Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅឃុំក្រាំងយ៉ូវ ស្រុកស្អាងទទួលបានផ្លូវបេតុងថ្មី និងផ្លូវកៅស៊ូពីរជាន់ ពីក្រសួងអភិវឌ្ឍន៍ជនបទ

បានផុស

នៅ

ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងដោយមានការស្នើសុំរបស់អាជ្ញាធរស្រុកស្អាង ពិសេសប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវចំនួន២កំណាត់ប្រវែង១,៧០០ម៉ែត្រ កំណាត់ទី១ ផ្លូវក្រាលកៅស៊ូ ពីរជាន់ DBST ប្រវែង ៩០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកំណាត់ទី២ ផ្លូវក្រាលបេតុង ប្រវែង ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បាទមានប្រសាសន៍ថា៖ ការសាងសង់ផ្លូវនៅពេលនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក មិនថារដូវប្រាំង ឬរដូវវស្សា ផ្លូវនេះមានជង្ហុក ដក់ទឹក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្សទៅសាលារៀន ការដឹកកសិផលរបស់ប្រជាកសិករ ក៏ដូចការធ្វើដំណើររបស់ជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។

លោកបានបន្តថា៖ ការសាងសង់ផ្លូវនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសផ្លូវនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។  រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ លោកបានស្មើដល់ កងវិស្វកម្មលេខ១៧៩ ស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះដែរលោក សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ អាចធ្វើឱ្យរំខានដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលុបប្រឡាយរំដោះទឹក ដែលនាំឱ្យផ្លូវដក់ទឹកឆាប់ខូច និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

លោក ជឺ គីមហៃ អភិបាលស្រុកស្អាង បានឱ្យដឹងថា៖ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ២១ ដល់ព្រំប្រជល់ខេត្តតាកែវ ឆ្លងកាត់ឃុំចំនួន៣ គឺឃុំស្អាងភ្នំ ឃុំព្រែកគយ និងឃុំក្រាំងយ៉ូវ មានប្រវ៉ែងសរុបប្រមាណជា១៨,៥គីឡូម៉ែត្រ ហើយត្រូវបានសាងសង់បានមួយផ្នែកធំរួចហើយ។ នៅថ្ងៃនេះបើកការដ្ឋានសាសង់បន្ថែមចំនួន២កំណាត់បន្ថែមទៀតប្រវែង១,៧០០ម៉ែត្រ កំណាត់ទី១ ផ្លូវក្រាលកៅស៊ូ ពីរជាន់ DBST ប្រវែង ៩០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកំណាត់ទី២ ផ្លូវក្រាលបេតុង ប្រវែង ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលដីល្បាយថ្មសងខាង ម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូរំដោះទឹករាងអក្សរអ៊ុយ(U) ប្រវែង ៦៨០ម៉ែត្រ លូមូលចំនួន ៥កន្លែង និងអណ្តូងលូចំនួន ៤កន្លែង ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម