Connect with us

ព័ត៌មានជាតិ

អ្នកវិភាគសង្គម៖ យុវជនខ្មែរ គួរឈប់ផលិតវីដេអូបំពុលសង្គម តែងាកមកផលិតវីដេអូអប់រំឲ្យបានច្រើនវិញ

បានផុស

នៅ

ពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាមានការលេចចេញនូវវីដេអូមួយចំនួនដែលមានការសម្តែងបែបអាស​អា​ភាស និងអសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរ និងតម្លៃស្រ្តី។ មួយរយៈចុងក្រោយនេះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅក្រុមអ្នកផលិតវីដេអូទាំងនោះ មកអប់រំ ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈចំពោះវីឌីអូសម្តែងបែបបំពុលសង្គមរបស់ពួកគេ។ អ្នកវិភាគសង្គមកម្ពុជា បានជំរុញឲ្យបញ្ឈប់ការផលិតវីដេអូបែបនេះតទៅទៀត ដោយជំនួសមកវិញនូវផលិតជាវីដេអូអប់រំដែលមានប្រយោជន៍ដល់សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រាល់ការសម្តែង គឺចាត់ទុកជាសិល្បៈ និងជាផ្នែកមួយនៃវប្បធម៌។ ប៉ុន្តែ ការសម្តែងខ្លះ មិនថា វីដេអូចម្រៀង របាំ ឬជារឿងអប់រំខ្លីៗទេ ត្រូវតែស្របជាមួយនិយាមវប្បធម៌ សីលធម៌សង្គមខ្មែរ និងធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង គឺរាល់ការសម្តែងដែលមានលក្ខណៈមិនសមរម្យ អាសអាភាស បំពុលសង្គម ខូចវប្បធម៌ នោះ អ្នកគាំទ្រលើបណ្តាញសង្គម មហាជន ស្ថាប័នជំនាញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិសេស គឺអាជ្ញាធរ ពិតជាមានប្រតិតកម្មទៅលើសកម្មភាពទាំងនោះ។ សមត្ថកិច្ច មានសិទ្ធកោះហៅក្រុមសម្តែងណាដែលបញ្ចេញសកម្មភាពមិនល្អមកអប់រំ ណែនាំ ឬចុះកិច្ចសន្យាឈប់សម្តែងបែបអសីលធម៌បន្តទៀត ហើយករណីខ្លះ អាចឈានដល់ការឲ្យចេញមុខសុំទោសជាសាធារណៈ។ ប៉ុន្តែ ក្នុងលក្ខខណ្ឌ ដែលក្រុមសម្តែងខ្លះ មិនបានមើលការអប់រំ ណែនាំពីអាជ្ញាធរ កំហុសនឹងអាចកើតមានឡើងទៀត។

ម្យ៉ាងវិញទៀត អ្នកដែលរកស៊ីតាមOnline ចង់បានគេស្គាល់ច្រើន ចង់ល្បី ដើម្បីការលក់មានភាពល្អប្រ​សើរ មិនគួរធ្វើអ្វីផ្តេសផ្តាស នាំឲ្យបំពុលសង្គមទេ។ កាលពីពេលថ្មីៗកន្លងទៅនេះ មានទូរទស្សន៍ថៃមួយ បានយកវីដេអូស៊ីស្បែកជើងទៅចុះផ្សាយ វាអាចប៉ះពាល់ជ្រុងណាមួយ ប៉ុន្តែ វាមិនអាចប៉ះពាល់លើវប្បធម៌ខ្មែរទាំងអស់នោះទេ។ ដូច្នេះ រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ គួរតែបង្កើនការអប់រំឲ្យយល់ដឹងអំពីការផលិតវីដេអូខ្លីៗ កុំឲ្យសីលធម៌សង្គម និងវប្បធម៌ ត្រូវបានបំផ្លាញដោយសារពួកគេ។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង។

ចំណែក លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមវិញ បានអះអាងថា បណ្តាញសង្គមហ្វេសប៊ុក អាចជាអាវុធមុខពីរ ប្រសិនបើការផ្សព្វផ្សាយការអប់រំ ការកម្សាន្ត ព័ត៌មានពិត ប្រកប​ដោយសីលធម៌ នោះសង្គមខ្មែរ ក៏ទទួលបានផលវិជ្ជមាន។ ប៉ុន្តែ ប្រសិនបើការផ្សព្វផ្សាយនូវអ្វីដែលប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬសង្គមជាតិ នោះ វានឹងជះឥទ្ធិពលមិនល្អ អាចបង្កឲ្យមានការយល់ច្រឡំពីសាធារណជន និងការមើលងាយពីប្រទេសជិតខាងមកលើប្រទេសកម្ពុជា និងនាំឲ្យខូចច្បាប់ទម្លាប់។

ដូច្នេះហើយ លោកបណ្ឌិត ប៉ា ច័ន្ទរឿន ចង់ឲ្យក្រុមសម្តែងមួយចំនួនបញ្ឈប់ធ្វើវីដេអូឆ្កួតៗតទៅទៀត ដែលនាំឲ្យប៉ះពាល់ និងបំពុលសង្គម ហើយដើរហួសពីក្រមសីលធម៌ វប្បធម៌ សុជីវធម៌ ច្បាប់ប្រទេសជាតិដែលបានចែង ដោយគ្រាន់តែចង់បានផលប្រយ៉ោជន៍ផ្ទាល់ខ្លួននោះ។ រីឯ លោកបណ្ឌិត ឈត ប៊ុនថង វិញ បានលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយបន្តសកម្មភាពច្នៃប្រឌិត ដើម្បីផលិតជាវីដេអូអប់រំជាបន្តទៀត តែត្រូវប្រើប្រាស់ចំណេះដឹងទាំងនោះឲ្យមានប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ៕

ដោយ ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម