ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជា ហ្សេលេនស្គី បញ្ជាឲ្យរុះរើរដ្ឋាភិបាលទ្រង់ទ្រាយធំ?
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានរៀបចំការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំបំផុត ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ីកាលពីឆ្នាំ២០២២ ដោយដាក់លោកស្រី Yulia Svyrydenko ដែលជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច និងជាឧបនាយករដ្ឋមន្ត្រី ឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មី។ ចំណែកឯនាយករដ្ឋមន្ត្រីពីមុន លោក Denys Shmyhal ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិវិញ។ ក្រៅពីនោះ ក៏រំពឹងមានការផ្លាស់ប្ដូរតួនាទីមន្ត្រីសំខាន់ៗមួយចំនួនផ្សេងទៀត ព្រមទាំងការច្របាញ់ក្រសួងមួយចំនួនបញ្ចូលគ្នាផងដែរ។

គម្រោងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ហ្សេលេនស្គី មានគោលបំណងធំៗដូចជា៖
១. បង្កើតកម្លាំងថ្មីទៅក្នុងភាពជាអ្នកដឹកនាំដែលធុញទ្រាន់នឹងសង្គ្រាមដ៏អូសបន្លាយ
លោក ហ្សេលេនស្គី បានពន្យល់ថា អ៊ុយក្រែនត្រូវការកម្លាំងថ្មី ដើម្បីផ្គូផ្គងសម្ពាធដែលកំពុងកើនឡើងក្នុងសម័យសង្គ្រាម។ លោកបានពណ៌នាអំពីការរុះរើនេះថាមានសារៈសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចឡើងវិញ និងធានាឲ្យក្រសួងនានាសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ខណៈពេលជម្លោះនៅតែបន្តអូសបន្លាយរយៈពេលវែង។
២. ផ្តោតលើការការពារ និងសេដ្ឋកិច្ច
គម្រោងស្នូលនៃការរុះរើនេះ គឺការបង្កើនល្បឿនផលិតកម្មអាវុធក្នុងស្រុក ដែលបច្ចុប្បន្នមានត្រឹម ៤០% នៃសព្វាវុធដែលអ៊ុយក្រែនប្រើទៅច្បាំងលើសមរភូមិ។ លោក ហ្សេលេនស្គី បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា គឺបង្កើនឲ្យបានដល់ ៥០% ក្នុងរយៈពេល៦ខែខាងមុខ។ គណៈរដ្ឋមន្ត្រីថ្មី មានភារកិច្ចយ៉ាងច្បាស់លាស់ក្នុងការពង្រឹងបទប្បញ្ញត្តិ ការពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ច និងការដាក់ទោសលើអ្នកណាដែលធ្វើឲ្យប៉ះពាល់ដល់ការងើបឡើងវិញរបស់ជាតិ។
៣. ពង្រឹងភាពជាដៃគូជាមួយលោកខាងលិច
ការតែងតាំងលោកស្រី Svyrydenko ដែលជាតួអង្គសំខាន់ និងមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក អាចបង្កើតជាសារមួយឆ្លើយតប និងបង្កើនទំនុកចិត្តសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន។ លោកស្រី Svyrydenko បានដឹកនាំកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយរតនាគារសហរដ្ឋអាមេរិក កាលពីខែមេសា ដែលជាគំនិតផ្តួចផ្តើមមួយដ៏មានសារៈសំខាន់ខ្លាំង ក្នុងការស្ដារសេដ្ឋកិច្ចអ៊ុយក្រែន ជាពិសេសគឺការកសាងឡើងវិញក្រោយសង្គ្រាម។
៤. បង្កើនប្រសិទ្ធភាព
ជាច្រើនឆ្នាំក្នុងអំឡុងពេលសង្គ្រាមដែលកំពុងបន្តនេះ មុខតំណែងជាច្រើន ត្រូវបានទុកឲ្យនៅទំនេរ ឬកាន់កាប់ដោយមន្ត្រីក្រៅផ្លូវការ ឬ «ស្តីទី» ដែលរារាំងដល់អភិបាលកិច្ចដែលមានប្រសិទ្ធភាព។ ការរុះរើនេះ មានបំណងដោះស្រាយនូវរាល់បញ្ហាទាំងនេះ ដោយនឹងមានការតែងតាំងមន្ត្រីជាផ្លូវការ និងពេញម៉ោងទៅលើតួនាទីដែលនៅទំនេរ។
៥. ស្តារទំនុកចិត្តសាធារណៈឡើងវិញ
ការស្ទង់មតិសាធារណៈ បង្ហាញថា ការគាំទ្រលោក ហ្សេលេនស្គី មានការធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងទៅ។ ការរុះរើនេះ ទំនងជាអាចស្ដារឡើងវិញនូវទំនុកចិត្តពីសាធារណៈ ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ និងដំណោះស្រាយបញ្ហាក្នុងស្រុកឲ្យមានប្រសិទ្ធភាពជាងមុន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


