ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងដាក់ឱ្យដំណើរការដោយឥតគិតថ្លៃមួយខែ ចាប់ពីខែតុលាតទៅ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ។ នេះបើតាមលោក ស៊ុន ចាន់ថុល ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅរសៀលថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២២។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ការសាងសង់ផ្លូវនេះសម្រេចបាន៩៥%ហើយ នៅសេសសល់តែការងារមួយចំនួនតូចតែប៉ុណ្ណោះដូចជា ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។
ទន្ទឹមនឹងនេះលោក ស៊ុន ចាន់ថុល លើកឡើងថា ក្រសួងបាន និងកំពុងរៀបចំស្ព័តណែនាំអំពីការប្រើ ប្រាស់ផ្លូវនេះឱ្យមានការយល់ដឹងច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយសារតែនេះ គឺជាផ្លូវល្បឿន លឿនលើកដំបូងរបស់កម្ពុជា។ លោកសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវនេះត្រូវបើកបរប្រកាន់ស្ដាំក្នុងករណីខ្លួនមិនចង់បើកលឿន និងមិនអាចបត់ត្រឡប់ ក្រោយបានទេ លុះត្រាតែធ្វើដំណើរចេញពីផ្លូវនៅចំណុចប្តូរទិស ទើបអាចបត់ត្រឡប់ក្រោយវិញបាន។

ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរក៏អាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ពេលធ្វើដំណើរចាកចេញច្រកណាមួយបុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។
ទាក់ទងនឹងតម្លៃធ្វើដំណើរ លោក ស៊ុន ចាន់ថុល បានទាញចំណាប់អារម្មណ៍ពលរដ្ឋ ទៅឈ្វេងយល់អំពីតម្លៃនៅក្រៅប្រទេសជាមុនសិន ដោយលោកលើកឡើងថា គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លាអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

ជុំវិញការប្រើប្រាស់ល្បឿនធ្វើដំណើរ តាមគម្រោងអាចបើកបរបាន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយសារផ្លូវនេះសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។អ្នកបើកបរត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់