ព័ត៌មានជាតិ
យោធភូមិភាគ៥ថា ថៃឈូសឆាយផ្លូវតែក្នុងដីគេប៉ុណ្ណោះ មិនបានឈូសចូលក្នុងដីកម្ពុជានៅថ្មដា ស្រុកវាលវែងឡើយ
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា ថៃឈូសឆាយធ្វើផ្លូវតែក្នុងដីគេតែប៉ុណ្ណោះ មិនបានឈូស ឆាយចូលមកក្នុងទឹកដីកម្ពុជានៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដូចការផ្សាយនៅតាមបណ្ដាញសង្គមឡើយ។ ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅទីនោះ ដើម្បីការពារ ទឹកដីរបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី១៧ ខែតុលា សរសេរបញ្ជាក់ដូច្នេះ៖« យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ថា មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ ដូច្នេះ សូមសាធារណជនទាំងអស់កុំមានការយល់ ច្រឡំ និងសូមកុំបន្តចែករំលែក។ »។

ជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត ទន្ទឹមនឹងការគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

យោធភូមិភាគទី៥ រម្លឹកឱ្យដឹងថា ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការ អះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថាកម្ពុជា និងថៃ មានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើង វិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MoU2000)។

តាមការរាយការណ៍របស់បណ្ដាញផ្សព្វផ្សាយព័ត៌មាន ចាប់ពីវេលាម៉ោង១០ព្រឹក រហូតដល់វេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងរបស់ថៃ ដែលប្រដាប់ដោយអាវុធ ដាក់គ្រឿងចក្រ និងរថពាសដែក បានធ្វើសកម្មភាពឈូសឆាយផ្លូវនៅក្នុងដីរបស់ខ្លួន ឆ្ពោះមកកាន់ «តំបន់អូរភ្លុកដំរី» កន្លែងរាយបន្លាលួស ជាប់ព្រំដែនកម្ពុជា ទល់មុខនឹងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរកត់សម្គាល់ថា សកម្មភាពនេះ បានកើតឡើងបន្ទាប់ពីថ្មីៗនេះ យោធាថៃ បានប្រើប្រាស់គ្រឿងចក្រឈួសឆាយដីពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ត្បិតមិនបានឈូសឆាយចូលមកក្នុងទឹកដីកម្ពុជា ប៉ុន្តែសកម្មភាពនេះ គឺជាការបំពានទៅនឹងការឯកភាពរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កាលពីខែសីហា នៅលើទឹកដីម៉ាឡេស៊ី ដែលឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង រួមបញ្ចូលទាំងការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាស និងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត មិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាហួសពីព្រំដែនរបស់ខ្លួន ក្រោយពីបទឈប់បាញ់ចូលធរមាន។
កាលពីខែកញ្ញា ក្រសួងការបរទេសនៃកម្ពុជា ធ្លាប់អះអាងថា ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន ១៧ បន្ថែមទៀត ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


