Connect with us

ព័ត៌មានអន្ដរជាតិ

​អង្គការ​ NASA គ្រោងចំណាយថវិកាដ៏មហិមាសង់​​យានអវកាសដើរដោយ​ថាម​ពល​នុយក្លេអ៊ែរ

បានផុស

នៅ

ផែនការ​ប្រកប​​ដោយ​មហិច្ឆតារបស់ប្រធានរដ្ឋបាល​អង្គការ NASA លោក Jared Isaacman ក្នុងការ​សាង​សង់​យានអវកាសដើរដោយថាមពលនុយក្លេអ៊ែរ ហើយបាញ់​បង្ហោះ​ទៅកាន់ភពអង្គារ នឹងត្រូវចំណាយថវិកាអស់ជាង ២ ប៊ីលានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារនេះ និងចេញផ្សាយដោយ Politico កាលពី ២១ ខែកក្កដា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប៉ាន់ប្រមាណតម្លៃថ្មីសម្រាប់បេសកកម្មដែលមានឈ្មោះថា «Space Reactor-1 Freedom» នេះ បានធ្វើឡើង ខណៈពេលដែលទីភ្នាក់ងារ NASA កំពុងមមាញឹកក្នុងការចាត់ចែងបេសកកម្មកម្រិតខ្ពស់ជាច្រើនទៀត រួមទាំងការបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះច័ន្ទវិញ និងការសាងសង់ស្ថានីយ៍នៅលើព្រះច័ន្ទផងដែរ ដែលការងារទាំងអស់នេះត្រូវធ្វើឡើងក្រោមលក្ខខណ្ឌថវិកាដ៏តឹងរ៉ឹង និងមិនមានការកើនឡើង។

ទីភ្នាក់ងារ NASA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការប៉ាន់ស្មានការចំណាយដំបូងគឺមានចំនួនប្រហែល ២.១ ប៊ីលានដុល្លារ ហើយ NASA នឹងបន្តកែសម្រួលតួលេខនោះបន្ថែមទៀត តាមរយៈដំណើរការលទ្ធកម្ម»។

យោងតាមឯកសារមួយដែលត្រូវបានផ្ញើទៅកាន់សភាអាមេរិក និងទទួលបានដោយសារព័ត៌មាន POLITICO បានឲ្យដឹងថា ទីភ្នាក់ងារនេះមានផែនការចំណាយថវិកាលើកម្មវិធីនេះចំនួន ៦៤០ លានដុល្លារនៅក្នុងឆ្នាំ ២០២៦, ចំនួន ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៧, ចំនួន ៤១៥ លានដុល្លារក្នុងឆ្នាំ ២០២៨ និងចំនួន ១៨០ លានដុល្លារក្នុងឆ្នាំ ២០២៩។ NASA នឹងដកថវិកានេះចេញពីគណនីរុករករបស់ខ្លួន និងពីមូលនិធិដែលទទួលបានតាមរយៈច្បាប់ផ្សះផ្សាថវិកាដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ឯកសារបានកត់សម្គាល់ថា ការប៉ាន់ស្មានការចំណាយនេះមិនទាន់រាប់បញ្ចូលថវិកាសម្រាប់ «SkyFall» ដែលជាបេសកកម្មវិទ្យាសាស្ត្រដែលយានអវកាសនុយក្លេអ៊ែរថ្មីនេះនឹងត្រូវដឹកនាំទៅកាន់ភពអង្គារនោះទេ។

គួរបញ្ជាក់ដែរថា បេសកកម្មនេះ ដែលមានគោលដៅបង្ហោះនៅចុងឆ្នាំ ២០២៨ នឹងក្លាយជាការបង្ហាញការហោះហើរលើកដំបូងបង្អស់នៃប្រព័ន្ធរុញច្រានអគ្គិសនីនុយក្លេអ៊ែរ ។ យានអវកាសនេះមានគោលបំណងដឹកជញ្ជូនឧទ្ធម្ភាគចក្រចំនួន ៣ គ្រឿងទៅកាន់ភពអង្គារ ដើម្បីប្រមូលទិន្នន័យវិទ្យាសាស្ត្រ និងស្វែងរកប្រភពទឹកដែលអាចមាននៅទីនោះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម