ព័ត៌មានជាតិ
មេយោធាខេត្តកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗតាមព្រំដែនកម្ពុជា-ថៃ ដល់កងកម្លាំង
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា និងថៃ ដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលកើតមានឡើង ពិសេសការកែសម្រួលអាវុធធន់ធ្ងន់របស់ភាគីកម្ពុជា និងភាគីថៃ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយអនុវត្តតាមសេចក្ដីប្រកាសរួមស្ដីពីសន្តិភាពយូរអង្វែងរបស់ប្រទេសទាំងពីរ។ សេចក្ដីប្រកាសរួមនេះ គឺបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកអាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីកិច្ចខិតខំប្រឹងប្រែងអត់ធ្មត់គ្រប់បែបយ៉ាង និងភាពស្ងៀម តែមិនស្ងាត់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជាទាំងមូល រហូតបានចេញជាលទ្ធផល ក្រោមការសាទរពីមជ្ឈដ្ឋានទូទៅនៅលើសកលលោក និងប្រជាជនកម្ពុជានៅទូទាំងប្រទេស។
គួរឱ្យដឹងថា ភាគីកម្ពុជា និងភាគីថៃ បនកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចាប់ផ្តើមការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ សម្រាប់ដំណាក់កាលទី១។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល ៣សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាក់ស្ដែង បើតាមក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីកម្ពុជា និងភាគីថៃបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបានបន្ដកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះនៅព្រំដែនក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ ក្នុងជំហានទី២ នៃដំណាក់កាលទី១។ ក្រសួងការពារជាតិកម្ពុជា ថា នៅពេលកម្ពុជាកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ភាគីកងទ័ពថៃ ក៏អនុវត្តតាមដូចគ្នានឹងកម្ពុជាដែរ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


