Connect with us

ព័ត៌មានជាតិ

ការផ្សាយពាក់ព័ន្ធលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយ Nikkei Asia រងការប្រតិកម្មពីមន្ត្រីទូតកម្ពុជា

បានផុស

នៅ

កម្ពុជាបញ្ចេញប្រតិកម្មចំពោះការផ្សាយរបស់ Nikkei Asia ដែលមានមូលដ្ឋានក្នុងប្រទេសជប៉ុន ក្រោយបានចុះផ្សាយអត្ថបទមតិយោបល់មួយ ក្រោមចំណងជើង «លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាបានស្លាប់បន្តិចម្តងៗបន្ទាប់ពីការធ្វើឃាតលោក កែម ឡី»។ អត្ថបទនេះគឺជាការនិពន្ធរបស់លោកស្រី មូរ សុខហួរ និងបានចុះផ្សាយដោយ Nikkei Asia កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចាត់ទុកអត្ថបទខាងលើថាឆ្លុះបញ្ចាំងពីទស្សនៈនយោបាយផ្ទាល់ខ្លួនរបស់អ្នកនិពន្ធតែប៉ុណ្ណោះ ដែលជាអតីតអ្នកនយោបាយប្រឆាំង និងបានធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពីក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក សង្កត់ធ្ងន់ថា អត្ថបទនេះជាការបញ្ចេញមតិនយោបាយមួយ ដែលមិនមែនជាការវាយតម្លៃដោយសត្យានុម័តចំពោះស្ថានភាពជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ននោះឡើយ។ ការប្រតិកម្មបែបនេះពីមន្ត្រីទូតកម្ពុជា បានធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៤ ខែកក្កដានេះ។

ក្នុងសេចក្ដីថ្លែងការណ៍នោះ បានបន្តថា អត្ថបទបានបង្ហាញតែការបកស្រាយមួយជ្រុងអំពីការអភិវឌ្ឍនយោបាយរបស់កម្ពុជា ហើយបានមើលរំលងអង្គហេតុសំខាន់ៗទាក់ទងនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម ការពង្រឹងស្ថាប័នរដ្ឋ ក៏ដូចជាការចូលរួម ប្រកបដោយស្ថាបនាជាមួយសហគមន៍អន្តរជាតិរបស់កម្ពុជា។

ឆ្លើយតបទៅនឹងអត្ថបទដែលបានអះអាងថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាលែងមានទៀតហើយនោះ លោកទូត បានលើកឡើងថា ការវាយតម្លៃបែបនេះមិនមានតុល្យភាព និងមិនឆ្លុះបញ្ចាំងការពិតនោះឡើយ។ ផ្ទុយទៅវិញកម្ពុជានៅតែបន្តអនុវត្តប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយមានស្ថាប័នរដ្ឋដំណើរការជាប្រក្រតី ដំណើរការបោះឆ្នោតតាមកាលកំណត់ និងការកែទម្រង់ជាបន្តបន្ទាប់។ ចំពោះបញ្ហាប្រឈមខ្លះ លោក បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តដោះស្រាយបញ្ហាទាំងនោះស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សេចក្ដីថ្លែងការណ៍ដដែលនេះ ក៏បានពន្យល់ផងដែរពាក់ព័ន្ធនីតិវិធីផ្លូវច្បាប់លើអតីតអ្នកនយោបាយមួយចំនួន ដោយបញ្ជាក់ថា កម្ពុជាអនុវត្តច្បាប់ តាមរយៈស្ថាប័នតុលាការ ដែលមានសមត្ថកិច្ច ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដោយពុំអាចលើកលែងបុគ្គលណាម្នាក់ពីការទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោមហេតុផលនិន្នាការនយោបាយបាននោះឡើយ។

កម្ពុជាក៏បានបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើគោលការណ៍អធិបតេយ្យភាព ការគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះជាការពន្យល់បន្ថែមទៅកាន់អត្ថបទដែលចុះផ្សាយដោយ Nikkei Asia ដែលបានបង្ហាញអំពីទំនាក់ទំនងការបរទេសរបស់កម្ពុជា តាមរយៈទស្សនៈភូមិសាស្ត្រនយោបាយដ៏ចង្អៀតមួយ។

មន្ត្រីទូតកម្ពុជា សង្កត់ធ្ងន់ថា មិត្តភាពរបស់កម្ពុជាជាមួយប្រទេសណាមួយ មិនដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតឡើយ។ កម្ពុជានៅតែបន្តរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសទាំងអស់ មិនថានៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម