ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា-ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទម៉ាឡេស៊ី លោក Ahmad Zahid Hamidi សុទ្ធតែពេញចិត្តចំពោះចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងមានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា។ ការបង្ហាញអំពីការពេញចិត្តនេះ បានកើតឡើងនៅក្នុង ជំនួប ដែលនាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៤ ខែតុលា ក្នុងពេលបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ។

នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត, ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ជាមួយគ្នា លោក បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានពិភាក្សាក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំង ទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ សម្តេចបវរធិបតីបានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ី នៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ។

កម្ពុជា-ម៉ាឡេស៊ី បានចងភ្ជាប់ចំណងការទូតផ្លូវការជាមួយគ្នានៅក្នុងឆ្នាំ១៩៥៧ ដែលគិតមកទល់ពេលនេះ ទំនាក់ទំនងប្រទេសទាំងពីរមានវ័យ៦៨ឆ្នាំហើយ។ ទំនាក់ទំនងនេះ ផ្ដល់ជាប្រយោជន៍រួមឱ្យគ្នាលើវិស័យសេដ្ឋកិច្ច នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌។ តាមប្រវត្តិសាស្ត្រ តាំងពីបុរាណកាលមក អរិយធម៌ខ្មែរ និងម៉ាឡេស៊ី មានទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈពាណិជ្ជកម្ម សាសនា និងសិល្បៈ។ ក្រុមហ៊ុនម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមកដល់បច្ចុប្បន្ន ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៤ ដូចជា ទូរគមនាគមន៍ ធនាគារ សំណង់ និងកម្មន្តសាល។ តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី សម្រេចបានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។ រយៈពេលពេញ១ឆ្នាំ២០២៤ ម៉ាឡេស៊ី គឺជាប្រទេសទី១ ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោន។

កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលថៃប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឈ្លានពាន និងបើកការវាយប្រហារដោយខុសច្បាប់មកលើកម្ពុជា រយៈពេល៥ថ្ងៃ បណ្ដាលឱ្យខូចខាតវត្តអារាម សាលារៀន ស្ថានីយប្រេងឥន្ធនៈ មន្ទីរពេទ្យ ផ្ទះសម្បែងពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក, ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរៀបចំឱ្យមាន និងសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងផ្ដល់ជាទីតាំងរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ដែលជាជំហានដ៏សំខាន់បន្ថែមទៀតក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធិភាព។

ជុំវិញការវិការសម្របសម្រួលបែបនេះ, តាមរយៈឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀតជូនចំពោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


