Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងសិរីសោភ័ណ ដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញ​ក្រុងសិរីសោភ័ណ ឲ្យមានរបៀបរៀបរយ

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ ក្រុម​ការងារ​សាលា​ក្រុង​សិរីសោភ័ណ ក្រុម​ការងារ​សង្កាត់​ព្រះ​ពន្លា និង មេភូមិ ៣ ដែល​ដឹកនាំ​ដោយ លោក ស្រេង សុផល អភិបាល​ក្រុង​សិរីសោភ័ណ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ព្រមទាំង​ណែនាំ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​លក់ដូរ​មួយ​ចំនួន សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ថែរក្សា​ដង​ផ្លូវ​សាធារណៈ​ជុំវិញ​ក្រុង​សិរីសោភ័ណ​ឲ្យ​មាន​របៀប​រៀបរយ សោភ័ណភាព​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រេង សុផល បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ កម្លាំង​សណ្ដាប់ធ្នាប់​សង្កាត់ មេភូមិ ៣ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​បណ្ដោយ​ផ្លូវ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ រហូត ជុំវិញ​ក្រុង​នេះ ដើម្បី​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​លក់ដូរ​មួយ​ចំនួន សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ថែរក្សា​ដង​ផ្លូវ​សាធារណៈ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ ជាពិសេស​សោភ័ណភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ។

លោក​បាន​បន្ត​ថា សកម្មភាព​ខាង​លើ​នេះ បាន​បន្ត​ចុះ​ធ្វើ​ដូច​ភ្លៀងរលឹម នៅ​ក្នុង​មូលដ្ឋាន ដោយ​ធ្វើ​យ៉ាងណា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​សណ្ដាប់ធ្នាប់ របៀបរៀបរយ​តាម​ដង​ផ្លូវ​សាធារណៈ ពិសេស​អាជីវករ​យក​ចិញ្ចើម​ផ្លូវ​ដាក់​អីវ៉ាន់​លក់ដូរ​យ៉ាង​អនាធិបតេយ្យ ព្រមទាំង​ស្លាក​យីហោ​មួយ​ចំនួន​ដែល​ដាំ​ជាប់​នៅ​ចិញ្ចើម​ផ្លូវ​ប៉ះពាល់​ចំណី​ផ្លូវ​សាធារណៈ និង​គ្មាន​ច្បាប់​អនុញ្ញាត។

ទន្ទឹម​នោះ ក្រុម​ការងារ ក៏បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ឲ្យ​អនុវត្ត​ទុក​ចិញ្ចើម​ផ្លូវ ៣ ម៉ែត្រ សម្រាប់​ឲ្យ​អ្នក​ដំណើរ​ដើរ​ទៅ​មក​បាន​ស្រួល​ផង​ដែរ។

លោក​អភិបាល​ក្រុង​សិរីសោភ័ណ ក៏បាន​សំណូមពរ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ថែរក្សា​របៀបរៀបរយ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ទុក​ជា​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម