ព័ត៌មានជាតិ
មុនចូលឆ្នាំចិន! សមាគម និងស្ថាប័នជំនាញ ចុះធ្វើអនាម័យ និងជីវសុវត្ថិភាព នៅតាមសត្តឃាតដ្ឋាន
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២នេះ បានដឹកនាំក្រុមប្រតិបត្តិ ចុះធ្វើអនាម័យ និងធ្វើជីវសុវត្ថិភាព នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានីភ្នំពេញ ខណៈពិធីបុណ្យចូលឆ្នាំចិន ខិតជិតចូលមកដល់។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការចុះធ្វើអនាម័យ និងជីវសុវត្ថិភាព នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានីភ្នំពេញនេះ គឺដើម្បីធ្វើជាគម្រូដល់សត្តឃាតដ្ឋានដទៃទៀត នៅទូទាំងប្រទេស ឲ្យចូលរួមធ្វើសកម្មភាពនេះដូចគ្នា។ លោកថា ការធ្វើយ៉ាងដូច្នេះ គឺដើម្បីការពារ កុំឲ្យមានការឆ្លងជំងឺនានាដល់សត្វ និងដើម្បីសុវត្ថិភាពសម្រាប់អ្នកបរិភោគ ផងដែរ។
ពាក់ព័ន្ធនឹងជំងឺប៉េស្តអាហ្វ្រិក ដែលកើតទៅលើសត្វជ្រូកវិញ បើតាមលោក ស្រ៊ុន ពៅ ដដែល បានឲ្យដឹងថា មកដល់ពេលនេះ ពុំមានកើតឡើងលើសត្វជ្រូក នៅក្នុងកសិដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាទៀតឡើយ ទោះបីជំងឺនេះកំពុងរាតត្បាត នៅប្រទេសក្បែរខាងកម្ពុជា ក៏ដោយ។
លោកបន្ថែមថា «យើងឃើញថា សព្វថ្ងៃនេះវាស្ងប់ស្ងាត់ បើនិយាយរួមឲ្យខ្លីទៅ បើយើងសួរទៅតាមកសិករទៅ វាដូចជាអត់មានបញ្ហាអីផង ប៉ុន្តែមានបញ្ហាជំងឺផ្សេងៗ វានៅតែមានខ្លះ កត្តាហ្នឹងដែលយើងនាំទៅ ធ្វើអនាម័យ ដើម្បីណែនាំដល់បងប្អូនយើង ឲ្យពួកគាត់ធ្វើជីវសុវត្ថិភាព នៅតាមកុងស៊ី បានសេចក្ដីថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ យើងបានទប់ស្កាត់វារយៈពេលប៉ុន្មានខែមកហើយ»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងដែរថា បន្ទាប់ពីសមាគមបានដាក់លិខិតស្នើសុំទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរខេត្តនៅតាមព្រំដែនរួចមក គឺសកម្មភាពលួចនាំចូលជ្រូកពីប្រទេសជិត ត្រូវបានបង្រ្កាបជាបន្តបន្ទាប់ ដែលនេះជាវិធានល្អដើម្បីទប់ស្កាត់ការឆ្លងជំងឺ ជាពិសេសជំងឺប៉េស្តអាហ្វ្រិក ដល់សត្វជ្រូកនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាបែបណាក៏ដោយ លោក ស្រ៊ុន ពៅ បានអំពាវនាវដល់ប្រជាកសិករ ដែលជាអ្នកចិញ្ចឹមសត្វជ្រូកទាំងអស់ សូមនាំគ្នាធ្វើអនាម័យ នៅក្នុងកសិដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងនូវជំងឺនានា ក៏ដូចជាដើម្បីសុវត្ថិភាពចំណីអាហារ ផងដែរ។ ម្យ៉ាងទៀត នៅពេលចូលឆ្នាំចិនចូលមកដល់ ហើយតម្រូវការសត្វជ្រូកមានការកើនឡើងនោះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សំណូមពរដល់ប្រជាកសិករទាំងអស់ សូមកុំឲ្យមានការដំឡើងថ្លៃខ្ពស់ពេក ដើម្បីឲ្យអ្នកទិញទទួលយកបាន ផងដែរ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យកម្ពុជាថ្មីដឹង កាលពីសប្ដាហ៍មុនថា ការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ត្រូវបានផ្អាកជាច្រើនខែមកហើយ ដោយសារតែការចិញ្ចឹមក្នុងស្រុក អាចផ្គត់ផ្គង់តម្រូវការបានគ្រប់គ្រាន់។ ចំណែកឯនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ការផ្គត់ផ្គង់តម្រូវការសត្វជ្រូករស់ សម្រាប់យកទៅលក់នៅលើទីផ្សារ នឹងមិនមានការខ្វះខាតនោះទេ ហើយតម្លៃ ក៏មិនឡើងថ្លៃពេកដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


