ព័ត៌មានជាតិ
បច្ចេកវិទ្យាទំនើប ៤ បំពាក់នៅអាកាសយានដ្ឋានតេជោ នាំបទពិសោធន៍ថ្មីនៃការធ្វើដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជា
អាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទំនើបកម្មរហូតត្រូវបានអាជ្ញាធរអាកាសចរផ្តល់ចំណាត់ថ្នាក់នៅក្នុងចំណោមអាកាសយានដ្ឋានដ៏កំពូលមួយរបស់ពិភពលោក។
អាកាសយានដ្ឋានតម្លៃជិត ២ ពាន់លានដុល្លារនេះ បានបំពាក់បច្ចេកវិទ្យាដែលសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរ រួមទាំងការនាំបទពិសោធន៍ថ្មីសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជា។

ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ (Smart Gate)
ការដាក់ឲ្យដំណើរការប្រព័ន្ធច្រកទ្វារអេឡិចត្រូនិក (Smart Gate) ក្រោមហេតុផលធំចំនួន ២ ទីមួយ គឺកាត់បន្ថយការរង់ចាំរបស់អ្នកដំណើរ និងទីពីរ បង្កើនប្រសិទ្ធភាពក្នុងការកត់ត្រានូវទិន្នន័យអ្នកដំណើរចេញចូលបានជាក់លាក់។
ខុសពីសព្វមួយដង ដែលអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានតម្រូវឲ្យឈររង់ចាំឲ្យមន្ត្រីត្រួតពិនិត្យ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះសម្រួលដល់អ្នកដំណើរមិនឲ្យមានការកកស្ទះ លើកលែងតែមានឧបសគ្គខ្លះៗដែលត្រូវការជំនួយពីមន្រ្តីមានសមត្ថកិច្ច។

តាមរយៈការប្រើប្រាស់ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ (Smart Gate) ក៏ជួយដល់មន្រ្តីច្រកទ្វារងាយស្រួលគ្រប់គ្រងទិន្នន័យលំហូរអ្នកដំណើរ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗរបស់អ្នកដំណើរចេញចូលប្រទេសកម្ពុជា។
បច្ចុប្បន្នអ្នកដំណើរមកពីប្រទេសចំនួន ១៨ អាចប្រើប្រាស់ប្រព័ន្ធច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរួមមានប្រទេសអាស៊ានទាំង ១០ ចិន ជប៉ុន កូរ៉េខាងត្បូង តំបន់សេដ្ឋកិច្ចពិសេសហុងកុង និងម៉ាកាវ អាមេរិក អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
សេវាកម្ម Check in ដោយខ្លួនឯង
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យអតិថិជនប្រើប្រាស់។ អតិថិជនអាចស្កេនលិខិតឆ្លងដែន ពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែម និងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in ដើម្បីដាក់អីវ៉ាន់របស់ខ្លួន។

បំពាក់ម៉ាស៊ីនស្កេន (X-Ray) ដ៏ទំនើប មិនបាច់អ្នកដំណើរដោះសម្ភារជាប់ខ្លួន
អាកាសយានដ្ឋានអន្តរជាតិតេជោ បាននាំយកឧបករណ៍ស្កេនដ៏ទំនើបដែលអាចស្កេនឆែកខ្លួនអ្នកដំណើរ ដោយមិនតម្រូវឲ្យដោះសម្ភារៈជាប់ខ្លួន។ យ៉ាងណាមិញ ម៉ាស៊ីនដែលបំពាក់នៅច្រកត្រួតពិនិត្យសុវត្ថិភាពនេះ ប្រើប្រាស់បានតែក្នុងលក្ខខណ្ឌពិសេសៗប៉ុណ្ណោះ មិនសម្រាប់ប្រើប្រាស់ទូទៅនោះទេ។

បំពាក់ប្រព័ន្ធបច្ចេកវិទ្យាជំនួយការចតយន្តហោះ AVGS
អាកាសយានដ្ឋានអន្តរជាតិតេជោ បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាជំនួយការចត AVGS (Aircraft Ground Vehicle System) ដែលប្រព័ន្ធនេះបានសម្រួលដល់ប្រតិបត្តិការចូលចតរបស់យន្តហោះ ដោយមិនត្រូវការជំនួយពីមន្រ្តីបច្ចេកទេស។

ក្រៅពីការនាំបច្ចេកវិទ្យាទំនើបៗបំពាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានជំរុញផ្លាស់ប្តូរមុខមាត់ថ្មីនៃការធ្វើដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជា សមត្ថកិច្ចកម្ពុជាក៏បានរៀបចំសម្រួលនីតិវិធី តាមរយៈការដាក់ឲ្យដំណើរការប្រព័ន្ធសលាកបត្រចេញចូលប្រទេសកម្ពុជា «Cambodia e-Arrival» ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ ស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។
ជំនួសឱ្យការបំពេញទម្រង់បែបបទចេញចូលលើក្រដាស (ទម្រង់បែបបទអន្តោប្រវេសន៍ ទម្រង់សុខភាព និងសេចក្តីប្រកាសគយ) ប្រព័ន្ធ Cambodia e-Arrival កាត់បន្ថយពេលវេលាបំពេញបែបបទបស់អ្នកដំណើរដោយគ្រាន់តែបំពេញព័ត៌មានតាមគេហទំព័រ www.arrival.gov.kh ឬកម្មវិធីទូរសព្ទ Cambodia e-Arrival បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល។ មួយវិញទៀត ប្រព័ន្ធនេះក៏សម្រួលដល់ការស្នើសុំទិដ្ឋាការពេលមកដល់កម្ពុជាបានឆាប់រហ័សជាងមុនផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


