Connect with us

ព័ត៌មានជាតិ

កម្ពុជា-រុស្ស៊ី បញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធរដ្ឋបាលសាធារណៈ» ដោយជោគជ័យ

បានផុស

នៅ

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធរដ្ឋបាលសាធារណៈ» ប្រកបដោយជោគជ័យ បន្ទាប់ពីបានអនុវត្តកម្មវិធីបណ្តុះបណ្តាលអស់រយៈពេល ៦ សប្តាហ៍ ទាំងតាមប្រព័ន្ធអនឡាញ និងការបណ្តុះបណ្តាលដោយផ្ទាល់ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី វគ្គបណ្តុះបណ្តាលកម្រិតជាន់ខ្ពស់នេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) នៃក្រសួងមហាផ្ទៃ និង បណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈ នៃប្រធានាធិបតីសហព័ន្ធរុស្ស៊ី (RANEPA) ដោយមានការគាំទ្រពីស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងមាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ជាតួអង្គស្នូលក្នុងការផ្តួចផ្តើម សម្របសម្រួល និងសម្រួលទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សមាគមបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះក្លាយជាការពិត និងទទួលបានលទ្ធផលជោគជ័យ។

តំណាងភាគីរុស្ស៊ី លោក Felix Gadzaov បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល និងសម្រួលកិច្ចសហការរវាងភាគីកម្ពុជា និងរុស្ស៊ី ធ្វើឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន និងសម្រេចបាននូវលទ្ធផលតាមគោលដៅដែលបានកំណត់។

ជាមួយគ្នានេះ ភារធារី នៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា លោក Igor Karavaev និង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក  កុល វីរក្ស គូសបញ្ជាក់ដូចគ្នាពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបស្របតាមនិន្នាការសកល។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី អះអាងថា ៖«ភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាង NASLA និង RANEPA ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពវិស័យរដ្ឋបាលសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក្នុងនាមជាស្ពានចម្លងរវាងប្រទេសទាំងពីរ។»។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី អះអាងថា  ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ញិល រដ្ឋា សមាគមនឹងបន្តបេសកកម្មក្នុងការពង្រឹងចំណងមិត្តភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះដឹងរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ស្របតាមទិសដៅនៃបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម