ព័ត៌មានជាតិ
កសិករនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមប្រមូលផលដំឡូងមីបណ្ដើរៗ ខណៈតម្លៃធា្លក់ចុះជាងឆ្នាំមុន
ក្រោយពីកសិករប្រកបរបរកសិកម្មដាំដំឡូងមី ហើយចូលមកដល់ដើមខែវិច្ឆិកាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋចាប់ផ្ដើមប្រមូលផលដំឡូងមីបណ្ដើរៗហើយ ខណៈតម្លៃធ្លាក់ចុះជាងឆ្នាំមុនៗ។

ម្ចាស់ជញ្ជីងស្តុកដំឡូងមី លោក ឡូញ ភារ៉ា មានទីលំនៅបច្ចុប្បន្ន ភូមិពូតាងឃុំពូជ្រៃស្រុកពេជ្រដា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជាទម្លាប់ចាប់ដើមខែវិច្ឆិកាកសិករនៅក្នុងមូលដ្ឋានចាប់ផ្ដើមប្រមូលផលដំឡូងមីលក់ឱ្យខ្លួនបណ្ដើរៗហើយ។ លោកបន្តថា មួយថ្ងៃគាត់អាចប្រមូលទិញដំឡូងពីកសិករ បានចន្លោះពី ១០តោន ទៅ១៥តោន ហើយតម្លៃថ្ងៃសម្រាប់ថ្ងៃទី៨ខែវិច្ឆកានេះ ដំឡូងមី ១គីឡូ ២៤០រៀល និងគ្រប់ចំនួនមួយរថយន្តធំវេអង ទើបដឹកយកទៅលក់បន្តនៅឯច្រកដូងខេត្តត្បូងឃ្មុំ។

ឈ្មួញរូបនេះបញ្ជាក់ថា បើទោះបីតម្លៃទីផ្សានៅពេលបច្ចុប្បន្ននេះ ហាងឆេងមិនទាន់ហក់ខ្ពស់ ប៉ុន្តែសម្រាប់កសិករ ដែលដាំ ក្នុងឆ្នាំចាស់ ពួកគេចាប់ផ្ដើមដកយកលក់ហើយ ប៉ុន្តែសម្រាប់អ្នកដាំថ្មី ក៏មានការប្រមូលផលបណ្ដើរៗផងដែរ។យ៉ាងណាមិញ បើទោះបីជាកសិករដល់រដូវប្រមូលផលហើយក៏ពិតមែន ប៉ុន្ដែក៏មានប្រជាពលរដ្ឋដែលប្រកបរបរដាំដំឡូងមីនេះ ពួកគេនៅតែរង់ចាំហាងឆេងដំឡូងមីឡើងតម្លៃខ្ពស់ជាងនេះបន្តិចទើបពួកគេនាំគ្នាប្រមូលដកមកលក់ឱ្យខ្លួន ផងដែរ។
លោក ឡូញ ភារ៉ា ក៏សូមផ្តាំដល់កសិករទាំងអស់ថា ប្រសិនបើដំឡូងមីដល់គ្រប់អាយុប្រមូលផលហើយនិងអាចដកមកលក់ក្នុងតម្លៃនេះបានគួរនាំគ្នាដកចុះ។ ទោះបីជាយ៉ាងណា សម្រាប់កសិករមួយចំនួនគិតថា តម្លៃដំឡូងមីនៅពេលបច្ចប្បន្នមិនទាន់សមស្រប និងមិនទាន់ប្រញាប់បង្វិលសាច់ប្រាក់នោះទេ អាចគួរចាំបន្តិចទៀតសិនក៏ល្អម្យ៉ាងដែរ។
ពីព្រោះតម្លៃដំឡូងមីនៅលើទីផ្សារក្នុងប្រទេសកម្ពុជាមានឡើងចុះតាមហាងឆេងជាក់ស្តែងរបស់ឈ្មួញទិញធំ។

ជាមួយគ្នានោះ លោក សុង ឃាង ប្រធារមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី ក៏បានឱ្យដឹងផងដែរថា ផ្ទៃដីដាំដុះដំឡូងមីរបស់កសិករនៅក្នុងខេត្តមណ្ឌលគិរីឆ្នាំ២០២៥ នេះ ដំណាំដំឡូងមី របស់កសិករអនុវត្ត បានចំនួន២២ ៩៨៣ហិកតា។
លោកបញ្ជាក់ថា ចំពោះតម្លៃនៅពេលបច្ចុប្បន្ននេះទាបជាងឆាំ្ន២០២៤ (២៨០ទៅ៣០០រៀល /Kgស្រស់)។
ក្នុងនាមមន្រ្តីជំនាញ លោកសូមលើកទឹកចិត្តដល់ប្រជាកសិករគួរទុកឱ្យដំឡូងមី យ៉ាងតិចអាយុ១០ខែ ដើម្បីឱ្យកម្រិតម្សៅបានល្អព្រោះដំឡូងមីអាយុពី៧ទៅ៨ខែ (មានកំរិតម្សៅតិចក្នុងមើម) ដែលនេះជាមូលហេតុអ្នកទិញឱ្យតម្លៃទាប ផងដែរ៕
អត្ថបទ ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


