ព័ត៌មានជាតិ
កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបានរំលោភលើអធិបតេយ្យកម្ពុជា
កម្ពុជា បានតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ។

ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ថា នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃបានធ្វើការសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំង ការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះ ទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះ បានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់នេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។
រហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ ក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់ និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានធ្វើការដំឡើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងមាត្រា៥នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលហាមឃាត់រាល់សកម្មភាពដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែន និងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ។ សកម្មភាពទាំងនេះ ក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។

ប្រឈមមុខនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និង គោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។ កម្ពុជា នៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ទន្ទឹមនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


