ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រីកម្ពុជាថាអាស៊ានគួរឈប់ជជែករឿងអត់បានការ ត្រូវផ្តោតលើការកសាងសន្តិភាព និងជំនឿទុកចិត្តក្នុងតំបន់
ក្នុងពេលដែលថៃ សមាជិកអាស៊ាន បន្តបានបើកការវាយប្រហារ សម្លាប់ជនស៊ីវិលស្លូតត្រង់ ឈ្លានពានលើកម្ពុជា ដែលជាប្រទេសអាស៊ានដូចគ្នា បំផ្លិចបំផ្លាញសន្តិភាពក្នុងតំបន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គួរតែឈប់និយាយរឿងអត់ប្រយោជន៍ ងាកពិភាក្សាលើការទប់ស្កាត់សង្គ្រាម ជំនឿចិត្តក្នុងតំបន់។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បែបនេះ ចំពេលដែលថៃបន្តវាយប្រហារមកលើកម្ពុជា ចំណែកប្រទេសជាសមាជិកអាស៊ានជាច្រើនបិទមាត់មិនហ៊ាននិយាយស្ដីអ្វីសោះលើបញ្ហានេះ ក្រៅតែពីម៉ាឡេស៊ីដែលជាប្រធានអាស៊ានដែលប្រឹងប្រែងខ្លាំង។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែធ្នូ នេះ បន្ទាប់ពីអាស៊ានអនុញ្ញាតឱ្យផ្លាស់ប្ដូរកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ លើកទៅថ្ងៃទី២២ ខែធ្នូ ដូច្នេះថា ៖«អាស៊ានគួរឈប់ជជែករឿងអត់បានការ ហើយផ្តោតលើការកសាងសន្តិភាព និងជំនឿទុកចិត្តក្នុងតំបន់។»។
យោធាថៃបានបើកការឈ្លានពានបាញ់ប្រហារមកលើកម្ពុជាទ្រង់ទ្រាយធំម្ដងទៀត នៅដើមខែធ្នូ ដោយប្រើប្រាស់យុទ្ធោបករណ៍ល្មើសច្បាប់អន្តរជាតិជាច្រើនប្រភេទរាប់ចាប់ផ្សែងពុល គ្រាប់បែកចង្កោម និងយន្តហោះចម្បាំងជាដើម ដោយបានឈ្លានពានចូលទឹកដីកម្ពុជា វាយប្រហារទីតាំងស៊ីវិលជាដើម។
ក្រសួងការពារជាតិកម្ពុជា ថាការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។

ប្រធានក្លិបអ្នកកាសែតកម្ពុជារៀបរាប់ក្នុងសៀវភៅរបស់លោកដែលទើបចេញផ្សាយនៅខែធ្នូ នេះ ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងខែតុលាកន្លងទៅ មានតែប្រទេសចំនួន៧ប៉ុណ្ណោះ (ក្នុងនោះមានដូចជាម៉ាឡេស៊ី, ឥណ្ឌូនេស៊ី,ឡាវ,កម្ពុជា,សិង្ហបុរី,វៀតណាម និងថៃ) ដែលជជែកឈឺឆ្អាលលើ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ចំណែក ប្រទេសចំនួន៤ ដែលមិនឈឺឆ្អាលលើបញ្ហាជម្លោះព្រំដែនរបស់សមាជិកអាស៊ានដូចគ្នា លោក ពុយ គា ថាមានដូចជា ហ្វីលីពីនដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ពោលគឺប្រធានាធិបតីហ្វីលីពីន មិនបាននិយាយឈឺឆ្អាលសូម្បីមួយម៉ាត់ ចំណែកព្រះចៅស៊ុលតង់របស់ព្រុយណេដែលធ្លាប់ល្អូកល្អឺនជាមួយប្រទេសកម្ពុជា-ថៃ ក៏ស្ថាត់បាត់ឈឹង រីឯមីយ៉ាន់ម៉ា គ្មាននិយាយអ្វីមួយម៉ាត់ដល់បញ្ហានេះឡើយ ព្រោះជាប់ការពារបញ្ហាផ្ទៃក្នុង ចំពោះទីម័រដែលទើបក្លាយជាសមាជិកអាស៊ានថ្មីថ្មោងមិនហ៊ាននិយាយអ្វីឡើយ។
បើក្រលេកទៅអតីតកាល ក្នុងសង្គ្រាមកម្ពុជា-ថៃឆ្នាំ២០០៨ ដល់២០១២ កម្ពុជាហាក់តែងតែត្រូវបានអាស៊ានទុកចោល ពោលបើតាមសៀវភៅ«ប្រាសាទព្រះវិហារ»របស់បណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ ឱ្យដឹងថា អាស៊ាន (ASEAN) មិនលើកយកការឈ្លានពាន និងការបង្កាត់ភ្លើងសង្គ្រាមពីសំណាក់ភាគីថៃនៅលើទឹកដីកម្ពុជាទៅនិយាយដោះស្រាយទេ ព្រោះតែសម្អាងទៅលើលក្ខន្តិកៈដែលមិនត្រូវលូកដៃក្នុងបញ្ហាប្រទេសជាសមាជិក។ កិច្ចប្រជុំអាស៊ាននៅទីក្រុង «ហាណូយ វៀតណាម» ក៏អាស៊ានមិនលើកយកមកនិយាយដែរ ទោះបីជាក្នុងក្របខ័ណ្ឌក្រៅផ្លូវការក៏ដោយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


