ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ
នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥នេះ ពីពិធីដាំដើមឈើអបអរសាទរបុណ្យរុក្ខទិវា នៅបរិវេណទួលព័ន្ធតាឡីបឹងស្នេហ៍ ក្នុងឃុំធាយ ស្រុកបាភ្នំ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបំផុសគំនិតឱ្យប្រជាពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង សុខភាពល្អ និងកាន់តែមានសុខដុមរមនា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា តាមតម្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម ដែលនេះបានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។
ក្នុងន័យនេះ លោក ថា ដើម្បីចូលរួមទប់ស្កាត់ និងស្ដារដើមឈើឡើងវិញ ប្រជាពលរដ្ឋ១នាក់ ត្រូវដាំដើមឈើ១ដើម ជារៀងរាល់ឆ្នាំ មិនថានៅទីកន្លែងណា ឬក្នុងបរិវេណណា ជារួមទាំងនៅសាលារៀន វត្តអារាម ទីប្រជុំជន ក៏ដូចជាកន្លែងធ្វើការជាដើម។ លោកបានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីនៅថ្ងៃនេះ គ្រាន់តែជានិម្មិតរូបមួយប៉ុណ្ណោះ ពោលគឺដើម្បីពិភពលោកកាន់តែបង្កើននូវគម្របបៃតងឡើងវិញនោះ ទាមទារជាចាំបាច់ការចូលរួមពីពលរដ្ឋម្នាក់ៗ និងនៅគ្រប់បណ្ដាប្រទេស លើពិភពលោក ដែលក្នុងនោះក៏រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងដូចគ្នាដែរ។

ពីវេទិកានេះ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរឃុំស្រុក រៀបចំផែនការឱ្យបានច្បាស់លាស់នូវតម្រូវការនៃប្រភេទដំណាំ ឬប្រភេទដើមឈើដែលជាតម្រូវការចាំបាច់ ដោយបញ្ជូនទៅរដ្ឋបាលថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបូកសរុបជាកញ្ចប់នៃបញ្ហា និងស្នើសុំទៅថ្នាក់ជាតិ ពិនិត្យមើលពីស្ថានភាពជាក់ស្ដែងពីបញ្ហានៃតំបន់នីមួយៗ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការបញ្ហាបម្រែបម្រួលអាកាសធាតុ។

រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ ក៏បានណែនាំឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ទៅលើបញ្ហាធនធានធម្មជាតិនេះ ព្រមទាំងចូលរួមថែរក្សា និងសម្រេចឱ្យបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម និងបរិស្ថាន ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងរបាយការណ៍របស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលព្រៃឈើបានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទចំនួន១៥.៩៤៥ដើម ក្នុងនោះមាន ដើមក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែជាដើម ព្រមទាំងបានចែកកូនឈើនៅតាមបណ្ដាវត្តអារាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋដាំក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ថ្នាក់ដឹកនាំ សរុប២.២០៣ដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


