ព័ត៌មានជាតិ
តើលោក សុខ សង្វារ កូនប្រុសពៅសម្ដេច សុខ អាន បញ្ចប់ការសិក្សានៅប្រទេសណាខ្លះ?
លោក សុខ សង្វារ គឺជាកូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ថេង អាយអាន្នី។ លោក ជាបញ្ញាវន្តខ្មែរមួយរូប ដែលទទួលការសិក្សាអប់រំនៅក្រៅប្រទេសតាំងពីកុមារភាព។ ក្រៅពីនេះ លោក ក៏ធ្លាប់ឆ្លងកាត់ការងារជាច្រើនផងដែរទាំងក្នុង និងក្រៅប្រទេស។
តើលោក សុខ សង្វារ ឆ្លងកាត់ការសិក្សានៅប្រទេសណាខ្លះ? ហើយមានបទពិសោធការងារអ្វីខ្លះ? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលម្អិតប្រវត្តិសិក្សា និងបទពិសោធការងាររបស់លោក ដូចខាងក្រោម៖

លោក សុខ សង្វារ កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោក សុខ សង្វារ ត្រូវបានក្រុមគ្រួសារជញ្ជូនទៅរៀននៅប្រទេសបារាំង នៅឆ្នាំ១៩៩៨ ដែលកាលណោះ លោកទើបតែមានវ័យ ១១ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេលស្នាក់នៅ និងរៀនសូត្រនៅប្រទេសបារាំងនេះ លោកបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅអនុវិទ្យាល័យ ឡឺសឺគ្រៃ (LE SEGRAIS) ទីក្រុងម៉ានឡាវ៉ាឡេ នៅឆ្នាំ២០០២ និងបញ្ចប់សញ្ញាបត្រមធ្យមទុតិយភូមិ ផ្នែកសេដ្ឋកិច្ច និងសង្គម ពីវិទ្យាល័យ ស្តានីសឡាស (STANISLAS) ទីក្រុងប៉ារីស នៅឆ្នាំ២០០៥ ដោយទទួលបាននិទ្ទេសកត្តិយស។
នៅខែកក្កដា ឆ្នាំ២០០៥ លោក សុខ សង្វារ បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសស្វីស ដោយនៅឆ្នាំ២០០៨ លោក ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានឧត្តមសិក្សា គ្លីយុង (GLION) ទីក្រុងប៊ូឡល ដែលមានជ័យលាភីស្រាវជ្រាវល្អបំផុត។ នៅឆ្នាំ២០១២-២០១៣ លោក ក៏សម្រេចបន្តសិក្សាយកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសិល្បៈសេរីនៃបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន នៅសាកលវិទ្យា ល័យជាតិអូស្ត្រាលី រដ្ឋធានីកង់បេរ៉ា។ ចំពោះជំនាញភាសាបរទេស គឺលោក ចេះភាសាបារាំង អង់គ្លេស យ៉ាងស្ទាត់ និងភាសាអេស្ប៉ាញ តិចតួច។

សម្រាប់បទពិសោធការងារវិញ លោក សុខ សង្វារ ធ្លាប់បម្រើការងារនៅក្នុងសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយនៅឆ្នាំ២០០៦ បម្រើការងារនៅសណ្ឋាគារ RAFFLES ប្រទេសសឹង្ហបុរី និងនៅឆ្នាំ២០០៧ ផ្លាស់ប្ដូរទៅបម្រើការនៅសណ្ឋាគារ GRAND HYATT ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ក្រោយវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ ២០០៨ គឺលោក សុខ សង្វារ ក៏ត្រូវបានតែងតាំងតួនាទីជាបន្តបន្ទាប់នៅក្នុងកិច្ចការរដ្ឋ ដូចជា៖
- ឆ្នាំ២០០៩-២០១៣ ជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍
- ឆ្នាំ២០១៣-២០២០ ជាប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍អង្គរ
- ឆ្នាំ២០១៥-២០២០ កាន់តំណែងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា
- ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុកការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍ក្រៅប្រទេស។
ក្រៅពីនេះ លោក សុខ សង្វារ ក៏បានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អង្គរ ហៅកាត់ថា ICC Angkor និងមូនិធិបូជនីយដ្ឋានពិភពលោក ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ សម្រាប់ការងារយុវជន និងសង្គម លោក គឺជាសមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណៈស្នងការកាយរឹទ្ធជាតិកម្ពុជា៕

ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


