Connect with us

សុខភាព

រោគសញ្ញា និង​ភាព​ខុស​គ្នា រវាងជំងឺមហារីក​ក្រពះ និង​រលាក​ក្រពះ ឬ​ខ្សោយក្រពះ​

បានផុស

នៅ

ជំងឺមហារីក​ក្រពះ ​ជា​ជំងឺ​ដុះ​ដុំ​សាច់​កាច​ក្នុង​ក្រពះ ហើយ​វិវត្ត​ពី​តូច​ដល់​ធំ​ដោយ​សន្សឹមៗ ហើយ​បែង​ចែក​ជា​ពីរ​ដំណាកកាល​ធំៗ​គឺ​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ដំណាក់កាល​មិនទាន់​សាយភាយ​

– និង​ដំណាក់កាល​សាយភាយ​ទៅ​សរីរៈ​ផ្សេងៗ​។​

​ក​) កត្តា​ប្រឈម​៖

​កត្តា​ដែល​ប្រឈម​ឲ្យមាន​ជំងឺមហារីក​ក្រពះ​មានដូចជាៈ​

– ជំងឺ​រលាក​ក្រពះ​រុំារៃ​ដោយ​មេរោគ​ឈ្មោះ H. pylori

– អ្នក​ពិសា​បារី​

– អ្នក​លើស​ទម្ងន់​

– អ្នកមាន​ទម្លាប់​ទទួលទាន​ប្រៃ​

– អ្នក​ដែល​ធ្លាប់​ទ​ទួល​ការវះកាត់​ក្រពះ​ដោយសារ​ដំបៅ​ក្រពះ​

– អ្នកមាន​ញាតិសន្តាន​មាន​ប្រវត្តិ​កើត​ជំងឺមហារីក​ជាដើម​។​

​ខ​) រោគសញ្ញា​៖

​ជំងឺមហារីក​ក្រពះ​ដំណាក់កាល​ដំបូង​ជាទូទៅ​មិនមាន​រោគសញ្ញា​ទេ​។ អ្នកជំងឺ​មួយចំនួន​តូច​អាចមាន​រោគសញ្ញា​ដែល​អា​ច្រឡំ​និង​ជំងឺ​រលាក​ក្រពះ ឬ​ខ្សោយ​ក្រពះ ដូចជា​៖

– តឹង​ណែន​ចុងដង្ហើម​

– ពិបាក​រំលាយ​អាហារ​

– ភើ​ចង្អោរ​

– ធុំ​អាហារ​

​រោគសញ្ញា​អាច​លេចចេញ​ច្បាស់លាស់​នៅពេលដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ដូចជា​

– អស់កម្លាំង​ខ្លាំង​

– ស្រក​ទម្ងន់ ច្រើន​ខុសធម្មតា​

– មាន​ដុំ​សាច់​ក្នុង​ពោះ​ដែល​អាច​ស្ទាប​ប៉ះ​ដោយ​ដៃ​

– ពេលខ្លះ​រហូតដល់​ក្អួត​ឈាម និង​បត់ជើងធំ​មក​ខ្មៅ​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​៖

​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជាក់លាក់ យើង​ត្រូវ​អនុវត្តតាម​វិធីសាស្ត្រ​ដូចជា ពិនិត្យ​ឈាម ថត​ឆ្លុះ​ក្រពះ វិភាគ​សាច់​រក​កោសិកា​មហារីក ថត​ស្កេ​ន​ដើម្បី​វាយ​តម្លៃ​ទីតាំង និង​ការ​សាយភាយ​។ បន្ទាប់មក​ទើប​ចូលដល់​ការព្យាបាល​ដោយ​ផ្អែក​តាម​ដំណាក់កាល​របស់​ជំងឺ​។​

– នៅ​ដំណាក់កាល​មិនទាន់​សាយភាយ វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធិភាព​ជាងគេ ​គឺ​ការព្យាបាល​ដោយ​វះកាត់​យក​ដុំ​មហារីក​ចេញ ដើម្បី​បញ្ឈប់​ការវិវត្តន៍​របស់​ដុំ​មហារីក​។​

– ដំណាក់កាល​សាយភាយ​៖ ជា​ដំណាក់​កាលដែល​មិនអាច​ធ្វើការ​វះកាត់​បាន​។ ដំណាក់កាល​នេះ​ការព្យាបាល​បាន​ត្រឹម​ជាការ​ពន្យារ គឺ​ព្យាបាល​ដោយ​ថ្នាំ​គីមី និង​ថ្នាំ​មួយចំនួនទៀត ដើម្បី​ទប់ទល់​កា​រ​វិវត្តន៍​របស់​ជំងឺ រក្សា​ស្ថានភាព​រឹងមាំ​របស់​អ្នកជំងឺ ព្រមទាំង​ជួយ​មិនឲ្យ​មានការ​ឈឺចាប់​។​

​ឃ​) វិធានការណ៍​ការពារ​៖

​ទោះបី​មិន​មាន​វិធានការណ៍​ដែល​អាច​ការពារ​ជំងឺមហារីក​ក្រពះ​បាន​100% ក៏​មាន​វិធី​មួយចំនួន​អាចឲ្យ​យើង​កាត់បន្ថយ​កត្តា ប្រឈម​បាន​មួយចំនួន​ដូចជា​: ប​ង្តើ​ត​ទម្លាប់​ល្អ​ក្នុង​ការបរិភោគ និង​ការរស់នៅ ដោយ​កុំ​ទទួលទាន​ប្រៃ កុំ​ពិសា​បារី ធ្វើយ៉ាងណា​កុំឲ្យ​លើស​ទម្ងន់​។​

«​ដូច្នេះ​ដើម្បី​សុខភាព និង​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ព្យាបាល ប្រសិនបើ​លោកអ្នក​តែង​មាន​អាការ​:​ដូច​បាន​រៀបរាប់​ខាងលើ ឬ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ ឬក៏​មាន​ប្រវត្តិ​ញាតិសន្តាន​មាន​ជំងឺមហារីក​ក្រពះ សូម​មេត្តា​ប្រញាប់​ជួបពិភាក្សា​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការស្វែងរក​រោគវិនិច្ឆ័យ និង​ឈានដល់​ការ​សម្រេច​វិធីសាស្ត្រ​ព្យាបាល​នៃ​ជំងឺមហារីក​ក្រពះ​នា​ដំណាក់កាល​ដំបូង ដើម្បី​ប្រសិទ្ធភាព​ជាសះស្បើយ​ខ្ពស់​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មក​ដឹងពី​អាការៈ​អ្នក​ជំងឺ​តម្រង​នោម​ក្រោយ​លាង​ឈាម មាន​ជួប​ផល​លំបាក​អ្វី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម