ព័ត៌មានជាតិ
វីតាល់ និងមីជាតិ បន្តផ្តល់អំណោយភាពកក់ក្តៅ ជូនប្រជាជនក្រីក្រ និងចាស់ជរា និងលោកតាស៊ីក្លូក្នុងឆ្នាំទី ៦
ក្នុងចេតនាចូលរួមសម្រួលទៅដល់ស្ថានភាពលំបាករយៈពេលខ្លី របស់លោកតាស៊ីក្លូ ជនចាស់ជរាដែលមានជីវភាព ខ្សត់ខ្សោយក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានសហការរៀបចំកម្មវិធី “ចែករំលែកភាពកក់ក្តៅលើកទី ៦” នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ ដើម្បីចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួន ជូនលោកតាលោកយាយ ចាស់ជរា និងប្រជាជនមានជីវភាពខ្សត់ខ្សោយប្រមាណជិត ៣០០ នាក់ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត និងក្រុមការងារជាច្រើននាក់។


លោកជំទាវ អគ្គនាយិកានៃក្រុមហ៊ុន បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍សប្បុរសធម៌ ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង និងគុណតម្លៃយ៉ាងច្បាស់លាស់ ក្នុងការផ្សាយមេត្តាចិត្ត ជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាមនុស្សជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកយាយ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក ។

បន្ថែមពីនេះ លោកជំទាវ អគ្គនាយិកា បានបន្តថា “ស្ថានភាពកូវីដ១៩ មានសភាពល្អប្រសើរ ប៉ុន្តែវានៅជាការលំបាកសម្រាប់ជនចាស់ជរា និងប្រជាជនមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ។ អាស្រ័យហេតុដូចនេះ វីតាល់ និងមីជាតិ នៅតែបន្តរៀបចំកម្មវិធីនេះឡើងដោយសង្ឃឹមថា នឹងអាចចូលរួមចំណែក សម្រួលនូវការលំបាកមួយចំនួន និងផ្តល់ភាពកក់ក្តៅជូនដល់លោកតា លោកយាយ និងប្រជាជនដែលជួបការលំបាក បានមួយរយៈខ្លីផងដែរ។”


ចំពោះអំណោយ ដែលក្រុមហ៊ុនបានចែកជូននាថ្ងៃនេះរួមមាន អង្ករ ទឹកពិសាវីតាល់ មីជាតិ ត្រីខ អាវ ក្រមា ថ្នាំសង្កូវ និងថវិកាមួយចំនួនផងដែរ។ ចាស់ជរា និងប្រជាជន ដែលចូលរួមឱកាសនោះ ភាគច្រើនប្រកបរបរតិចតួច ដើម្បីជីវភាពប្រចាំថ្ងៃ តួយ៉ាងធាក់ស៊ីក្លូ លក់អំបោស សំលៀងកាំបិត ឬកាន់ជញ្ជីងថ្លឹងគីឡូជាដើម។


គួរបញ្ជាក់ផងដែរ កម្មវិធីសប្បុរសធម៌ “ចែករំលែកផ្តល់ភាពកក់ក្តៅ” ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយក្រុមហ៊ុនទឹកពិសាវីតាល់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយមកដល់សព្វថ្ងៃនេះ គឺមានរយៈពេល ៦ ឆ្នាំ។ ចំពោះក្រុមហ៊ុនមីជាតិ នេះក៏ជាឆ្នាំទី ៣ ដែលក្រុមហ៊ុនមីជាតិ បានចូលរួមសហការជាមួយក្រុមហ៊ុនវីតាល់ ក្នុងការរៀបចំកម្មវិធីនេះឡើង។ ក្រុមហ៊ុនទាំងពីរ ប្តេជ្ញាបន្តសកម្មភាពរបស់ខ្លួននៅក្នុងការងារសប្បុរសធម៌ ក្នុងបុព្វហេតុជួយដល់សង្គមលើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយបន្តទៅទៀត ដើម្បីសង្គមជាតិយើងទាំងអស់គ្នា ក្នុងស្មារតី ខ្មែរតែមួយជួយគ្នាក្នុងគ្រាលំបាក៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


