Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ជន​រួមជាតិ វិលត្រឡប់​ទៅ​រក​ការអនុវត្ត​នូវ​វិធានការ​៣​កុំ និង​៣​ការពារ​ឡើងវិញ

បានផុស

នៅ

មានប្រសាសន៍​តាមរយៈ​សារ​ជា​សំឡេង​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​ជនរួមជាតិ​ទាំងអស់ វិលត្រឡប់​ទៅរក​ការអនុវត្ត​នូវ​វិធាន ការ​៣​កុំ និង​៣ ការពារ​ឡើងវិញ និង​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។

បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន រយៈ ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង បានចាប់ផ្ដើម​រីក​រាលដាល​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា​យើង បើ​ទោះ បី​ជាមាន​ចំនួន​មិន​ច្រើន​ក៏ដោយ ប៉ុន្តែ​ចំនួន​នេះ​បាន​រីក​រាល​ដែល​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​មួយចំនួន​រួចទៅហើយ តាមរយៈ​ការរកឃើញ​ដោយ​ម៉ាស៊ីន PCR នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្ដា​ខេត្ត​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ បើទោះបីជា​រាជរដ្ឋាភិបាល​មិនមាន​ការចាំបាច់​ណាមួយ ដើម្បី​បិទ​ទីក្រុង ទីប្រជុំជន បិទ​សាលារៀន ហាង​លក់ ទំនិញ​ក៏ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​មានការ​ចាំបាច់​អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់ បង្កើន​នូវ​វិធានការ​ការពារ​សុខភាព​ផ្ទាល់ខ្លួន តាមរយៈ​ការវិលត្រឡប់​ទៅរក​ការអនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​កុំ និង​៣​ការពារ​ឡើងវិញ​។

​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ដែរថា ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​ឆ្លង​រាលដាល​នៅ​កម្ពុជា​នាពេលនេះ គឺជា​ប្រភេទ​ជំងឺ​អូ​មេ​ក្រុង​ដែល​ឆ្លង​លឿន ឆ្លង​រហ័ស ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​គ្រប់​ទីកន្លែង​ទាំងអស់​ជាពិសេស​ត្រូវ​យកចិត្តទុកដាក់​នៅ​សាលារៀន សិស្សានុសិស្ស គ្រូបង្រៀន និង​នៅតាម​រោងចក្រ​សហគ្រាស ក៏ដូចជា​ទីប្រជុំជន​នានា​។

ជា​មួយ​នឹង​ការ​លើកឡើង​ខាងលើនេះ​ សម្ដេច​តេ​ជោ បាន​ទទូច​ឲ្យ​ជនរួមជាតិ​ទៅ​ទទួលយក​នូវ​វាក់​សាំង​ដូ​ស​ជំរុញ ពីព្រោះ​មានតែ​វាក់​សាង​ទេ ទើប​អាច​ជៀស​ផុតពី​មហន្តរាយ ដែល​អាច​កើត​ឡើងដល់​ជីវិត​មនុស្ស​។ សម្តេច​ថា បើទោះបីជា​រយៈពេល​ប្រមាណ​៩០​ថ្ងៃ​កន្លងមក​ពុំ​មាន​មនុស្ស​ស្លាប់​ក៏ដោយ តែ​វា​អាច​ត្រឡប់​ទៅ​រក​ការ​ស្លាប់​ឡើងវិញ ប្រសិនបើ​យើង​ធ្វេសប្រហែស​។

សម្ដេច​បាន​អះអាងថា ការឆ្លង​ជំងឺ​អូ​មី​ក្រុង​ដែល​មិន​ធ្ងន់ធ្ងរ​នេះ ដោយសារតែ​យើង​ទទួលយក​វ៉ាក់សាំង ហើយ​ប្រសិនបើ​យើង​មិន​ចាក់​វ៉ាក់សាំង​ទេ នឹង​អាចមាន​ឈានដល់​បាត់បង់​ជីវិត​ជាក់​ជាមិនខាន​៕

ដោយ ៖ កោះ​កែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម