ព័ត៌មានជាតិ
មកស្គាល់ជីវប្រវត្តិមន្ត្រីវ័យក្មេងទីពីរ ដែលបានឡើងតំណែងជារដ្ឋមន្ត្រី នៅប្រទេសកម្ពុជា
លោក កើត រិទ្ធ បានក្លាយជារដ្ឋមន្ត្រីវ័យក្មេងមួយរូបទៀត បន្ទាប់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្នុងពេលប្រកាសតែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅឆ្នាំ ២០២០ លោកទើបតែមានវ័យ ៤១ ឆ្នាំ ប៉ុណ្ណោះ។ មន្រ្តីរូបនេះមានស្នាដៃជាច្រើន រួមទាំងចំណេះដឹងផ្នែកច្បាប់យ៉ាងទូលំទូលាយ ដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសបារាំង។

ទីកន្លែងកំណើត
លោកកើត រិទ្ធ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ ដែលមានទីកន្លែងកំណើតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ការអប់រំ
-ក្នុងឆ្នាំ១៩៩៩ ទទួលបានបរិញ្ញាបត្រនីតិសាស្ត្រមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច។
-ឆ្នាំ១៩៩៩ ទទួលបានអាហារូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំង។
-ឆ្នាំ ២០០០ ទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)។
-ឆ្នាំ ២០០១ ទទួលបានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់នៃសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)។
-ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្ត្រនៃបទឧក្រិដ្ឋនៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំង (និស្សិតអាហារូបករណ៍)។

វិលត្រឡប់មកមាតុប្រទេសវិញ
បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោកបានធ្វើជាសាស្ត្រាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។
ស្នាដៃ
លោក កើត រិទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោមថ្នាក់ដឹកនាំផ្សេងទៀតនៅក្រសួងយុត្តិធម៌។ លោក កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តច្បាប់តាមបណ្តាខេត្តផងដែរ។
ក្រៅពីនេះ មានសមិទ្ធផលមួយចំនួនទៀតដែល លោក កើត រិទ្ធបានបន្សល់ទុកសម្រាប់បញ្ញវន្តជំនាន់ក្រោយ។ លោកបានចូលរួមក្នុងការធ្វើសៀវភៅច្បាប់ដែលមានដូចជា៖ សៀវភៅសេចក្តីផ្តើមនៃច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ២០០៣ និង២០០៥, សៀវភៅកំណត់ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ២០០៥, អត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វានៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ២០០៦ ក្នុងព្រឹត្តបត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ២០១៦ ដើម្បីឲ្យនិស្សិត ក៏ដូចជាអ្នកសិក្សាផ្នែកច្បាប់ រឹតតែមានឯកសារសម្រាប់សិក្សាច្រើនផងដែរ។

បទពិសោធ៍ការងារ
ក្រៅពីការសិក្សា និងស្នាដៃជាច្រើន លោកកើត រិទ្ធ ក៏មានបទពិសោធន៍ការងារជាច្រើនផងដែរ។ ក្នុងនោះចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ជាសាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ)។
-ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា
-ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
-ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
-ឆ្នាំ២០០៨ សមាជិកគណៈកម្មការមូលបត្រកម្ពុជា
-ឆ្នាំ២០១២ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
-ឆ្នាំ២០១៤ ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
-ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
-ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌
-នៅថ្ងៃទី ៣០ ខែមីនា ២០២០ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌
សូមបញ្ជាក់ថា លោក កើត រិទ្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍនា ដែលកាន់នៅក្រសួងរយៈពេល១៦ ឆ្នាំ។ លោក កើត រិទ្ធ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍២១ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២០ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


