ព័ត៌មានជាតិ
មន្រ្តីអនុវត្តច្បាប់ បានពង្រឹងសមត្ថភាពស្តីពីវិធានសារពើភណ្ឌព្រៃឈើកម្រិតជាតិ ជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព
មន្រ្តីជំនាញក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្សមកពីខេត្តកោះកុង កំពត និងព្រះសីហនុ បានទទួលការបណ្តុះបណ្តាលជាមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីវិធានសារពើភណ្ឌព្រៃឈើកម្រិតជាតិ រួមចំណែកសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចីរភាព។


លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សារពើភណ្ឌព្រៃឈើកម្រិតជាតិ គឺជាឧបករណ៍សម្រាប់បង្កើតព័ត៌មានស្តីពីព្រៃឈើ និងធនធានព្រៃឈើសម្រាប់គោលនយោបាយប្រើប្រាស់ដីថ្នាក់ជាតិ និងថ្នាក់តំបន់។ វិធាននេះ ត្រូវបានប្រើប្រាស់ ដើម្បីគណនាលទ្ធផល ដូចជា ផ្ទៃដីព្រៃឈើ ផ្ទៃដីតាមប្រភេទព្រៃឈើ កំណើនសន្និធិកាបូន និងជីវម៉ាស់ព្រៃឈើ ស្ថានភាពព្រៃឈើ និងទិដ្ឋភាពមួយចំនួន នៃជីវចម្រុះ។ លើសពីនេះ ការប្រមូលទិន្នន័យសង្គម-សេដ្ឋកិច្ច របស់សហគមន៍មូលដ្ឋាន នឹងជួយឲ្យប្រភពទិន្នន័យមានលក្ខណៈពេញលេញ និងអាចប្រើប្រាស់បាន ព្រមទាំងជាប្រភពទិន្នន័យសំខាន់សម្រាប់អនុវត្តកម្មវិធីព្រៃឈើជាតិកម្ពុជា។


លោកបានលើកឡើងពីវិធានការពង្រឹងសមត្ថភាព បានឆ្លើយតប និងជាយុទ្ធសាស្រ្តចម្បងមួយ ក្នុងសសរស្តម្ភ«ភាពបៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឲ្យមន្រ្តីជំនាញ ធ្វើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន កាន់តែមានប្រសិទ្ធភាពជាងមុន តាមរយៈការប្រើប្រាស់វិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មី ដូចជា ការប្រើប្រាស់កម្មវិធី ផែនទីផ្កាយរណប បច្ចេកទេសប្រើប្រាស់ឧបករណ៍ GPS ការណែនាំបច្ចេកទេស ការវាស់វែងអង្កត់ផ្ចិត កម្ពស់ដើមឈើ ស្ថានភាពសុខភាព និងគុណភាពដើមឈើ ការប្រមូលទិន្នន័យជាដើម។


លទ្ធផល នៃសារពើភណ្ឌព្រៃឈើកម្រិតជាតិ នឹងត្រូវបានប្រើប្រាស់សម្រាប់គាំទ្រស្ថាប័នជាតិ ដើម្បីប្រើប្រាស់សម្រាប់រៀបចំយុទ្ធសាស្ត្រជាតិ ក្នុងការការពារព្រៃឈើ និងផ្តល់សារៈសំខាន់ខ្លាំងណាស់ សម្រាប់ការវាយតម្លៃស្ថានភាពព្រៃឈើ ការគណនាកាបូន និងការអនុវត្តយន្តការរេដបូក (REDD+)នៅកម្ពុជា ដែលរួមចំណែកដល់ការរីកចម្រើន សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។


ការបណ្តុះបណ្តាលស្តីពីវិធានសារពើភ័ណ្ឌព្រៃឈើកម្រិតជាតិនេះ រៀបចំឡើងក្នុងគោលបំណងចម្បង នៃការបង្កើនសមត្ថភាព មន្រ្តីបង្គោលក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស អំពីវិធីសាស្រ្ត លើបច្ចេកទេសសារពើភណ្ឌព្រៃឈើ ការអនុវត្តវាស់រាប់ដើមឈើ និងរបៀបបំពេញលើទម្រង់សាលាកប័ត្រព័ត៌មាននៅទីវាល។ វគ្គបណ្តុះបណ្តាលលើកនេះ បានរៀបចំឡើងជាលើកទី ៤ មានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ នៅខេត្តកោះកុង ដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដែលផ្តោតលើប្រធានបទសំខាន់ៗ មួយចំនួនដូចជា ៖ -ណែនាំអំពីវិធានសារពើភ័ណ្ឌព្រៃឈើ ផ្តោតលើវិធីសាស្រ្តដាក់តាំងឡូត៍។ -ណែនាំអំពីការប្រើប្រាស់ឧបករណ៍ ឬ សម្ភារៈ និងសាលាកប័ត្រកត់ត្រាទិន្នន័យនៅទីវាល។ -ដំណើរការអនុវត្តវាស់វែង និងប្រមូលទិន្នន័យនៅទីវាល៕
អត្ថបទ ៖ ក្រសួងបរិស្ថាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


