KPT+
រឿងរ៉ាវផ្ទាល់ខ្លួន ៥យ៉ាងពីជីវិតកីឡាករ Kylian Mbappe ម្ចាស់ពានស្បែកជើងមាស World Cup 2022
កំពូលខ្សែប្រយុទ្ធ Kylian Mbappe ជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក និងត្រូវបានគេចាត់ទុកជាបុរសដ៏មានទេពកោសល្យកម្រក្នុងវិស័យបាល់ទាត់បារាំង។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ដោយយោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា កីឡាកររូបនេះទទួលបានប្រាក់បៀវត្សរ៍រហូតដល់ ១២០លានដុល្លារអាមេរិកឯណោះ សម្រាប់ការលេងនៅរដូវកាល ២០២២/២៣ ឱ្យក្លឹប PSG ។

ចំនួននេះមានច្រើនជាងតារាបាល់ទាត់ល្បីៗរបស់ពិភពលោកទាំងពីររូបគឺ Messi និង Ronaldo ទៅទៀត។ ដោយសារតែមិត្តរួមក្រុម PSG របស់ Mbappe គឺ Messi ទទួលបានប្រាក់ខែប្រហែល ១២០លានដុល្លារប៉ុណ្ណោះ ខណៈដែល Ronaldo ទទួលបាន ១០០លានដុល្លារ កាលពីពេលនៅលេងឱ្យ Manchester United ។

បច្ចុប្បន្ននេះ យោងតាមគេហទំព័រ caknowledge.com ទ្រព្យសម្បត្តិសុទ្ធរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ មានចំនួនប្រហែល ១៨០លានដុល្លារ។ ក្រៅពីទទួលបានប្រាក់បៀវត្សរ៍ដ៏ច្រើនពីកីឡាបាល់ទាត់ កីឡាករវ័យក្មេងរូបនេះក៏មានប្រាក់ចំណូលពីប្រភពជាច្រើនទៀតរួមមាន អាជីវកម្ម ការវិនិយោគ និងទូតសុឆន្ទៈតំណាងឱ្យម៉ាកយីហោល្បីៗលើពិភពលោក។
ខាងក្រោមជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន ៥យ៉ាង ពីកំពូលខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមមាន់គកបារាំង៖
១. Kylian Mbappe ជាកំពូលតារា ប៉ុន្តែប្រើជីវិតសាមញ្ញបំផុត

និយាយដល់ប្រាក់ចំណូលដ៏ខ្ពស់កប់ពពក ប្រិយមិត្តអាចនឹងគិតថា Mbappe ចូលចិត្តចាយជីវិតហាយសូរមិនខាន។ ផ្ទុយទៅវិញកីឡាកររូបនេះ មិនភ្លើតភ្លើនខ្ជះខ្ជាយប្រាក់ទៅលើរថយន្តទំនើប វីឡាប្រណីត ម៉ាកយីហោល្បីៗ ឬឧបករណ៍កីឡាផ្សេងៗឡើយ។
អ្នកគាំទ្រកម្រឃើញ Mbappe ថតរូបជាមួយរថយន្តទំនើប ឬអួតពីជីវិតដ៏ប្រណីតរបស់លោកនៅលើបណ្តាញសង្គមណាស់។ លោកផ្តោតពេលវេលាស្ទើរតែទាំងស្រុងលើការអភិវឌ្ឍជំនាញបាល់ទាត់ ហើយពេលទៅណាមកណា ហ្វេនៗឃើញលោកស្លៀកពាក់ធម្មតាៗប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងនាមជាកំពូលកីឡាករបាល់ទាត់ពិភពលោក គេដឹងថា Mbappe មានរថយន្តទំនើបពីរបីគ្រឿងដែរ ហើយលោកធ្លាប់ចំណាយប្រាក់ ៧០០០ដុល្លារក្នុងមួយម៉ោង ដើម្បីជួលយន្តហោះឯកជន សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។
២. Kylian Mbappe ជាមនុស្សស្រឡាញ់ស្បែកជើង និងនាឡិកាដៃ

Mbappe ជាមនុស្សគ្មានចំណង់ចំណូលចិត្តលើរថយន្តស្ព័រដូចអ្នកមានៗផ្សេងនោះទេ ដែលជាហេតុនាំឱ្យលោកកម្រចែករំលែករូបថតជាមួយរថយន្តទំនើប។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ២៤រូបនេះហាក់មានការចាប់អារម្មណ៍ខ្លាំងចំពោះនាឡិកាដៃ និងស្បែកជើង។ លោកជាម្ចាស់បណ្តុំនៃនាឡិកាទាន់សម័យបំផុត ដែលគេតែងប្រទះឃើញលោកបង្ហាញវាញឹកញាប់។
រាល់ពេលដែលលោកបង្ហាញវត្តមាននៅពីមុខកាមេរ៉ា ខ្សែប្រយុទ្ធរូបនេះផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការតុបតែងខ្លួន ដោយលោកតែងតែផ្លាស់ប្តូរម៉ូដនាឡិកា និងស្បែកជើងផ្សេងៗគ្នាពីម៉ាកយីហោល្បីៗ និងមានតម្លៃថ្លៃក្នុងពិភពលោកដូចជា Sneakers, Hublot, Nike និង Rolex ជាដើម។ យ៉ាងណាមិញ ស្បែកជើង និងនាឡិការបស់លោកភាគច្រើនត្រូវបានឧបត្ថម្ភដោយម៉ាកយីហោដែលលោកតំណាងឱ្យ ដូច្នេះលោកមិនចាំបាច់ចំណាយលុយទិញវានោះទេ។
៣. Kylian Mbappe ជាវិនិយោគិនលើវិស័យអចលនទ្រព្យ

ពេលឆ្លើយនៅចំពោះមុខសារព័ត៌មានបារាំង Mbappe ធ្លាប់និយាយថា លោកយកចិត្តទុកដាក់ជាពិសេសចំពោះការវិនិយោគលំនៅដ្ឋាន ព្រោះលោកចង់ឱ្យគ្រួសារមានផ្ទះធំទ្រនំខ្ពស់ សម្រាប់ពួកគាត់រស់នៅយ៉ាងសុខស្រួល។
ក្រោយវិនិយោគជោគជ័យ គេបានដឹងថា Mbappe មានវីឡាដ៏ប្រណីតតម្លៃ ១០លានដុល្លារ នៅកណ្ដាលក្រុងប៉ារីស ដែលវាមានបន្ទប់គេង ១២បន្ទប់ ជាមួយនឹងទីលានបាល់បោះ បណ្ណាល័យ កន្លែងហាត់ប្រាណ និងបន្ទប់អាហារ។ លើសពីនេះលោកមានផ្ទះលំហែមួយនៅប្រទេស ម៉ូណាកូ (Monaco) ផងដែរ។
៤. Kylian Mbappe ចូលចិត្តដើរកម្សាន្តជាមួយធម្មជាតិ

ថ្វីត្បិតតែខ្លួនក្លាយជាសេដ្ឋីហើយក្ដី និងមានលុយចាយមិនខ្វះយ៉ាងណាក៏ដោយ ប៉ុន្តែ Mbappe មិនដែលចំណាយលុយលើការសប្បាយដើរលេងក្លឹបរាត្រី ឬសេពគ្រឿងស្រវឹងឡើយ។ ម្ចាស់ពានស្បែកជើងមាសរូបនេះ ហាក់នៅឆ្ងាយពីទម្លាប់អវិជ្ជមាន ហើយលោកតែងត្រូវគេកោតសរសើរនូវរបៀបរស់នៅដែលមានសុខភាពល្អ។ នៅពេលវិស្សមកាលម្ដងៗ លោកឧស្សាហ៍ចំណាយប្រាក់សម្រាកលំហែជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយជារឿយៗលោកតែងតែទៅលេងឆ្នេរសមុទ្រ និងរមនីយដ្ឋានធម្មជាតិ។
៥. Kylian Mbappe ចូលចិត្តធ្វើសប្បុរសធម៌

ទង្វើនេះ ជាទង្វើដែលធ្វើឱ្យហ្វេនៗរាប់លាននាក់រឹតតែស្រឡាញ់គាំទ្រ Mbappe ព្រោះបុរសរូបនេះមិនភ្លេចឡើយនូវសកម្មភាពមនុស្សធម៌ ក្នុងការលើកស្ទួយកុមារក្រីក្រ។ ប្រហែលនេះជាចំណង់ចំណូលចិត្ត ដែលកើតចេញពីអតីតកាលរបស់ Mbappe ព្រោះកាលនៅវ័យកុមារ លោកមានជីវភាពក្រីក្រ និងលំបាក រកព្រឹកខ្វះល្ងាច។ យោងតាមកាសែតបារាំង L’Equipe កំពូលខ្សែប្រយុទ្ធរូបនេះធ្លាប់បានជួយកុមារពិការ កុមារឈឺរ៉ាំរ៉ៃ និងកុមារក្រខ្សត់ ដោយលោកតែងតែបរិច្ចាគប្រាក់រង្វាន់របស់ខ្លួនទាំងអស់ពីការប្រកួតបាល់ទាត់ពិភពលោកជូនមូលនិធិ។
ដោយឡែក ក្នុងព្រឹត្តិការណ៍ World Cup 2022 ថ្មីៗនេះ Kylian Mbappe ក៏បានប្រកាសយកប្រាក់រង្វាន់ទាំងអស់ ដែលមានតម្លៃប្រហែល ៤សែនដុល្លារ ផ្តល់ដល់កុមារក្រីក្រនៅអាហ្វ្រិកផងដែរ ហើយ Mbappe នឹងរក្សាទម្លាប់ប្រើប្រាស់ប្រាក់រង្វាន់ទាំងអស់នៅក្នុងក្លឹប និងការប្រកួតធំៗ ដើម្បីបរិច្ចាគដល់អង្គការសប្បុរសធម៌រហូតទៅ។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះរឿងរ៉ាវទាំង ៥យ៉ាង របស់ Kylian Mbappe? សូមចែករំលែកជាមួយ កម្ពុជាថ្មី!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kylian Mbappe ពីក្មេងក្រីក្រនៅសំណង់អនាធិបតេយ្យ ក្លាយជាកំពូលកីឡាករបាល់ទាត់ពិភពលោក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


