Connect with us

ព័ត៌មានជាតិ

កសិករក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលផ្លែប័រពូជប៊ូត រាងមូល មានរសជាតិឆ្ងាញ់

បានផុស

នៅ

ជាធម្មតា រដូវប្រមូលផលផ្លែប័រក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមពីខែមិថុនា ដល់ខែសីហា អាស្រ័យលើប្រភេទពូជដាំដុះ ជាពិសេសពូជប័រធម្មតា។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរដូវផ្លែប័រធម្មតា កសិករចាប់ផ្តើមប្រមូលផលផ្លែប័រមួយប្រភេទទៀត គឺផ្លែប័រប៊ូត ដែលមានរាងមូល និងមានរសជាតិឈ្ងុយឆ្ងាញ់ ចាប់ពីសប្តាហ៍ទីពីរនៃខែតុលានេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់ផ្លែឈើនៅក្បែរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ អ្នកស្រី កែវ អាយុ ៣៥ឆ្នាំ បានឱ្យដឹងថា ផ្លែប័រដែលសម្បូរខ្លាំងជាងគេក្នុងរដូវខែនេះ ជាប្រភេទផ្លែប័រមូល ពូជប៊ូត វាមានរស់ជាតិមិនចាញ់ផ្លែប័រពូជវែង ០៣៤ ដែលកសិករបានប្រមូលអស់មួយរយៈកន្លងមកហើយ។ ចំពោះប័រប៊ូតនេះ សាច់ក្រាសស្ងួតរមួតរសជាតិផ្អែមឆ្ងាញ់។ បើតាមអ្នកស្រី ៖«ប័រប៊ូតនេះ លក់ចេញបានតម្លៃ ៥ ០០០ រៀល ក្នុងមួយគីឡូ មួយថ្ងៃៗប្រមូលទិញពីកសិករបានច្រើនដែរ។ ពេលខ្លះភ្ញៀវទេសចរមិនស្គាល់ប័រនេះទេ ប៉ុន្តែបន្ទាប់ពីបានភ្លក្សហើយគាត់ថាឆ្ងាញ់ និងទិញច្រើនគីឡូទៀតផង»។

អតិថិជនក៏ដូជាភ្ញៀវទេសចរនិយមទទួលទានប័រនេះឱ្យតែដល់រដូវប្រមូលផល ព្រោះវាមានតម្លៃធូរថ្លៃត្រឹម ៥ ០០០ រៀលប៉ុណ្ណោះក្នុងមួយគឺឡូក្រាម។ អជីវកររូបនេះបញ្ជាក់ថា អ្នកដែលធ្លាប់ទទួលទានតាមបណ្ដាលខេត្តផ្សេងនាពេលកន្លងមក តែងតែធ្វើការកម្មង់ជាប្រចាំ ពិសេសគឺទីក្រុងភ្នំពេញផងដែរ។

បន្ថែមពីនេះ ក្នុងនាមអាជីវករលក់ផ្លែឈើបន្តនៅផ្សាក្រុងសែនមនោរម្យ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់សូមជួយគាំទ្របន្លែផ្លែឈើក្នុងស្រុក ពិសេសផ្លែប័រធម្មជាតិក្នុងខេត្តមណ្ឌលគិរី ដាំដុះដោយកសិករ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារពួកគេ។

អាជីវករលក់ផ្លែឈើ

ជាមួយគ្នានេះ ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរីឈ្មោះ វេង សេង រស់នៅទីក្រុងភ្នំពេញ បានបង្ហាញចំអារម្មណ៍ថា បន្ទាប់ពីសាកល្បងភ្លក្សនៅរសជាតិផ្លែប័រមូលនេះ ឃើញថាមានរសជាតិឈ្ងុយឆ្ងាញ់ ផ្អែមរមួត។ បើតាមលោក សេង ប្រៀបធៀបថា៖«ខ្ញុំធ្លាប់ទិញនៅភ្នំពេញអត់សូវឆ្ងាញ់ដូចប័រនេះទេ ពិសេសតម្លៃប័រខេត្តធូរថ្លៃជាង»។

ក្នុងនាមភ្ញៀវទេសចរមួយរូប ក៏សូមអំពាវនាវទៅដល់ ប្រជាពលរដ្ឋភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តមណ្ឌលគិរី ងាកមកជួយគាំទ្រផលិតផលក្នុងស្រុក ជាពិសេសរដូវផ្លែប័រធម្មជាតិប្រចាំតំបន់ ដាំដោយកសិករផ្ទាល់ មិនប្រើប្រាស់សារធាតុគីមី សម្បូរវីតាមីនជំនួយទៅដល់សុខភាព។

ចំណែកភ្ញៀវទេសចរម្នាក់ទៀត អ្នកស្រី ធីតា បានលើកឡើងថា៖« មិនថា ផ្លែប័រ ក្រូច ផាសិន និងបន្លែផ្លែឈើផ្សេងៗ នៅក្នុងខេត្តមណ្ឌលគិរី ខ្ញុំទិញហូបរហូត​។ ខ្ញុំមកលេងខេត្តនេះ ក្រៅពីដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាន មើលទេសភាពព្រៃភ្នំ ក៏មានបំណងទិញផ្លែឈើពីខេត្តទៅហូបនៅភ្នំពេញ និងចែកបងប្អូនផងដែរ»៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម