Connect with us

KPT+

ស្គាល់ឬនៅ ប្រទេសមានសុវត្ថិភាពជាងគេលើលោក ឆ្នាំ២០២១?

បានផុស

នៅ

យោងតាមទិន្នន័យពី សន្ទស្សន៍សន្តិភាពសកលលោក (GPI) បានចាត់ថ្នាក់ប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកចំនួន ១០ ​ក្នុងចំណោមប្រទេសទាំង ១៦៣ ដែលមាននៅក្នុងបញ្ជីររបស់ខ្លួន។ GPI តែងតែធ្វើរបាយការណ៍នេះ និងបានបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំ ដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលជាអង្គភាពឯករាជ្យ មិនលម្អៀង និងមិនរកប្រាក់ចំណេញ ក្នុងន័យរក្សាសន្តិភាពជាវិជ្ជមាន ដើម្បីសម្រេចឱ្យបាននូវសុខុមាលភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

ក្នុងនោះដែរ ប្រទេសដែលស្ថិតក្នុងបញ្ជីរសុវត្ថិភាពបំផុតរបស់ពិភពលោក ដែលស្រង់ពីបញ្ជីរ GPI គឺជាប្រទេសដែលរាប់បញ្ចូលនូវការគ្រប់គ្រងជម្លោះអន្តរជាតិ និងនៅក្នុងស្រុកបានល្អ មានសន្តិសុខសង្គម សុវត្ថិភាពយោធា ស្ថិរភាពនយោបាយ សក្តានុពលរបស់ភេរវករ និងករណីឃាតកម្មតិចតួច។

ប្រទេសទាំង ១០ នោះរួមមាន៖

១០. ប្រទេសស្វីស

Regulatory Uncertainty Over Emergency Powers in Switzerland | The  Regulatory Review
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្វីសធ្លាប់ជាប់ចំណាត់ថ្នាក់កំពូលទាំង៥ នៅក្នុងដែនសុវត្ថិភាព និងសន្តិសុខ កាលពីឆ្នាំ ២០១៩។ ប្រទេសនេះមានសន្តិភាពខ្ពស់ ជាពិសេសការគ្រប់គ្រងអាវុធជាតិផ្ទុះ។ ស្វ៊ីសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោកសម្រាប់សន្តិសុខស្បៀង និងស្ថិតក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតទាំង ១០ ដែលអាចគ្រប់គ្រងជម្លោះក្នុងស្រុក និងអន្តរជាតិបានល្អ។

៩. ជប៉ុន

Japan University Rankings 2020: methodology | Times Higher Education (THE)

ប្រទេសដែលមានសុវត្ថិភាពបំផុតទី៩ ​នៅលើពិភពលោក គឺប្រទេសជប៉ុន។ ប្រទេសជប៉ុនបានស្ថិតនៅក្នុងប្រទេសកំពូលទាំង ១០ នៅក្នុងសន្ទស្សន៍សន្តិភាពសកលអស់រយៈពេល ១៣ឆ្នាំមកហើយ ដោយទទួលបានពិន្ទុខ្ពស់សម្រាប់អត្រាឧក្រិដ្ឋកម្មទាប ជម្លោះផ្ទៃក្នុង និងភេរវកម្មនយោបាយ។ ប្រទេស​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថាមាន​​អន្តោប្រវេសន៍​ក្នុងកម្រិតទាប ចំណែកការប្រើ​អាវុធក៏​មាន​កម្រិតតិចតួចផងដែរ។ ពលរដ្ឋជប៉ុនពុំមានសិទ្ធិ​កាន់​អាវុធនោះទេ។ យោងតាមសន្ទស្សន៍ទីក្រុងសុវត្ថិភាពពី Economist Intelligence Unit ទីក្រុងតូក្យូត្រូវបានចាត់ទុកថាជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយជាប់ចំណាត់ថ្នាក់ទី ១ ខាងសន្តិសុខតាមអ៊ីនធឺណិត ជាប់លេខ២ ផ្នែកសន្តិសុខសុខភាព និងជាប់លេខ៤ លើសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខផ្ទាល់ខ្លួន។

៨. សាធារណរដ្ឋឆេក

Czech Republic - KPMG Global

សាធារណរដ្ឋឆេកធ្លាប់ជាប់ចំណាត់ថ្នាក់ទី២ កាលពីឆ្នាំ ២០១៩ តែឆ្នាំ ២០២១នេះ ធ្លាក់មកលេខរៀងទី៨វិញ។ អត្រាឧក្រិដ្ឋកម្មបានថយចុះជាលំដាប់ក្នុងប៉ុន្មានឆ្នាំមកនេះ ជាពិសេសឧក្រិដ្ឋកម្មហិង្សា។ សាធារណរដ្ឋឆេកមានផលប៉ះពាល់ទាបណាស់បណ្ដាលពីអំពើភេរវកម្ម។ ការធ្លាក់ចំណាត់ថ្នាក់របស់ប្រទេសនេះគឺដោយសារតែមានការជាប់ពាក់ព័ន្ធខ្ពស់នៅក្នុងជម្លោះបរទេស ចំនួនអ្នកទោសបានកើនឡើង រីឯកម្លាំងសន្តិសុខ និងការវាយតម្លៃលើការងាររបស់ប៉ូលិសក៏ចុះទាប។

៧. សិង្ហបុរី

The COVID-19 Challenge: An Update from Singapore - EFMD Global blog

ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ៧ នៅលើតារាង GPI ។ នៅក្នុងរបាយការណ៍របស់ Gallup ដូចគ្នាពីឆ្នាំ ២០១៨ ប្រជាជនសិង្ហបុរីមានអារម្មណ៍សុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់បំផុត និងមានបទពិសោធន៍វិជ្ជមានជាមួយការអនុវត្តច្បាប់ជាងប្រទេសដទៃទៀត។ ប្រទេសសិង្ហបុរីមានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយក្នុងពិភពលោក ព្រោះទោះជាជនបង្កប្រព្រឹត្តបទឧក្រិដ្ឋកម្មតូចតាចក្ដី តែការពិន័យនឹងទទួលធ្ងន់ធ្ងរ។ រដ្ឋាភិបាល និងប៉ូលិសគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវកាំភ្លើង និងអាវុធផ្សេងទៀត ដូច្នេះឧក្រិដ្ឋកម្មហិង្សា និងការប្រឈមមុខដាក់គ្នាគឺកម្រមានណាស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទីក្រុងរបស់សិង្ហបុរីមានសុវត្ថិភាពបំផុតទី ២ នៅលើពិភពលោក បើយោងតាមសន្ទស្សន៍ទីក្រុងសុវត្ថិភាពពីអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (EIU) ។ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១ លើសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខផ្ទាល់ខ្លួន សុវត្ថិភាព និងជាប់លំដាប់ទី២លើសន្តិសុខឌីជីថល និងទី៨ លើសន្តិសុខសុខភាព។

៦. កាណាដា

These Are the Top 2019 Jobs Under Canada Express Entry Immigration - Canada  Immigration and Visa Information. Canadian Immigration Services and Free  Online Evaluation.

កាណាដាជាប្រទេសដែលមានសុវត្ថិភាពបំផុតទី៦ នៅក្នុងពិភពលោក យោងតាមសន្ទស្សន៍សន្តិភាពសកល ដោយរក្សាតំណែងរបស់ខ្លួនចាប់ពីឆ្នាំ ២០១៩មក ។ កាណាដាបានទទួលពិន្ទុល្អ ជាពិសេសសបញ្ហាជម្លោះផ្ទៃក្នុង កម្រិតនៃឧក្រិដ្ឋកម្ម និងស្ថិរភាពនយោបាយ សឹងគ្មានកើតឡើងទេ។ បន្ថែមពីលើឱកាសការងារល្អ លទ្ធភាពទទួលបានការថែទាំសុខភាពក៏ល្អ ខណៈរដ្ឋាភិបាលអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ កាណាដាមានមនុស្សដែលរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក។ ប្រទេសនេះមានអត្រាឧក្រិដ្ឋកម្មដែលមានប្រហែលមួយភាគបីនៃអ្នកជិតខាងរបស់ខ្លួនគឺសហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់មតិរបស់ Gallup ឆ្នាំ ២០១៨ ប្រជាជនកាណាដា ៨៤% និយាយថា ពួកគេមានអារម្មណ៍មានសុវត្ថិភាពនៅក្នុងប្រទេសរបស់ពួកគេ។

៥. ដាណឺម៉ាក

Denmark Offers to Buy U.S. | The New Yorker

ជាប់ចំណាត់ថ្នាក់ទី ៥ នៅលើសន្ទស្សន៍សន្តិភាពសកល ដាណឺម៉ាកគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាព និងរីករាយបំផុតនៅក្នុងពិភពលោក។ ដាណឺម៉ាកគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានប្រជាជនមានអារម្មណ៍សុវត្ថិភាពមិនថាពេលថ្ងៃ ឬពេលយប់ សូម្បីតែកុមារក៏ដោយ។ ប្រទេសនេះមានកម្រិតសមភាពខ្ពស់ និងស្មារតីទទួលខុសត្រូវរួមចំពោះសុខុមាលភាពសង្គម ដែលបានរួមចំណែកដល់សុវត្ថិភាព និងសុភមង្គលរបស់ដាណឺម៉ាក។ អំពើពុករលួយកម្រកើតមានណាស់នៅក្នុងអាជីវកម្ម ឬនយោបាយ ដោយសារភាពស្មោះត្រង់ និងទំនុកចិត្តគឺជាអាទិភាពចម្បងនៅក្នុងប្រទេសដាណឺម៉ាក។ ដាណឺម៉ាកក៏ជារដ្ឋសុខុមាលភាពផងដែរ មានន័យថា អ្នកគ្រប់គ្នាទទួលបានសេវាកម្ម និងអត្ថប្រយោជន៍ដែលជួយពួកគេឱ្យរស់នៅប្រកបដោយផាសុកភាព។ មនុស្សគ្រប់រូបនៅក្នុងប្រទេសដាណឺម៉ាកមានសិទ្ធិទទួលបានការថែទាំសុខភាពដោយមិនគិតថ្លៃបន្ថែមសម្រាប់ពួកគេ ការអប់រំដោយមិនគិតថ្លៃសិក្សា និងមនុស្សចាស់ត្រូវបានផ្តល់ជំនួយការថែទាំនៅផ្ទះ។

៤. អូទ្រីស

Austria: praise for initiatives to promote integration and counter  discrimination, but challenges remain - News 2020

អូទ្រីស​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​ទី​៤ ​ក្នុង​ពិភពលោក។ ពិន្ទុឆ្នាំ ២០២០ និង ២០២១ របស់អូទ្រីសបានកើនឡើង ដោយបានរក្សាចំណាត់ថ្នាក់លេខ ៤ របស់ខ្លួនឱ្យនៅដដែល។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសអូទ្រីសមានការធ្លាក់ចុះពិន្ទុលើបាតុកម្មដោយហិង្សា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនរបស់ Sebastian Kurz ក្នុងខែតុលា ឆ្នាំ ២០១៧។ ដោយសារតែអស្ថិរភាពនយោបាយរបស់ប្រទេសនេះ ភាពចលាចលក្នុងសង្គមបានកើនឡើង។ បើមិនដូច្នេះទេ អូទ្រីស គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ទេសចរ ព្រោះថាឧក្រិដ្ឋកម្ម​កម្រិតធ្ងន់ និងអំពើភេរវកម្មធំៗ ពុំមានកើតឡើងនោះទេ។

៣. ព័រទុយហ្គាល់

Portugal Claims Second City Position to Pay Attention to in a Yearly Travel  Ranking Magazine - SchengenVisaInfo.com

ប្រទេសព័រទុយហ្គាល់ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណាត់ថ្នាក់ប្រទេសដែលមានសន្តិភាពបំផុត។ ក្នុងឆ្នាំ ២០១៤ ព័រទុយហ្គាល់បានជាប់ចំណាត់ថ្នាក់ទី ១៨ ទូទាំងពិភពលោក ហើយចាប់តាំងពីពេលនោះមក ប្រទេសនេះបានបោះជំហានយ៉ាងធំ រហូតជាប់ចំណាត់ថ្នាក់ទី៣។ មិនដូចអ៊ីស្លង់ និងនូវែលសេឡង់ទេ ព័រទុយហ្គាល់មានប៉ូលិសប្រដាប់អាវុធ។ ដោយសារវត្តមានរបស់ប៉ូលីស វាបានបណ្តាលឱ្យមានការថយចុះនូវអត្រាឧក្រិដ្ឋកម្មនៅក្នុងប្រទេស។ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ប្រទេសព័រទុយហ្គាល់បានធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញដោយបានកាត់បន្ថយអត្រាគ្មានការងារធ្វើរបស់ខ្លួនពីជាង ១៧% នៅសល់ត្រឹមតែ ៧% ប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២០ ប្រទេសនេះក៏បានចាត់ថ្នាក់ជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍ផងដែរ។

២. នូវែលសេឡង់

New Zealand to start easing Covid-19 border restrictions | CNN Travel

នូវែលសេឡង់ជាប្រទេសដែលមានសុវត្ថិភាពបំផុតទីពីរនៅក្នុងពិភពលោក។ ដូចប្រទេសអ៊ីស្លង់ នូវែលសេឡង់មានអត្រាឧក្រិដ្ឋកម្មទាបណាស់ ជាពិសេសឧក្រិដ្ឋកម្មហិង្សា។ ទោះជាយ៉ាងនេះក្តី ចោរកម្ម គឺជារឿងដែលកើតមានជាញឹកញាប់ ជាពិសេសសម្រាប់អ្នកទេសចរ។ នូវែលសេឡង់មិនមានសត្វពាហនៈ ដូចប្រទេសជិតខាងរបស់ខ្លួននោះទេ ព្រោះវាស្ថិតក្រោមការមើលថែពីប្រទេសអូស្ត្រាលី។ ពិន្ទុរបស់ប្រទេសនូវែលសេឡង់បានធ្លាក់ចុះបន្តិចពីឆ្នាំមុន ដោយសារការវាយប្រហារភេរវកម្មលើវិហារអ៊ីស្លាមចំនួនពីរក្នុងទីក្រុង Christchurch កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៥១នាក់។ ប្រជាជននូវែលសេឡង់ ជាទូទៅមានចិត្តបើកចំហ និងមានច្បាប់ដើម្បីការពារការរំលោភលើសេរីភាពនៃការនិយាយ ឬការបញ្ចេញមតិរបស់នរណាម្នាក់។ ដូចប្រទេសអ៊ីស្លង់ ប៉ូលិសនៅនូវែលសេឡង់មិនកាន់អាវុធផ្ទាល់ខ្លួនទេ។

១. អ៊ីស្លង់

How the shorter work week worked in Iceland | Time

អ៊ីស្លង់គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកអស់រយៈពេល ១៣ឆ្នាំជាប់ៗគ្នា។ អ៊ីស្លង់ មានចំនួនប្រជាជនប្រមាណតែ ៣៤ម៉ឺននាក់ប៉ុណ្ណោះ។ ប្រទេសនេះមាន ឧក្រិដ្ឋកម្មកម្រិតទាបបំផុត សឹងគ្មានមួយករណីឡើយ ក្នុងមួយឆ្នាំ។ ជាប្រទេសដែលជាប់ស្តង់ដារលើការរស់នៅខ្ពស់ ចំនួនប្រជាជនតិចតួច អាកប្បកិរិយាសង្គមល្អ ការប្រឆាំងនឹងឧក្រិដ្ឋកម្មខ្លាំង កងកម្លាំងប៉ូលិសទទួលការបណ្តុះបណ្តាលយ៉ាងល្អ ពលរដ្ឋមានការអប់រំខ្ពស់ ភាពតានតឹងរវាងសង្គម និងសេដ្ឋកិច្ចមានកម្រិតទាបបំផុត។ អ៊ីស្លង់មិនមានយោធាទេ ហើយប៉ូលិសក៏មិនកាន់អាវុធដែរ មានតែដំបងប៉ុណ្ណោះ។ អ៊ីស្លង់ក៏មានច្បាប់អនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ការសុំកូនចិញ្ចឹមសម្រាប់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា សេរីភាពខាងសាសនា និងផ្ដល់ប្រាក់ឈ្នួលស្មើគ្នារវាងបុរស និងស្ត្រី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទាយលេង តើប្រទេស​ណាសម្បូរ​សប្បុរសជន​​​ចូលចិត្ត​បរិច្ចាគច្រើនជាងគេ?

ចុចអាន៖ រឿងធម្មតាៗសម្រាប់ស្ត្រីទូទៅ តែស្ត្រីអាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យធ្វើដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម