Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញប្រកាសខេត្តកែប ជាខេត្តទី ១ ដែលអស់មីន

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បាន អញ្ជើញប្រកាសខេត្តកែប ជាខេត្តទី១ ដែលអស់មីន និងបានបញ្ជាក់ថា ប្រទេសកម្ពុជា គ្រោងនឹងប្រកាស រាជធានី-ខេត្ត ចំនួន ៧ទៀត អស់មីនជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២២ នេះ។

ពិធីនេះ បានប្រព្រឹត្តិទៅនៅមុខសាលាខេត្តកែប ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន  លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត   តំណាងដៃគូអភិវឌ្ឍន៍ អង្គទូតតំណាងស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋខេត្តកែប ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែប ជាអតីតតំបន់សមរភូមិ ដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយ ក្នុងចំណោមតំបន់ក្តៅទាំងឡាយ នៃប្រទេសកម្ពុជា។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គិតត្រឹមឆ្នាំ២០២១ ចំនួន ២២១នាក់។ ក្នុងនោះ ស្រុកដំណាក់ចង្អើរ មាន ១៩៨នាក់ និងក្រុងកែប មាន ២៣នាក់ (មាន ៩២% រងគ្រោះដោយសារមីន)។

លោកអភិបាលខេត្តកែប បានមានប្រសាសន៍ទៀតថា «ទោះបីជាខេត្តកែបជាខេត្តទី ១ អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រ ជួយដល់ខេត្តកែបលើវិស័យនេះ ជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម»។

នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋបាលខេត្តកែប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំ  ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលសម្រេច បានជាប្រវត្តិសាស្រ្ត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ដែលយើងបានដឹងឲ្យអស់ពីខេត្តកែប។

អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានទទួលនូវការអនុញ្ញាតពីសម្តេចតេជោនាយក រដ្ឋមន្រ្តី សម្រេចជ្រើសរើសយកខេត្តកែប ធ្វើការបោសសម្អាត និងរៀបចំប្រកាសជាខេត្ត ដែលអស់ មីនដំបូងគេបង្អស់ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ ប្រទេសន័រវេស្ស និងប្រទេសហុង គ្រី ដោយជ្រើសរើសយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។

ក្នុងនាមប្រជាជនខេត្តកែប ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់ សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាព ពេញលេញទូទាំងប្រទេស ក្រោមនយោបាយ ឈ្នះ-ឈ្នះ នៅចុងឆ្នាំ ១៩៩៨ ព្រមទាំងបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដោះស្រាយការគម្រាមកំហែង ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និង ប្រជាជននៃប្រទេសន័រវេស្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី និងមជ្ឈមណ្ឌលជាតិ ស៊ីម៉ាក់   ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីបញ្ចប់វត្តមានគ្រាប់មីន នៅក្នុងខេត្តកែបទាំងមូល។

លោកទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា កម្ពុជាបានកំណត់នូវវិសាលភាព និងទំហំផលប៉ះពាល់យ៉ាង ច្បាស់ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំងប្រទេស គិតត្រឹមឆ្នាំ ២០២១ កម្ពុជានៅ សល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះសរុបចំនួន ២០១៧ គីឡូម៉ែត្រក្រឡា។ ក្នុងនោះ ផ្ទៃដី មានមីន ៧៨៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាត្រូវបោសសម្អាត ឲ្យអស់ត្រឹមឆ្នាំ ២០២៥៕ 

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម