបថត៖ Reuters)

សូមជម្រាបថា ហុងគ្រីមិនមែនជាអ្នកគាំទ្រអ៊ុយក្រែនទេ ពោលគឺប្រទេសនេះតែងជំទាស់គោលនយោ​បាយរបស់អង្គការណាតូចំពោះជម្លោះរវាងទីក្រុងកៀវនិងមូស្គូ។ ម្យ៉ាង ទីក្រុងប៊ុយដាប៉ែស ក៏ប្រឆាំងយ៉ា​ងដាច់អហង្ការចំពោះការផ្តល់ជំនួយជាសព្វាវុធដល់អ៊ុយក្រែននិងការដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ 

ពាក់ព័ន្ធរឿងអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូនេះ រុស្ស៊ី ធ្លាប់ព្រមានរួចមកហើយថា ខ្លួននៅតែមិនអាចទទួលយកបានចំពោះសមាជិកភាពណាតូរបស់ទីក្រុងកៀវ ហើយទ្វីបអឺរ៉ុប នឹងកើតមហន្តរាយ បើរឿងនេះកើតឡើងមែន។  

អ្នកនាំពាក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova លើកឡើងថា ទីក្រុងមូស្គូ មិនអាចទទួលយកសមាជិកភាពណាតូរបស់អ៊ុយក្រែនបានឡើយ ព្រោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់រុស្ស៊ី ហើយអាចបង្កឲ្យមានផលវិបាកដ៏មហន្តរាយសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។

លោកស្រីបន្ថែមថា អ៊ុយក្រែនគួរតែបំភ្លេចសន្យាអំឡុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងប៊ុយការ៉េស នៃប្រទេសរ៉ូម៉ានី ក្នុងឆ្នាំ២០០៨ទៅ ដែលកាលនោះទីក្រុង កៀវ ត្រូវគេសន្យាឲ្យខ្លួនចូលក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកវិភាគអន្តរជាតិបារម្ភថា ការលូកដៃកាន់តែជ្រៅរបស់អាល្លឺម៉ង់ អាចបញ្ឆេះសង្គ្រាមលោកលើកទី៣ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម