ព័ត៌មានជាតិ
កម្ពុជា និងហ្វ្រង់កូហ្វូនី ចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្នុងក្របខ័ណ្ឌ នៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើក នៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូង នៅអាស៊ីអាគ្នេយ៍ (MECA) និងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកស្រី Louise Mushikiwabo អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
នៅក្នុងអំឡុងពេល នៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី ក៏នឹងចូលរួមជាអធិបតី ជាមួយលោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្រ្តីកម្ពុជា។
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូង នៅអាស៊ីអាគ្នេយ៍នេះ ដែលសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហប្រតិបត្តិការថ្មី រវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន ផង នឹងផ្តោតសំខាន់ជាពិសេសទៅលើវិស័យចម្បងៗចំនួន៣ រួមមាន៖ វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម។ តួអង្គជាង ១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូន ជិត ៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិកាណ៍នេះ។
នៅក្នុងអំឡុងពេលស្នាក់ នៅរាជធានីភ្នំពេញ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញដាក់កម្រងផ្កា នៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូប ក្នុងចំណោមបិតាស្ថាបនិកនៃអង្គការ OIF៕
អត្ថបទ៖ កោះកែវ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


