ព័ត៌មានជាតិ
ក្រុមអង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ១០នាក់មកឈរជើងនៅកម្ពុជារយៈពេល៣ខែ
មន្ត្រីយោធាចំនួន១០រូបមកពី៣ប្រទេសនៃក្រុមសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) បានចេញដំណើរពីប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាដែលរំពឹងថា នឹងមកដល់ក្នុងពេលរសៀលនេះ ដើម្បីបំពេញបេសកកម្មត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។

ការបញ្ជូនក្រុមសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) កើតឡើងចំពេលដែលគណៈកម្មការព្រំដែនទូទៅ (GBC) របស់កម្ពុជា និងថៃ ទើបបញ្ចប់កិច្ចប្រជុំនៅព្រឹកថ្ងៃពុធនេះ ដែលបង្ហាញពីលទ្ធផលវិជ្ជមានសម្រាប់ការដោះស្រាយព្រំដែនឆ្ពោះទៅរកសន្តិភាព បន្ទាប់ពីការប្រយុទ្ធគ្នាប្រដាប់ដោយអាវុធធុនធ្ងន់ចុងក្រោយកាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។
តាមការចេញផ្សាយរបស់សារព័ត៌មាន The Star របស់ប្រទេសម៉ាឡេស៊ី លោក ឧត្តមសេនីយ៍ឯក Zahani Zainal Abidin ស្នងការនៃកងកម្លាំងចម្រុះរបស់យោធាម៉ាឡេស៊ី បាននិយាយថា ក្រុម IOT ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក Asri Shukor មកពីកងទ័ពម៉ាឡេស៊ី ក៏រួមមានមន្រ្តីយោធាម៉ាឡេស៊ី (ATM) ចំនួនប្រាំនាក់មកពីកងទ័ពផ្លូវគោក ផ្លូវអាកាស និងសមុទ្រ ព្រមទាំងមន្ត្រីយោធាពីរនាក់មកពីប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ។
លោក ឧត្តមសេនីយ៍ឯក Zahani Zainal Abidin ត្រូវបានស្រង់សម្តី ដូចនិយាយថា៖«IOT ត្រូវបានបង្កើតឡើងតាមការស្នើរបស់រដ្ឋាភិបាលកម្ពុជា ខណៈដែលការចរចាជាមួយប្រទេសថៃនៅតែបន្ត។ ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រទេសឈានមុខគេត្រូវបានកំណត់ឱ្យសម្របសម្រួលបេសកកម្មនេះជាមួយប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន»។
មុនពេលចេញដំណើរនៅថ្ងៃពុធទី១០ខែកញ្ញានេះ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯពិធី ប្រគល់ IOT នៅមូលដ្ឋានទ័ពអាកាស Subang ថា៖«យើងក៏កំពុងធ្វើការដើម្បីឲ្យមានការចូលរួមជាមួយប្រទេសសិង្ហបុរី និងប្រ៊ុយណេ នាពេលអនាគតដ៏ខ្លីខាងមុខនេះ»។
តាមខ្លឹមសារដែលបានចេញផ្សាយនោះ ក្រុមការងារបានចេញដំណើរនៅម៉ោង ១១ព្រឹក តាមយន្តហោះដឹកជញ្ជូនរបស់ Royal Malaysian Air Force (RMAF) C-130 Hercules ឆ្ពោះទៅកាន់រាជធានីភ្នំពេញក្នុងជើងហោះហើរដែលនឹងចំណាយពេលប្រហែល ៣ម៉ោង។

លោក ឧត្តមសេនីយ៍ឯក Zahani បាននិយាយថា ក្រុមនេះនឹងឈរជើងនៅទីតាំងយុទ្ធសាស្ត្រចំនួនពីរក្នុងប្រទេសកម្ពុជា គឺតំបន់ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដោយមានភារកិច្ចចំបងរបស់ពួកគេគឺការល្បាតប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ ដើម្បីធានាបាននូវការអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់។
យោងតាមលោក ការបង្កើត IOT បញ្ជាក់ពីសាមគ្គីភាពរបស់អាស៊ានក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ក៏ដូចជាការត្រួតពិនិត្យដោយមិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ។
លោកបានមានប្រសាសន៍ថា៖«បេសកកម្មនេះគឺបណ្តោះអាសន្ន ដោយមានរយៈពេលដាក់ពង្រាយដំបូងចំនួនបីខែ។ ទោះជាយ៉ាងនេះក្តី វាអាចត្រូវបានពង្រីករយៈពេលបន្ថែមទៀត ដោយផ្អែកលើស្ថានភាពនៅនឹងកន្លែងផ្ទាល់ និងដោយមានការព្រមព្រៀងរបស់ប្រទេសម្ចាស់ផ្ទះកម្ពុជា»។
លោក Zahani បាននិយាយថា រឿងចម្បងបំផុតសម្រាប់ក្រុមIOT គឺត្រូវធានាថារបាយការណ៍របស់ខ្លួននៅតែអព្យាក្រឹត និងអាចជឿជាក់បាន ជាពិសេសចាប់តាំងពីក្រុមនេះឈរជើងនៅព្រំដែនកម្ពុជា ខណៈដែលប្រទេសថៃមិនទាន់យល់ព្រមក្នុងការទទួលយក IOT ទោះបីជាលក្ខខណ្ឌយោង (TOR) ត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់ក៏ដោយ។
លោកបានមានប្រសាសន៍ថា៖«យើងបានក្រើនរំលឹកសមាជិកក្រុមទាំងអស់ឱ្យធានាថារបាយការណ៍របស់ពួកគេមានភាពអព្យាក្រឹត និងមិនលំអៀង។ បេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រដំណើរការសន្តិភាពរវាងប្រទេសទាំងពីរ»។
លោក Zahani បាននិយាយថា សមត្ថភាពរបស់មន្ត្រីយោធាម៉ាឡេស៊ី (ATM) ក្នុងការប្រមូលផ្តុំក្រុមអ្នកសង្កេតការណ៍យ៉ាងឆាប់រហ័សបង្ហាញពីការត្រៀមខ្លួន និងវិជ្ជាជីវៈខ្ពស់ ដែលអាចប្រៀបធៀបទៅនឹងក្រុមត្រួតពិនិត្យអន្តរជាតិ។
លោកបានមានប្រសាសន៍ថា៖«ដូចក្រុមអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ (UN) ដែរ ក្រុមអង្កេតការណ៍ IOT មិនមានអាវុធទេ និងមានត្រឹមតែរថយន្ត ប្រព័ន្ធវិទ្យុទំនាក់ទំនង និងឧបករណ៍ទំនាក់ទំនងផ្សេងទៀតដែលចាំបាច់ ដើម្បីអនុវត្តភារកិច្ចសង្កេត និងរាយការណ៍របស់ខ្លួនប្រកបដោយវិជ្ជាជីវៈ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម១២ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


