Connect with us

ព័ត៌មានជាតិ

លោកជំទាវ ពេជ ចន្ទមុន្នី ផ្តាំពលរដ្ឋកុំបរិភោគអាហារមានរសជាតិដិតពេក គ្រឿងកំប៉ុងច្រើនពេក នាំឱ្យកើតជំងឺផ្សេងៗ

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋគិតគូរពីសុខភាព កុំទទួលទានអាហារដែលមានរសជាតិដិតៗខ្លាំងពេក ដូចជាប្រៃពេក ផ្អែមពេក និងមានជាតិខ្លាញ់ច្រើនពេក ភេសជ្ជៈគ្រឿងកំប៉ុង គ្រឿងស្រវឹងច្រើន ដែលអាចនាំឱ្យកើតជំងឺមហារីក ទឹកនោមផ្អែម និងលើសឈាមជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាកបាទក្រហមកម្ពុជា ការលើកឡើងរបស់លោកជំទាវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសលោកជំទាវអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១,៣២៩គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។

លោកជំទាវបណ្ឌិត អំពាវនាវថា៖ “សូមគិតគូរពីបញ្ហាសុខភាព សូមពិសាទឹកដាំពុះ និងបរិភោគអាហារដែលមានអនាម័យ ដើម្បីជៀសវាងការកើតជំងឺផ្សេងៗ ជាពិសេសសូមកុំបរិភោគប្រៃពេក ផ្អែមពេក និងមានជាតិខ្លាញ់ច្រើន ភេសជ្ជៈគ្រឿងកំប៉ុង គ្រឿងស្រវឹង និងបារីជាដើម ដើម្បីចៀសផុតពីជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ទឹកនោមផ្អែម និងលើសឈាម ជាដើម។ល។”។

ជាមួយគ្នានេះ សម្រាប់ពលរដ្ឋដែលមានជំងឺ សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីព្យាបាលជាបន្ទាន់ ហើយសូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ ប.ស.ស. ដើម្បីកាត់បន្ថយការចំណាយថវិកា។ លោកជំទាវបណ្ឌិត ក៏បានណែនាំដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) រៀបចំចុះមកពិនិត្យសុខភាពជូនប្រជាជន នៅឆ្នាំក្រោយផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវស្នើទៅសាខាកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បន្តអប់រំផ្សព្វផ្សាយពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សំដៅចូលរួមចំណែកកាត់បន្ថយជំងឺឆ្លង និងជំងឺមិនឆ្លងនានា មានដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម, ជំងឺអេដស៍ជាដើម។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមលើកកម្ពស់វិធានការ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀន-គ្រឿងស្រវឹង, ល្បែងស៊ីសងគ្រប់ប្រភេទ, ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ។ សូមអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយដល់បង-ប្អូន ដែលជាពលករត្រឡប់មកពីប្រទេសជិតខាង ដើម្បីទទួលបានការងារធ្វើនៅក្នុងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម