Connect with us

ព័ត៌មានជាតិ

កម្ពុជា គាំទ្រគ្រប់មធ្យោបាយរបស់ចិន ដើម្បីប្រឆាំងឯករាជ្យតៃវ៉ាន់

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់នូវ«គោលនយោបាយចិនមួយ» និងថាតៃវ៉ាន់មិនអាចផ្ដាច់ខ្លួនចេញពីរដ្ឋចិនបានឡើយ។កម្ពុជា ចាត់ទុកបញ្ហាតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគាំទ្រគ្រប់មធ្យោបាយរបស់ចិន ដើម្បីប្រឆាំងនឹងការប្រកាសឯករាជ្យរបស់តៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា បញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍ក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ដូច្នេះ៖«កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់។»។

ការបញ្ជាក់សាជាថ្មីរបស់កម្ពុជាអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គឺបន្ទាប់ពីភាពតានតឹងរវាងជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ បានឡើងកម្ដៅខ្លាំងឡើង ហើយប្រពន្ធផ្សព្វផ្សាយក៏បានសួរពីទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជាវិញការវិវត្តនេះ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍៍ដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង នានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។

នាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi  (រូបភាព៖ Reuters)

ជម្លោះការទូតដ៏តានតឹងបំផុតរវាងចិន និងជប៉ុន  ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ កើតមានឡើងដោយការអត្ថាធិប្បាយថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី តាកាអ៊ីជី (Sanae Takaichi) ដែលថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញ​ឲ្យ​មានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន។ ចិនបានសងសឹកវិញ តាមរយៈការអត្ថាធិប្បាយវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការហាមឃាត់គ្រឿងសមុទ្រជប៉ុន ការផ្អាកការចាក់បញ្ចាំងភាពយន្តជប៉ុន និងការព្រមានពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន។

ស្របពេលដែលជម្លោះការទូតបន្តតានតឹង ជប៉ុនប្រកាសថា នឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។  ក្រសួងការបរទេសចិន កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ ចាត់ទុកសកម្មភាពជប៉ុនបែបនេះ ថាមានបំណង«បង្កភាពតានតឹងក្នុងតំបន់ និងញុះញង់​ឲ្យ​មានការប្រឈមមុខដាក់គ្នាផ្នែកយោធា» និងព្រមានថា «កម្លាំងស្តាំនិយមនៅជប៉ុន កំពុងដឹកនាំជប៉ុន និងតំបន់ទៅរកគ្រោះមហន្តរាយ»។ ក្រសួងការបរទេសចិន ក៏ប្រកាសថា ទីក្រុងប៉េកាំងមាន«ការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»។

ទីក្រុងប៉េកាំង ដែលទាមទារថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសារផ្នែកយោធានៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រសួងការពារជាតិចិនបានព្រមានកាលពីពាក់កណ្តាលខែវិច្ឆិកាថា ជប៉ុននឹងប្រឈមមុខនឹងបរាជ័យ «យ៉ាងធ្ងន់ធ្ងរ» ប្រសិនបើខ្លួនលូកដៃក្នុងជម្លោះកោះតៃវ៉ាន់។ ចាប់តាំងពីពេលនោះមក ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA) ជាច្រើនបានបញ្ចេញវីដេអូចម្រៀងជាតិនិយមដែលបង្ហាញពីមីស៊ីល នាវាចម្បាំង និងកងទ័ពត្រៀមប្រយុទ្ធ រួមទាំងវីដេអូមួយរបស់កងកម្លាំងគ្រាប់រ៉ុក្កែតដែលបង្ហាញពីមីស៊ីលផ្លោងអន្តរទ្វីប និងដាក់ចំណងជើងថា «បើថ្ងៃនេះសង្គ្រាមផ្ទុះឡើង នេះជាការឆ្លើយតបរបស់ខ្ញុំ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន (រូបភាព៖ Reuters)

បច្ចុប្បន្នភាពចុងក្រោយ គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កុំ​បង្ក​ជម្លោះ​ជាមួយ​ទីក្រុង​ប៉េកាំង​លើ​បញ្ហា​តៃវ៉ាន់។ នេះបើតាមកាសែត The Wall Street Journal (WSJ) រាយការណ៍កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​វិច្ឆិកា​៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម