Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសុខភាពភ្នែក លើកទឹកចិត្តពលរដ្ឋផ្តល់ទំនុកចិត្តលើគ្រូពេទ្យក្នុងស្រុក ជាជាងចេញទៅព្យាបាលនៅក្រៅប្រទេស

បានផុស

នៅ

អ្នកជំនាញ​សុខភាព​ភ្នែក​ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការជឿជាក់​ និង​ផ្តល់​ទំនុក​ចិត្ត​ទៅលើ​ក្រុមគ្រូពេទ្យ​ក្នុងស្រុក​ ជាជាង​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា​ និង​ចំណាយ​ថវិកា​ច្រើន​ ព្រោះថា​ការព្យាបាល​នៅក្នុង​ស្រុក​ក៏មាន​គុណភាព​ប្រដំប្រសងគ្នា​ដូច​នៅ​ក្រៅ​ប្រទេស​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កម្មវិធី​ចុះ​ពិនិត្យ​សុខភាព​ភ្នែក​ និង​ចែ​កវែន​តា​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ ៥០០​ នាក់​ រស់នៅ​សង្កាត់​ក្រាំងធ្នង់ ​កាលពី​ថ្ងៃទី ​១០ ​មករា​ លោក​ បាក់ ​តូ​ក្យូ នាយក​ប្រចាំ​ប្រទេស​ នៃ​អង្គការ​ហ្រេ្វ​ដ​ហូ​ឡូ​ បាន​មានប្រសាសន៍ថា​ គុណភាព​ការពិនិត្យ​ព្យាបាល​ភ្នែក​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ​ខ្លាំងណាស់​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន​។ ជាក់ស្តែង​នៅ​ឆ្នាំ​ ២០២០​ អង្គការ​ហ្វ្រេ​ដ​ហូ​ឡូ ​បាន​អញ្ជើញ​អ្នកជំនាញ​មកពី​អង់គ្លេស ​និង​ស្កុ​តឡែ​ន មក​វាយតម្លៃ​នៅ​កម្ពុជា​ពី​ការផ្តល់សេវា​ភ្នែក​នៅ​កម្ពុជា​។​ ជា​លទ្ធផល​ក្រុម​អ្នកជំនាញ​បាន​ពិនិត្យ​ឃើញ​ថា​ កម្ពុ​ជាមាន​គ្រូពេទ្យ​ភ្នែកមាន​ជំនាញ​ប្រសើរ​ណាស់​ បើ​ធៀប​ទៅនឹង​ប្រទេស​នានា។

លោក​បាន​បន្តថា ​«អីចឹង​ទេ​ សូម​បងប្អូន​យើង​ទុកចិត្ត​ទៅលើ​គ្រូពេទ្យ​យើង​ និង​លើកទឹកចិត្ត​ទទួល​សេវា​នៅ​កម្ពុជា​ដោយ​មិនចាំបាច់​ទៅ​ក្រៅប្រទេស​ ព្រោះថា​គ្រូពេទ្យ​ធ្លាប់​រៀន​នៅ​ប្រទេសជិតខាង​ខ្លះ​ត្រឡប់មកវិញ​មិនល្អ​ប្រសើរ​ដូច​គ្រូពេទ្យ​ធ្វើការ​នៅ​ស្រុក​ខ្មែរ​យើង​ទេ​»​។

លើសពីនេះ​ទៀត​ យោងតាម​ការអង្កេត​ថ្នាក់ជាតិ​ស្តីពី​ពិការភាព​ភ្នែក​ដែល​អាច​ចៀសវាង​បាន​នៅ​កម្ពុជា​រៀបចំឡើង​ដោយ​ក្រសួងសុខាភិបាល ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ ១០០ នាក់ មាន​បញ្ហា​ភ្នែក មាន​ ៩២ ​នាក់​ អាច​ចៀសវាង​បាន​បើសិន​គាត់​ទៅពិនិត្យ ​និង​ព្យាបាល​ទៀងទាត់​ និង​ទាន់ពេល​។

លោក​ បាក់ ​តូ​ក្យូ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា ​នៅពេលដែល​ពលរដ្ឋ​ជួប​គ្រូពេទ្យ​រកឃើញថា​មាន​បញ្ហា​កន្ទុយថ្លែន ​ឬ​បញ្ហា​បាយ​ភ្នែក​ ឬ​បញ្ហា​ផ្សេង​ទៀត​ដែល​ទាមទារ​ឱ្យ​បក​បាយ ​ឬ​វះកាត់​តូច​ណាមួយ​នៅ​មន្ទីរពេទ្យ​ សូម​ទៅ​ចូលរួម​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ព្រោះថា​អ្វីដែល​គ្រូពេទ្យ​ណែនាំ​ត្រឹមត្រូវ​ជួយ​ធ្វើឱ្យ​សុខភាព​ភ្នែក​បានល្អ​ប្រសើរ ​បើ​មិន​ធ្វើតាម​ទេ​ អាច​នឹង​មាន​បញ្ហា​ប្រឈម​ទៅ​ថ្ងៃក្រោយ​ដូចជា​ធ្វើ​ឱ្យ​ពិការ​ភ្នែក​ជាដើម។

លោក ប៉ាង​ ពៅ នាយក​អភិវឌ្ឍន៍​កម្មវិធី​ចិ​រ​ភាព​កម្ពុជា បាន​មានប្រសាសន៍ថា ​ក្នុងការ​ការពារ​សុខភាព​ភ្នែក​ឱ្យបាន​ល្អប្រសើរ ​វា​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ថែរក្សា​ភ្នែក​ និង​ទៅពិនិត្យ​ភ្នែក​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ​ពិសេស​ពាក់​វ៉ែនតា​ការពារ​ភ្នែក។

លោក​បាន​ណែនាំ​ថា ​«ជាធម្មតា​វ៉ែនតា​គ្រាន់តែ​ជួយ​កែតម្រូវ​គំហើញ​មួយ​ទេ​ ប៉ុន្តែ​មិន​មានន័យថា​ជួយ​យើង​បាន​គ្រប់​កាលៈទេសៈ​នោះទេ​។​ អីចឹង​បើ​យើង​ប្រើ​បាន​ត្រឹមត្រូវ​នឹង​ជួយ​យើង​ តែបើ​ប្រើ​មិន​បាន​ត្រឹមត្រូវ​ វា​ក៏​អត់​បាន​ជួយ​យើង​ដែរ​ វា​នឹង​ទៅ​ជា​បញ្ហា​ផ្សេង​មួយ​ទៀត ហើយ​មួយទៀត ​ការ​វាស់​ភ្នែក​ពេលនេះ​វា​គ្រាន់តែ​ជា​ការ​វាស់​ភ្នែក​មួយពេល ​មិនអាច​យូរអង្វែង​ទេ​ ដើម្បីឱ្យ​ភ្នែក​បាន​សុខ​ភាព​ល្អ​ ទាមទារ​ឱ្យ​បងប្អូន​ត្រូវ​ឆែក​ភ្នែក​ឱ្យ​បាន​ទៀងទាត់​ ហើយ​ទៅរក​សេវា​ថែទាំ​ភ្នែក​ដែល​មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​ ពិសេស​ទៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង»៕

​អត្ថបទ ​៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម