Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះពិនិត្យមើលសកម្មភាពចុះស្ដារបូមប្រព័ន្ធលូក្នុងមូលដ្ឋាន ដើម្បីធានាបានលែងស្ទះប្រព័ន្ធទឹកហូរ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌ ៧ មករា បន្តចុះពិនិត្យមើល និង ណែនាំដល់មន្រ្តីជំនាញដែលកំពុងស្ដារបូមប្រព័ន្ធលូក្នុងមូលដ្ឋាន ដើម្បីពន្លឿនឲ្យរួចរាល់តាមផែនការ ហើយធានាបានលែងស្ទះប្រព័ន្ធទឹកហូរ ពេលមានភ្លៀងធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និង លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា រួមជាមួយមន្រ្តីជំនាញ បន្តចុះពិនិត្យការស្ដារប្រព័ន្ធលូ ក្នុងមូលដ្ឋាន ស្ថិតនៅតាមបណ្ដោយសួនក្ដាន់ ២ ដែលសកម្មភាពបូមស្ដារប្រព័ន្ធលូនេះ ជាយុទ្ធនាការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ថេង សុថុល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង គឺក្រុមការងារបានចុះស្តារអណ្តូងលូតូចៗ ជាអាទិភាព នៅលើកំណាត់ផ្លូវលេខ ១១៤ ផ្លូវលេខ ១៨២ សួនក្តាន់ ២ សង្កាត់មិត្តភាព ក្នុងមូលដ្ឋានខណ្ឌ ៧ មករា។

លោកបន្តថា តំបន់ខាងលើនេះ តែងតែមានការប្រឈមការជន់លិច រាល់ពេលមានភ្លៀងធ្លាក់ខ្លាំង ពិសេសធ្វើឲ្យមានការរាំងស្ទះ មិនអាចនាំទឹកហូរទៅបាន ព្រោះតំបន់នេះ គឺជាប្រព័ន្ធនាំផ្លូវទឹកចេញពីខណ្ឌ ៧ មករា ដើម្បីបន្តធ្លាក់ទៅប្រព័ន្ធលូធំៗ។

លោកអភិបាល បញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឲ្យយកចិត្តទុកដាក់ចំពោះផ្លូវណា ឬ តំបន់ណាដែលចាំបាច់ ត្រូវធ្វើការស្តារភ្លាមៗ ដើម្បីធានាថា ប្រព័ន្ធលូមិនរាំងស្ទះកាកសំណល់ និង សំរាម។ សំដៅ បើកមុខលូឲ្យស្អាតល្អ និង ធ្វើឲ្យលំហូរទឹកភ្លៀងអាចហូរចេញបានលឿន។

គួរជម្រាបថា កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ លោក ឯក ឃុនដឿន តំណាងលោក ឃួង ស្រេង បានដឹកនាំក្រុមការងារ ចុះស្តារប្រព័ន្ធលូ ដើម្បីកាយភក់ និង សំរាម ដែលអាចធ្វើឲ្យរាំងស្ទះដល់លំហូរទឹកភ្លៀងតាមផ្លូវសំខាន់ៗ ជាច្រើនទៀត ក្នុងមូលដ្ឋានខណ្ឌ ៧ មករា ប្រមាណជា ៣.២៣៤ ម៉ែត្រ ជាខណ្ឌអាទិភាព និង ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម