សុខភាព
គ្រូពេទ្យជំនាញ ជំរុញឱ្យពលរដ្ឋដែលមានជំងឺភ្នែក ប្រញាប់ទៅពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា
គ្រូពេទ្យជំនាញផ្នែកភ្នែក បានជំរុញដល់ពលរដ្ឋរស់នៅខេត្តកោះកុងដែលមានបញ្ហាភ្នែក សូមប្រញាប់ទៅពិគ្រោះពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលានៅមន្ទីរពេទ្យ ដោយកុំទុកយូរនាំហួសពេលកែប្រែ។

លោកវេជ្ជបណ្ឌិត ឡេង វណ្ណៈ ប្រធានក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក មកពីមន្ទីរពេទ្យរុស្សី លើកឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ថា ជំងឺឡើងបាយភ្នែក ជាជំងឺដែលមានអត្រាកើតមានច្រើនភាគច្រើនមនុស្សវ័យចំណាស់ បន្ទាប់ជំងឺដុះកន្ទុយថ្លែន ជំងឺរលាកបាតភ្នែក និងជំងឺផ្សេងៗទៀត។ លោកវេជ្ជបណ្ឌិត ឡេង វណ្ណៈ លើកទឹកចិត្តដល់ប្រជាពលរដ្ឋមានបញ្ហាភ្នែក គួរប្រញាប់មកកាន់មន្ទីរពេទ្យអោយបានឆាប់រហ័ស ដើម្បីពិនិត្យព្យាបាលតាមលក្ខណៈបច្ចេកទេស ចៀសវាងទុកយូរពេលធ្វើពិបាកកែប្រែធ្វើឱ្យជីវិតអស់ក្តីសង្ឃឹម។

បើតាមលោកវេជ្ជបណ្ឌិត ប្រធានក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក ការដែលបង្កឱ្យមានបញ្ហាជំងឺភ្នែកកើតមានច្រើន គឺព្រោះតែពលរដ្ឋមួយចំនួនធំកង្វះការការពារថែទាំភ្នែក ភ្នែកធ្លាប់រងរបួសធ្ងន់ធ្ងរ និងទៅវ័យរបស់មនុស្សម្នាក់ៗ។
លោក ប៉ាន់ ភ័ក្រ្ត ពលរដ្ឋរស់នៅសង្កាត់ដងទង់ និងលោក ពុង បញ្ញារ័ត្ន ពលរដ្ឋរស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលកំពុងមានជំងឺភ្នែកឡើងបាយ និងភ្នែកធ្លាប់រងកម្ទេចផ្សាដែក បានឱ្យដឹងពីភាពលំបាកនៃជំងឺរបស់ខ្លួនថា ភ្នែកធ្លាប់តែភ្លឺថ្លាមើលឃើញអ្វីគ្រប់ជុំវិញខ្លួន ឥឡូវភ្នែកមានជំងឺពិបាកមើលអ្វីៗឃើញច្បាស់ណាស់។

បើតាមតំណាងពលរដ្ឋដដែល ជំងឺភ្នែកធ្វើឱ្យពួកគាត់ស្រវាំងព្រាលៗ និងមានការហូរទឹកភ្នែកជាប្រចាំ រាល់ពេលប្រឹងសម្លឹងមើលអ្វីមួយ។ ក្រោយដឹងដំណឹងថាមានគ្រូពេទ្យជំនាញពីរាជធានីភ្នំពេញមកពិនិត្យព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ពួកគាត់ក៏ប្រញាប់មកតែម្តង។
សម្រាប់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពទ្យបង្អេកខេត្តកោះកុង ថ្លែងប្រាប់ថា មន្ទីរពេទ្យរបស់លោកតែងមានកម្មវិធីពិគ្រោះពិនិត្យព្យាបាលជំងឺសំខាន់ៗជារៀងរាល់ឆ្នាំ ដូចជា ជំងឺរោគស្រ្តី ត្រចៀក បំពង់ក ច្រមុះ និងជំងឺភ្នែក ក្រោមកិច្ចសហការជាមួយក្រុមពេទ្យបារាំង ថៃ និងគ្រូពេទ្យថ្នាក់ជាតិ។

កន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី១០ ខែមករា ក៏មានគណៈកម្មការបច្ចេកទេសអន្តរក្រសួង បានចុះពិនិត្យវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគម្រូថ្នាក់ជាតិពីវិស័យសុខាភិបាល នៅទីតាំងជាក់ស្តែងរបស់មន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងប្រកួតប្រជែងពីអង្គភាពសេវាគម្រូថ្នាក់ជាតិ។
នៅឆ្នាំ២០១៩ មន្ទីរពេទ្យបង្អែក ខេត្តកោះកុង ទទួលជ័យលាភីក្លាយជាមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្ក្រប់កម្រិត២ (CPA2) ដោយសារតែបុគ្គលិកទាំងអស់ បានខិតខំទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជួយដល់សុខភាពប្រជាពលរដ្ឋកម្ពុជាឲ្យល្អប្រសើរ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


