ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការជាផ្លូវការសាខាម៉ៅសេទុង ដែលជាសាខាទី ៣០ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២២។ ធនាគារ វឌ្ឍនៈ សាខាម៉ៅសេទុង មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ១២ ជាន់ ស្ថិតនៅអគារលេខ ២២៤ មហាវិថីម៉ៅសេទុង (ផ្លូវលេខ ២៤៥ ) ភូមិ ៦ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ លោកជំទាវ សំអាង លក្ខិណា នាយកមិនប្រតិបត្តិ លោកចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាម៉ៅសេទុង។
ធនាគារ វឌ្ឍនៈ សាខាម៉ៅសេទុង នឹងផ្តល់ជូននូវសេវាធនាគារសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រ អាជីវកម្ម និងអ្នករស់នៅក្នុងមូលដ្ឋាន។ សាខាម៉ៅសេទុង ក៏មានផ្តល់ និងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធើណិត និងប័ណ្ណ ក៏ដូចជាសេវាបង់ប្រាក់ពន្ធ-អាករ សេវាកម្មទូទាត់សេវាសាធារណៈ ជូនដល់អតិថិជនផងដែរ។ ធនាគារ វឌ្ឍនៈ ក៏មាន បញ្ជរបង់ប្រាក់ពន្ធ គ្រប់ប្រភេទ នៅក្នុងសាខាពន្ធដារមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២១ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ១២ ចំពោះសេវាធនាគារចល័ត សេវាកម្មអតិថិជនល្អបំផុត និងអភិបាលកិច្ចល្អបំផុត។
បុគ្គលិកទាំងអស់នៃ ធនាគារ វឌ្ឍនៈ សាខាម៉ៅសេទុង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីនៃការផ្តល់សេវាកម្មធនាគារដ៏ល្អឯក ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់។
ព័ត៌មានសង្ខេបអំពី ធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ ២០០២ ដោយ អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៨០០ នាក់ និង ៣០ សាខា ដែលក្នុងនោះ ១៣ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង ១៧ សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕