ព័ត៌មានជាតិ
ខេត្ត ៣ ជាប់សមុទ្រ លែងសេសសល់ សំណង់ប្រាសាទបុរាណមានរូបរាងទៀតហើយ
ខុសពីបណ្ដាខេត្តក្រុងនានា ខេត្តជាប់សមុទ្រចំនួន ៣ មិនមានបន្សល់ទុកសំណង់ប្រាសាទបុរាណដែលមានរូបរាង សម្រាប់ភ្ញៀវទស្សនានោះទេ។
ប្រធានមន្ទីរវប្បធម៌ខេត្តកោះកុង លោកស្រី សម្បូរ សុភា បានឲ្យកម្ពុជាថ្មីដឹងថា ខេត្តកោះកុងនៅសេសសល់សំណង់ប្រាសាទមួយតែបាត់រូបរាងនៅសល់តែគ្រឹះប៉ុណ្ណោះ មានទីតាំងស្ថិតនៅក្នុងវត្តប្រាសាទអង្គរភ្នំខ្លុង នៅស្រុកស្រែអំបិល។

សំណង់ប្រាសាទនេះធ្វើពីថ្មបាយក្រៀមលើកបន្តុបលើគ្នាមានសណ្ឋានជាចេតិយ ក្បាច់លម្អមិនមានសល់នោះទេ ហើយអាយុកាលប្រហែលជាសាងសង់ក្នុងសតវត្សទី ១៥។ បច្ចុប្បន្នប្រាសាទដែលនៅសល់តែគ្រឹះនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វត្ត។
លោកប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុឲ្យដឹងដែរថា ខេត្តជាប់សមុទ្រនេះមិនមានសំណង់ប្រាសាទបុរាណបន្សល់ទុកនោះទេ។
លោកបន្តថា ទូទាំងខេត្តមានវត្តមួយចំនួនមានអាយុកាលចំណាស់ ចំណែកសំណង់ប្រាសាទបុរាណមិនមាននោះទេ។
ដោយឡែកខេត្តកែប អាជ្ញាធរបានស្រាវជ្រាវរកឃើញគ្រឹះប្រាសាទមួយចំនួន តែរូបរាងបាក់បែកអស់ទៅហើយ។ ប្រធានមន្ទីរវប្បធម៌ខេត្តកែបលោក តុង ភោ បានបញ្ជាក់ថា នៅខេត្តកែបអាជ្ញាធរបានស្រាវជ្រាវរកឃើញមានបន្សល់ទុកគ្រឹះប្រាសាទចំនួន ០៦ ទីតាំង។ ទោះបីសំណង់ប្រាសាទបាក់បែកអស់នៅសល់តែគ្រឹះខ្លះៗ មន្ទីរក៏នៅតែយកចិត្តទុកដាក់ថែរក្សា ដោយមានការបោះបង្គោលព្រំកំណត់តំបន់ការពារ កុំឲ្យពលរដ្ឋទន្ទ្រានរំលោភកាន់កាប់។
ក្នុងចំណោមខេត្តជាប់សមុទ្រទាំង ៤ មានតែខេត្តកំពតមានសំណង់ប្រាសាទសល់រូបរាងអាចឲ្យភ្ញៀវទស្សនាបាន បើទោះបីមិនមានច្រើនដូចបណ្តាខេត្តមួយចំនួនទៀតក្តី។

លោកមាឃ វុទ្ធី ប្រធានការិយាល័យបេតិកភណ្ឌខេត្តកំពតបានប្រាប់គេហទំព័រកម្ពុជាថ្មីថា ខេត្តកំពតមានសំណង់ប្រាសាទចំនួន ៤ នៅសល់រូបរាង មានប្រាសាទភ្នំឈ្ងោក ប្រាសាទភ្នំខ្យង ប្រាសាទគុហាព្រះឬប្រាសាទភ្នំទទុង និងប្រាសាទវត្តប្រាសាទ។
ក្រៅពីប្រាសាទទាំង ៤ ដែលនៅសល់រូបរាងអាចឲ្យភ្ញៀវចូលទស្សនាបាន បើតាមមន្រ្តីផ្នែកបេតិកភណ្ឌខេត្តកំពត នៅមានប្រាសាទដែលបាក់បែកមួយចំនួនទៀតដូចជា៖ ប្រាសាទភ្នំនាងសេដាឱន នៅស្រុកទឹកឈូ ប្រាសាទភ្នំប្រាសាទនៅស្រុកកំពង់ត្រាច ប្រាសាទព្រះឱង្កានៅស្រុកអង្គរជ័យ ប្រាសាទភ្នំថ្មពួក នៅស្រុកឈូក គ្រឹះប្រាសាទរូងភ្នំផ្អាវនៅស្រុកកំពង់ត្រាច គ្រឹះប្រាសាទរូងភ្នំដំរីនៅស្រុកកំពង់ត្រាច។ ក្រៅពីនេះខេត្តកំពតក៏មានស្ថានីយបុរេប្រវត្តិ ២ កន្លែង គឺស្ថានីយភ្នំល្អាង និងភ្នំក្បាលរមាស៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


