ព័ត៌មានជាតិ
លោក ជា វ៉ាន់ដេត៖ ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជាស្របនិន្នាការវិវត្តន៍នៃបច្ចេកវិទ្យាពិភពលោក
ថ្លែងក្នុងពិធីបើកសន្និសីទស្តីពី«ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថា ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជាស្របតាមនិន្នាការវិវត្តន៍ នៃបច្ចេកវិទ្យាពិភពលោក។

បើតាមលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត គោលដៅសំខាន់នៃវេទិកា«ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា» គឺដើម្បីប្រមូលផ្តុំស្ថាប័នពាក់ព័ន្ធក្នុងវិស័យអប់រំសម្រាប់ចូលរួមផ្ដល់មតិយោបល់រៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាជំនាញ ICT ឡើងវិញស្របតាមតម្រូវការ និងនិន្នាការវិវត្តន៍នៃបច្ចេកវិទ្យាពិភពលោក។
លោករដ្ឋមន្ត្រីបន្តថា ការជំរុញអក្ខរកម្មឌីជីថលនឹងធ្វើឲ្យប្រសើរឡើងនៃការសិក្សាជំនាញឌីជីថល រួមទាំងជួយគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ធាតុចូលបន្ថែម លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ឆ្នាំ២០៣០។
គោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍វិស័យឌីជីថលឲ្យក្លាយជាកម្លាំងចលករជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីលើកកម្ពស់នវានុវត្តន៍ឧត្តមភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយម្ចាស់ការចីរភាព និងបរិយាបន្ន។

គួរជម្រាបថា សន្និសីទស្តីពី «ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា»នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាពលើការកសាងមូលធនមនុស្សឌីជីថល ដើម្បីស្វែងរក ដំណោះស្រាយ និងឧត្តមានុវត្តក្នុងការចូលរួមពង្រឹងគុណភាពបណ្ដុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


