ព័ត៌មានជាតិ
ផ្លែកាកាវដែលនិយមកែច្នៃធ្វើសូកូឡា ដាំដុះក្នុងខេត្តមណ្ឌលគិរី ប្រមូលផលបានជិត ៣០តោន
ក្នុងរយៈពេល ៤ ខែ ក្រុមហ៊ុនកាំកាវ (ខូអិលធីឌី) បានប្រមូលទិញផ្លែកាកាវស្រស់ពីកសិករ បានជិត ៣០ តោន ដែលបានដាំដុះនៅតំបន់ឦសាន ខេត្តមណ្ឌលគិរី ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ និងដីមានជីវជាតិល្អ។ ការប្រមូលទិញនេះ ធ្វើឡើងបន្ទាប់ពីកសិករបានដាំដុះអស់រយៈពេលជាច្រើនខែ និងចាប់ផ្តើមហុចផលនៅចុងឆ្នាំ ២០២៥។

លោក ជាន ចាន់ថុល ម្ចាស់ក្រុមហ៊ុនកាំកាវ (ខូអិលធីឌី) បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២០ ខែមករា ថា ក្នុងរយៈពេល ៤ ខែ ចាប់ពីខែតុលា ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនបានប្រមូលទិញផ្លែកាកាវស្រស់ពីកសិករ ក្នុងបរិមាណចន្លោះពីជាង ២០ តោន ទៅ ៣០ តោន។ លោកបន្តថា សម្រាប់ហាងឆេងទីផ្សារ ក្រុមហ៊ុនបានទិញផ្លែកាកាវស្រស់ក្នុងតម្លៃ ១,៦០០ រៀល ក្នុងមួយគីឡូក្រាម ខណៈផ្លែកាកាវស្ងួតអាចទិញបានក្នុងតម្លៃប្រហែល ២០,០០០ រៀល ក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងណា លោកបានឱ្យដឹងថា តម្លៃផ្លែកាកាវស្រស់នៅពេលបច្ចុប្បន្ន បើប្រៀបធៀបនឹងឆ្នាំមុនៗ មានការធ្លាក់ចុះបន្តិច ដោយសារការប្រែប្រួលទីផ្សារអន្តរជាតិ។ ប៉ុន្តែលោកបានអះអាងថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលបានឈរជើងអស់រយៈពេលយូរឆ្នាំនៅលើទឹកដីភាគឦសាននេះ យើងនឹងព្យាយាមប្រមូលទិញក្នុងតម្លៃទីផ្សារសមរម្យ ដើម្បីលើកទឹកចិត្តដល់កសិករដែលប្រកបរបរកសិកម្មដំណាំកាកាវ»។

បើតាមការបញ្ជាក់របស់លោក ជាន ចាន់ថុល ម្ចាស់ក្រុមហ៊ុនកាំកាវ ប្រាប់ថា បន្ទាប់ពីទទួលទិញផ្លែកាកាវស្រស់ពីកសិករ ក្រុមហ៊ុនបានធ្វើការកែច្នៃគ្រាប់កាកាវប្រមាណ ៥០ ភាគរយ ពាក់កណ្ដាលសម្រេច ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ដូចជា ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី។ ចំពោះឆ្នាំ២០២៦នេះ ក្រុមហ៊ុនក៏បានចុះកិច្ចព្រមព្រៀងលក់ផលិតផលកាកាវទៅឱ្យក្រុមហ៊ុនមួយនៅប្រទេសសិង្ហបុរីផងដែរ។
លោកបានបន្ថែមថា ដំណាំកាកាវរបស់កសិករដែលបានដាំដុះនៅទូទាំងខេត្តមណ្ឌលគិរី ភាគច្រើនចាប់ផ្ដើមឱ្យផលនៅរដូវប្រមូលផលចាប់ពីខែតុលាតទៅ។ ក្នុងអំឡុងពេលនេះ កសិករនឹងបេះផ្លែកាកាវស្រស់ជាបន្តបន្ទាប់ ដើម្បីយកមកលក់ឱ្យក្រុមហ៊ុន ទាំងកសិករដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន និងកសិករផ្សេងទៀតដែលមិនបានចុះកិច្ចសន្យា ក៏អាចនាំយកផលិតផលមកលក់ឱ្យក្រុមហ៊ុនដូចគ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកាំកាវ ខូអិលធីឌី បានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមកជាង ១០ ឆ្នាំហើយ ដោយមានទីតាំងស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ដំណាំកាកាវនៅពេលបច្ចុប្បន្ននេះអនុវត្តបានសរុបចំនួន ២៥៨ហិកតា ផ្ទៃដីប្រមូលផលសរុបចំនួន ៣៩ហិកតា ទិន្នផលមធ្យមចំនួន ៥,៦១៥តោន/ហិកតា បរិមាណផលសរុបចំនួន ២១៩តោន។ ការប្រមូលផលបានប្រមាណ៤០%(ចាប់ផ្តើមពីខែ វិច្ឆិកា ដល់ខែ មិថុនា) តម្លៃលើទីផ្សារបច្ចុប្បន្នគ្រាប់កាកាវស្ងួតតម្លៃលើទីផ្សារប្រមាណ៥ដុលា/គីឡូក្រាម។ នេះបើតាការបញ្ជាក់ពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


